យល់ដឹង៖សម្រាប់មនុស្សមួយចំនួន សង្សារចាស់គ្រាន់តែជាមនុស្សដែលធ្លាប់ឆ្លងកាត់ពេលវេលាល្អៗមកជាមួយគ្នាតែប៉ុណ្ណោះ បើទោះបីជាបែកគ្នាហើយ ក៏នៅតែអាចបន្តរាប់អានគ្នាជាមិត្ត ឬជាអ្នកស្គាល់គ្នាបាន ប៉ុន្តែមនុស្សខ្លះទៀត បែកគ្នាយូរឆ្នាំហើយក៏ដោយ ក៏នៅតែមិនអាចកាត់ផ្តាច់ពីគ្នាបានដោយងាយ។
ចំពោះមនុស្សដែលមិនទាន់កាត់ចិត្តពីសង្សារចាស់បានដាច់ស្រេចវាអាចនឹងពិបាកទទួល នៅពេលដែលលឺដំណឹងថាសង្សារចាស់ជិតចូលរោងការ ហើយអ្វីដែលរឹតតែពិបាកទទួលនោះគឺសង្សារចាស់ហៅទៅចូលរួមមង្គលការទៀត ដូច្នេះវាអាចនឹងលេចចេញនូវសំនួរមួយដែលសួរខ្លួនឯងថាសង្សារចាស់ហៅការបែបនេះ តើគួរតែទៅ ឬគេចវេសមិនទៅ?
ចម្លើយដែលស័ក្កសមសម្រាប់មនុស្សគ្រប់គ្នានោះ គឺទៅក៏បានមិនទៅក៏បាន តែបើអ្នកទំនេរ ឬគ្មានអារម្មណ៍អ្វីទេនោះ អ្នកគួរតែទៅដើម្បីទុកជាការាប់អានគេហៅអ្នកក៏ព្រោះតែចង់បន្តរាប់អានអ្នកជាមិត្ត។ ចំណែកឯចម្លើយដែលថាមិនទៅក៏បាននោះគឺប្រសិនបើអ្នកនៅតែមានអារម្មណ៍មិនល្អ ឬទៅគ្រាន់តែដើម្បីចង់បញ្ឈឺចិត្តគេ ឱ្យឃើញថាអ្នកស្អាតនិងសង្ហារជាងកូនក្រមុំ ឬកូនកម្លោះនោះ មិនចាំបាច់ទៅគឺល្អបំផុត អ្នកគ្រាន់តែផ្ញើចំណងដៃជាការស្រេច ដើម្បីកុំឱ្យមានបញ្ហាដល់គេក៏ដូចជាអ្នកខ្លួនឯង។
ដូច្នេះហើយចំណុចទាំងអស់នេះ ដែលអ្នករាល់គ្នាគួរតែត្រៀមខ្លួនទុកមុន នៅពេលដែលសង្សារចាស់ហៅទៅចូលរួមមង្គលការដើម្បីកុំឱ្យទៅចូលរួមហើយ ធ្វើឱ្យថ្ងៃមង្គលការគេ ក្លាយទៅជាថ្ងៃអពមង្គលម្យ៉ាងវាក៏ជាការរក្សានូវកិត្តិយសរបស់យើងផងដែរ ព្រោះថាអ្នកខ្លះ ពេលដែលទៅចូលរួមមង្គលការសង្សារចាស់ ទាំងចិត្តនៅស្រលាញ់ រួចក៏បង្កទៅជាបញ្ហាដែលនឹកស្មានមិនដល់ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯង។
ជារួមមកការទៅចូលរួមមង្គលការសង្សារចាស់ឬក៏អត់ វាមិនសំខាន់ទេ ព្រោះអ្នកគ្មានអ្វីដែលជាប់ពាក់ព័ន្ធនឹងគេនោះទេអ្នកគ្រាន់តែជាមនុស្សដែលធ្លាប់ឆ្លងកាត់ពេលវេលាមកជាមួយគ្នា ហើយគេក៏ចង់រាប់អានអ្នក ទើបហៅការអ្នកតែបើអ្នកមានអារម្មណ៍មិនល្អ មិនចង់បន្តរាប់អាន វាជាសិទ្ធរបស់អ្នកក្នុងការសម្រេចចិត្តតែអ្នកត្រូវតែគិតពីខ្លួនឯង និងរក្សាតម្លៃខ្លួនឯងជានិច្ច៕