យល់ដឹង៖ មនុស្សយើងម្នាក់ៗកើតមក គឺគ្មាននរណាម្នាក់ចង់ឱ្យខ្លួនឯង ត្រូវបានគេស្អប់នោះទេ ហេតុនេះហើយ បានជាមនុស្សយើងម្នាក់ៗ ត្រូវតែព្យាយាមធ្វើអំពើល្អឱ្យបានច្រើនជាមួយនឹងមនុស្សជុំវិញខ្លួន បើមិនអញ្ចឹងទេ ច្បាស់ជាគ្មានអ្នករាប់រកជាមិនខាន។
វាជាការពិត នៅលើលោកនេះគ្មាននរណាម្នាក់សប្បាយចិត្ត នឹងត្រូវបានមនុស្សគ្រប់គ្នាស្អប់ និងមិនចង់រាប់រកនោះទេ ដូច្នេះហើយបើមិនចង់ត្រូវបានគេស្អប់ និងមិនចង់រាប់រកទេនោះ យើងទាំងអស់គ្នាមិនត្រូវធ្វើខ្លួនឱ្យស្ថិតនៅក្នុងប្រភេទមនុស្ស ដែលបានរៀបរាប់នៅខាងក្រោមនេះទេ។
បើមិនចង់ឱ្យគេស្អប់និងគ្មានមនុស្សរាប់រកទេនោះ កុំធ្វើជាប្រភេទមនុស្សទាំងនេះឱ្យសោះ៖
១. មនុស្សចាំតែចាប់កំហុស និងជាន់ពន្លិចគេ
បើមិនចង់ត្រូវបានមនុស្សគ្រប់គ្នាស្អប់និងមិនចង់រាប់រកទេនោះ ដាច់ខាតកុំធ្វើជាមនុស្ស ដែលចាំតែចាប់កំហុស និងរិះគន់ដោយជាន់ពន្លិចគេ ហើយធ្វើឱ្យគេរងទុក្ខវេទនាឱ្យសោះ ព្រោះការដែលចាំតែចាប់កំហុសគេ ហើយថែមទាំងជាន់ពន្លិចគេនោះ វាបានបង្ហាញពីចិត្តខាងក្នុងរបស់អ្នក ដែលធ្វើឱ្យមនុស្សគ្រប់គ្នាកាន់តែស្អប់អ្នកហើយមិនចង់រាប់រកមនុស្សដូចជាអ្នកទៀតផង។
២.មនុស្សច្រណែនឈ្នានីស
នៅក្នុងសង្គមសព្វថ្ងៃនេះគ្មាននរណាម្នាក់ចង់នៅក្បែរ និងរាប់អានមនុស្សដែលចេះមានចិត្ត ច្រណែនឈ្នានីសនឹងភាពជោគជ័យ របស់អ្នកដទៃនោះទេព្រោះមនុស្សប្រភេទនេះ គឺមិនត្រឹមតែធ្វើឱ្យមនុស្សនៅក្បែរ មិនទទួលបានភាពរីកចម្រើននៅក្នុងជីវិតទេតែវាក៏បានធ្វើឱ្យមនុស្សដែលនៅក្បែរ ជួបតែភាពក្តៅក្រហាយផងដែរ។
៣. មនុស្សដែលចូលចិត្តស៊ីខ្សែលើអ្នកដទៃ
បើមិនចង់ត្រូវបានគេស្អប់និងគ្មានមនុស្សចង់រាប់រកអ្នកទេនោះ កុំធ្វើជាមនុស្សដែលស៊ីខ្សែលើអ្នកដទៃឱ្យសោះព្រោះវាបានបង្ហាញពីភាពមិនស្មោះត្រង់របស់អ្នក ដែលជាហេតុធ្វើឱ្យមនុស្សនៅក្នុងសង្គមមិនចង់ធ្វើការ និងមានទំនាក់ទំនងជាមួយនឹងអ្នកឡើយ ព្រោះប្រភេទមនុស្សនេះ ទោះទៅដល់ទីណា ក៏ធ្វើឱ្យគេឯងជួបបញ្ហា មិនចេះអស់ដែរ។
៤. មនុស្សចិត្តចង្អៀត
អ្នកទាំងអស់គ្នាត្រូវចងចាំថាបើអ្នកជាមនុស្សដែលមានចិត្តចង្អៀត ទោះអ្នកទៅដល់ទីណា ក៏គ្មានមនុស្សចាំស្វាគមន៍អ្នកដែរហេតុនេះហើយ បើមិនចង់ត្រូវបានគេឯងស្អប់ និងមិនចង់រាប់រកទេនោះ អ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលធ្វើអំពើល្អជាមួយនឹងមនុស្សជុំវិញខ្លួនឱ្យបានច្រើននោះមិនថាអ្នក ទៅដល់ទីណានោះទេ អ្នកនឹងមិនខ្វះមនុស្សចាំស្វាគមន៍ និងស្រលាញ់រាប់អានអ្នកឡើយ៕
ប្រភព៖ businessinsider