យល់ដឹង៖នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ មិនថាមានបញ្ហាតូច ឬធំប៉ុណ្ណានោះទេមនុស្សពីរនាក់ ត្រូវតែមានការពិភាក្សា និងការវែកញែកជាមួយគ្នា ឱ្យបានច្បាស់លាស់និងជៀសវាងពី ការព្រងើយកន្តើយដាក់គ្នា ព្រោះប្រសិនបើទំនាក់ទំនងប្តីប្រពន្ធមានការព្រងើយកន្តើយ ដាក់គ្នាហើយនោះ វាក៏ជាបញ្ហាដ៏ធំមួយដែលអាចប៉ះពាល់ ទៅដល់ទំនាក់ទំនងប្តីប្រពន្ធ ជាខ្លាំងផងដែរ។
ជាងនេះទៅទៀតអ្វីដែលមនុស្សស្រី ខ្វល់ចិត្តជាខ្លាំងនោះ គឺនៅពេលដែលប្តីរបស់ពួកគេ ចាប់ផ្តើមមានការព្រងើយកន្តើយដាក់ពួកគេប៉ុន្តែប្រសិនបើប្តី របស់អ្នកទាំងអស់គ្នា មានការព្រងើយកន្តើយ ដាក់អ្នកពិតមែននោះគន្លឹះខាងក្រោមនេះហើយ ដែលអាចជួយអ្នកបាន ក្នុងការយកមកដោះស្រាយបញ្ហានេះ។
គន្លឹះទាំងនេះដែលមនុស្សស្រីឆ្លាត តែងតែងយកមកដោះស្រាយ នៅពេលដែលប្តីមាន ការព្រងើយកន្តើយដាក់៖
១. បញ្ចេញអាការៈធម្មតាធ្វើដូចគ្មានអ្វីកើតឡើង
នៅក្នុងជីវិតនេះក្រៅពីស្នេហា និងជីវិតអាពាហ៍ពិពាហ៍ យើងមានរឿងជាច្រើនណាស់ ដែលត្រូវព្រួយបារម្ភជាពិសេស មនុស្សប្រុសគឺពួកគេ តែងតែព្រួយបារម្ភជានិច្ច អំពីកេរ្តិ៍ឈ្មោះនិងការងាររបស់ពួកគេ ទើបពួកគេមានសមត្ថភាព អាចក្លាយទៅជាមេគ្រួសារនិងជាបង្គោលដ៏រឹងមាំមួយបាន សម្រាប់ក្រុមគ្រួសារ។ ហេតុនេះហើយ ប្រសិនបើប្តីរបស់អ្នកតែងតែរវល់ មិនសូវមាន ពេលវេលាឱ្យប្រពន្ធកូននោះ ក្នុងនាមជាប្រពន្ធ អ្នកត្រូវព្យាយាមយល់ពីពួកគេជៀសវាងក្នុងការដាក់សម្ពាធ ឱ្យប្តីរបស់អ្នក។ ព្រោះប្រសិនបើអ្នក ដាក់សម្ពាធបន្ថែម បញ្ហានឹងកើតមានឡើង នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធ អ្នកជាមិនខាន។ ម្យ៉ាងវិញ មានតែការបញ្ចេញអាការៈធម្មតា ធ្វើដូចគ្មានរឿងអ្វី កើតឡើងនេះទេ ទើបអាចឱ្យអ្នករស់នៅក្នុង ភាពសុខសាន្ត ជាមួយគ្នាបាន។
២. ធ្វើជាសួរដោយការយកចិត្តទុកដាក់ហើយក៏រក្សាភាពស្ងៀមស្ងាត់
មនុស្សប្រុសភាគច្រើនកម្រនឹងបញ្ចេញ អារម្មណ៍របស់ខ្លួនឯង ចេញមកខាងក្រៅខ្លាំងណាស់បើទោះបីជាពួកគេជួបបញ្ហា នៅខាងក្រៅស្មុគស្មាញ យ៉ាងណាក៏ដោយ ក៏ពួកគេមិនដែលបង្ហាញ ឱ្យប្រពន្ធពួកគេបានដឹងឡើយ។ ប៉ុន្តែប្រសិនបើ ប្រពន្ធមកសួរនាំ បូករួមទាំងបង្ហាញការព្រួយបារម្ភ និងស្តាប់នូវអ្វីដែលពួកគេនិយាយ ដោយមិនសួរនាំច្រើន បន្ថែមទៀតនោះ។ វាគឺជាអ្វីដែលធ្វើឱ្យប្តីរបស់អ្នក មានអារម្មណ៍ថាធូរស្រាលជាខ្លាំង ទោះបីជាពួកគេ ទទួលរងសម្ពាធពី ខាងក្រៅខ្លាំងប៉ុណ្ណាក៏ដោយពេលនោះហើយ ដែលការព្រងើយកន្តើយ របស់ពួកគេក៏អាចកាត់បន្ថយចំពោះ អ្នកដែរ។
៣.ទុកពេលវេលាសម្រាប់ខ្លួនឯង
ជំនួសឱ្យការអន់ចិត្តនិងសោកសៅ ដោយសារតែប្តីព្រងើយកន្តើយដាក់ មនុស្សស្រីគួរតែយក ពេលវេលានោះ មកយកចិត្តទុកដាក់ ជាមួយខ្លួនឯង និងស្រលាញ់ខ្លួនឯង ឱ្យបានច្រើន ជាពិសេសធ្វើអ្វី ដែលមានក្តីសុខ សម្រាប់ខ្លួនឯង។ ដូចជាការដើរផ្សារ ឬចេញទៅខាងក្រៅ ជាមួយមិត្តភក្តិជាដើម។ ជាងនេះទៅទៀតវាកាន់តែធ្វើឱ្យអ្នក កាន់តែស្រលាញ់ខ្លួនឯង និងមិនធ្វើឱ្យខ្លួនឯង មានការគិតច្រើនទៀតផង ហើយអ្វីៗក៏មាន ភាពល្អប្រសើរឡើងវិញ នៅក្នុងទំនាក់ទំនង រវាងប្តីប្រពន្ធអ្នកផងដែរ៕
ប្រភព៖ phunutoday