យល់ដឹង៖ ប្រុសៗកុំគិតថាទាល់តែខ្លួនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទើបអាចឱ្យមនុស្សស្រីងាកមកស្រលាញ់វិញនោះ ព្រោះមនុស្សស្រីមិនមែនជាមនុស្សមុខលុយ ដូចដែលមនុស្សប្រុសមួយចំនួនបានគិតនោះទេហើយការដែលមនុស្សស្រីជ្រើសរើសមនុស្សប្រុសណាម្នាក់ យកមកធ្វើជាគូអនាគត គេក៏មិនមែនចេះសម្លឹងមើលទៅលើលុយរបស់មនុស្សប្រុសដែរ។
ដូច្នេះហើយបើចង់ឱ្យមនុស្សស្រីដែលខ្លួនចាប់អារម្មណ៍ ងាកមកចាប់អារម្មណ៍វិញ ហើយហ៊ានដាក់ចិត្តដាក់កាយនិងប្រគល់អនាគតគេមកឱ្យអ្នកនោះ អ្នកត្រូវធ្វើខ្លួនឱ្យមានលក្ខណៈសម្បត្តិល្អជាមុនសិនទើបមនុស្សស្រីគេហ៊ានប្រគល់សេចក្តីសុខ និងអនាគតគេឱ្យអ្នកបាន តែបើអត់មានហើយនោះកុំបន្ទោសមនុស្សស្រីថាស្រលាញ់តែលុយអី ព្រោះលក្ខណៈសម្បត្តិរបស់មនុស្សប្រុសទាំងនេះអាចបង្ហាញពីសមត្ថភាព ក្នុងការអាចមើលថែមនុស្សស្រីម្នាក់បានយ៉ាងល្អ។
ប្រុសៗ ឱ្យតែមានលក្ខណៈសម្បត្តិ៣នេះមនុស្សស្រីណាក៏ហ៊ានប្រគល់អនាគតឱ្យដែរ៖
១. មានគោលដៅជីវិតច្បាស់លាស់
គ្មានមនុស្សស្រីណាម្នាក់ហ៊ានប្រគល់សេចក្តីសុខ និងអនាគតរបស់ខ្លួន ឱ្យទៅមនុស្សប្រុសដើរតែលតោល និងគ្មានគោលដៅជីវិតច្បាស់លាស់នោះទេ។ ម្យ៉ាងវិញទៀត បើទោះបីជាអ្នកមិនទាន់បានសម្រេចនូវកិច្ចការណាមួយយ បានធំដុំក៏ដោយ ឱ្យតែអ្នកមានផែនការជីវិតច្បាស់លាស់នោះមនុស្សស្រីណាក៏ហ៊ានព្រមប្រគល់ក្តីសុខ និងអនាគតគេមកឱ្យអ្នក ដោយមិនស្ទាក់ស្ទើរដែរ។
២. មានចំណេះដឹង និងជំនាញពិតប្រាកដ
មនុស្សស្រីគ្រប់រូបសុទ្ធតែបានដឹងហើយថាចំណេះដឹង និងជំនាញអ្វីមួយយ៉ាងពិតប្រាកដ បើទោះបីមិនបាន១០០ភាគរយពេញដែលអាចធ្វើឱ្យពួកគេ ក្លាយទៅជាមហាសេដ្ឋីក៏ពិតមែន ប៉ុន្តែយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យមនុស្សស្រីមិនចាំបាច់ត្រូវបារម្ភអំពីការខ្វះខាតទៅថ្ងៃអនាគតដែរ ព្រោះនៅពេលដែលមនុស្សប្រុស មានជំនាញមួយច្បាស់លាស់ ថ្ងៃអនាគតទៅ នឹងមិនពិបាកនឹងរកលុយ ដើម្បីយកមកផ្គត់ផ្គង់នៅក្នុងគ្រួសារនោះទេ។
៣. មានអត្តចរិតល្អ
អត្តចរិតល្អរបស់មនុស្សប្រុសវាគឺជាចំណុចមួយដែលមិនអាចខ្វះបាន ហើយក៏ជារបស់មួយ ដែលអាចធានាបានថានៅពេលដែលក្លាយទៅជាប្តីប្រពន្ធនឹងគ្នាហើយគឺអាចរួមរស់ជាមួយគ្នាដោយមានសុភមង្គល និងមានភាពថ្លៃថ្នូរ ម្យ៉ាងមនុស្សប្រុសដែលមានអត្តចរិតល្អ ចេះគោរពឱ្យតម្លៃមនុស្សជុំវិញខ្លួន មានសម្តីពិរោះស្តាប់ និងមានការដឹងខុស ដឹងត្រូវច្រើន គឺសុទ្ធសឹងតែជាអ្វី ដែលអាចឱ្យមនុស្សស្រីទុកចិត្ត ក្នុងការប្រគល់អនាគតទៅឱ្យអ្នកបាន៕