យល់ដឹង៖មនុស្សស្រីបន្ទាប់ពី រៀបការហើយ អ្វីដែលត្រូវប្រឈមមុខនោះ គឺគ្រួសារខាងប្តីជាពិសេសជាមួយ នឹងម្តាយក្មេក លើសពីនេះ ប្រសិនបើម្តាយក្មេករបស់ពួកគេ មិនសូវពេញចិត្តនឹង ពួកគេទៀតនោះ គឺវាពិតជាពិបាកខ្លាំងណាស់ ក្នុងការប្រឈមមុខទៅនឹង ការរស់នៅដោយ មិនចុះសម្រុងគ្នា។
វាជាការពិតប្រសិនបើម្តាយក្មេក និងកូនប្រសារមិនត្រូវរ៉ូវគ្នាទេនោះ ទំនាក់ទំនងប្តីប្រពន្ធក៏មិនសូវល្អប៉ុន្មានដែរ។ ដូច្នេះហើយ ក្នុងនាមយើងជាកូនប្រសារ យើងត្រូវតែរកវិធីសាស្ត្រក្នុងការយកឈ្នះ ចិត្តម្តាយក្មេកឱ្យបាន នោះទំនាក់ទំនង នៅក្នុងគ្រួសារទាំងមូលនិងពោរពេញដោយក្តីសុខ ជាមិនខាន។
វីធីសាស្ត្រ៣យ៉ាង ក្នុងការយកឈ្នះចិត្តម្តាយក្មេក ដែលមិនពេញចិត្តយើង៖
១. តែងតែនិយាយល្អពីកូនប្រុសរបស់គាត់
នៅលើកលោកនេះ អ្នកណាៗក៏ស្រលាញ់ កូនរបស់ខ្លួនឯងដែរ ហើយរឹតតែសប្បាយចិត្ត នៅពេលដែលលឺនរណាម្នាក់ និយាយល្អពីកូនប្រុសរបស់ខ្លួន ដូច្នេះហើយប្រសិនបើអ្នក ចង់ឱ្យទំនាក់ទំនងអ្នក និងម្តាយក្មេករបស់អ្នកមានការចុះសម្រុងគ្នា បានយ៉ាងល្អនោះ អ្នកគួរតែព្យាយាម និយាយអ្វីដែលល្អៗ ពីកូនប្រុសរបស់ គាត់ឱ្យបានច្រើន នោះគាត់នឹងមាន អារម្មណ៍ល្អជាមួយអ្នក។
២. ធ្វើជាកូនប្រសារស្រីដែលឧស្សាហ៍ព្យាយាម
មិនថាម្តាយក្មេករបស់អ្នក មិនពេញចិត្តនឹងអ្នក នៅត្រង់ចំណុចណាមួយនោះទេ ថ្ងៃណាមួយ ពួកគាត់ច្បាស់ជាមើលឃើញពីចំណុចល្អ របស់អ្នកជាមិនខាន ប្រសិនបើអ្នក តែងតែព្យាយាម បង្ហាញនូវចំណុចល្អរបស់អ្នក ឱ្យគាត់បានឃើញដូចជាអ្នកតែងតែ ព្យាយាមធ្វើកិច្ចការផ្ទះ ឱ្យបានស្អាត និងរៀបរយ ឬពូកែក្នុងការចម្អិនអាហារជាដើម នោះគាត់ច្បាស់ជា ចិត្តទន់ជាមួយនឹងអ្នក ជាមិនខាន។
៣. យកចិត្តទុកដាក់លើគាត់ឱ្យដូចជាម្តាយបង្កើត
មនុស្សចាស់គ្រប់រូបនៅពេលដែលចាស់ទៅ អ្វីដែលពួកគាត់ត្រូវការនោះ គឺការយកចិត្ត ទុកដាក់ពីកូនចៅដូច្នេះហើយ អ្នកគួរតែ យកចិត្តទុកដាក់ ទៅលើម្តាយក្មេករបស់អ្នក ឱ្យបានច្រើនឱ្យដូចជាម្តាយបង្កើតរបស់អ្នក លើសពីនេះ អ្នកគួរតែសួរនាំ ពីរឿងសុខភាពរបស់គាត់ ឱ្យបានញឹកញាប់ព្រោះថា ការធ្វើបែបនេះ វានឹងបង្ហាញឱ្យគាត់ឃើញថាអ្នកពិតជាយកចិត្តទុកដាក់ ជាមួយនឹងគាត់ខ្លាំងណាស់ ដែលជាហេតុធ្វើឱ្យគាត់ចិត្តទន់ ស្រលាញ់អ្នកដូចជា កូនស្រីបង្កើតអញ្ចឹង ជាងនេះទៅទៀត អ្នកក៏ទទួលបានគ្រួសារមួយ យ៉ាងមានសុភមង្គល ផងដែរ៕