យល់ដឹង៖ នៅក្នុងទំនាក់ទំនងរវាងប្តីប្រពន្ធការប្រើប្រាស់ពាក្យសម្តីរវាងគ្នា វាក៏ជារឿងដ៏សំខាន់ខ្លាំងបំផុត ដែលមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នា ត្រូវយកចិត្តទុក និងមានការចេះប្រុងប្រយ័ត្នឱ្យបានខ្ពស់មុននឹងពោលពាក្យសម្តីអ្វីមួយដាក់គ្នា ព្រោះថារាល់ពាក្យសម្តីគ្រប់ម៉ាត់ដែលនិយាយចេញមក វាអាចធ្វើឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធ ងាយនឹងមានបញ្ហារវាងគ្នាខ្លាំងណាស់។
ដូច្នេះហើយប្រសិនបើមិនឱ្យចង់ឱ្យទំនាក់ទំនងរវាងប្តីប្រពន្ធអ្នកទាំងពីរ មានបញ្ហានឹងគ្នាដោយសារតែការប្រើប្រាស់ពាក្យសម្តីទេនោះត្រូវចេះប្រុងប្រយ័ត្នមុននឹងនិយាយអ្វីមួយចេញមក ជាងនេះទៅទៀត បើចង់ឱ្យទំនាក់ទំនងប្តីប្រពន្ធឬជីវិតអាពាហ៍ពិពាហ៍មានភាពរលូនទៅមុខ ប្តីប្រពន្ធត្រូវចេះប្រើប្រាស់ពាក្យសម្តី ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបប្តីប្រពន្ធអាចរួមរស់នៅជាមួយគ្នាដោយគ្មានបញ្ហា។
ជីវិតអាពាហ៍ពិពាហ៍នឹងរលូនប្រសិនបើប្តីប្រពន្ធចេះប្រើប្រាស់ពាក្យសម្តីទាំងនេះដាក់គ្នា៖
១. ពាក្យសម្តីដែលបង្ហាញពីការព្រួយបារម្ភដាក់គ្នា
ទោះប្តីប្រពន្ធរៀបការជាមួយគ្នា អស់រយៈពេលជាច្រើនឆ្នាំហើយក៏ដោយក៏ម្នាក់ៗនៅតែចង់ទទួលបានការយកចិត្តទុកដាក់ និងការព្រួយបារម្ភពីគ្នាដែរ បើទោះបីជាគ្មានទង្វើ ដែលបង្ហាញពីការយកចិត្តទុកដាក់និងការព្រួយបារម្ភពីគ្នាក៏ដោយ យ៉ាងហោចណាស់ ក៏ប្តីប្រពន្ធត្រូវតែមានការប្រើប្រាស់ពាក្យសម្តីដែលបង្ហាញពីការព្រួយបារម្ភចំពោះគ្នាដែរ ទើបអាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍មានភាពលូនទៅមុខនិងអាចរួមរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងបាន។
២.ពាក្យសម្តីផ្អែមល្ហែម
ភាពផ្អែមល្ហែមរវាងមនុស្សពីរនាក់ដែលជាប្តីប្រពន្ធនឹងគ្នាគឺត្រូវការជាចាំបាច់ខ្លាំងណាស់ ហេតុនេះហើយ បើទោះបីជាគ្មានទង្វើ ដែលបង្ហាញឱ្យឃើញពីភាពផ្អែមល្ហែមនឹងគ្នាក៏ដោយ ប្តីប្រពន្ធក៏គួរតែព្យាយាមប្រើប្រាស់ពាក្យសម្តីផ្អែមល្ហែមដាក់គ្នា ឱ្យបានញឹកញាប់តាមដែលអាចធ្វើបានព្រោះវាជាអ្វីដែលអាចជួយធ្វើឱ្យទំនាក់ទំនង រវាងប្តីប្រពន្ធ មានភាពស្និទ្ធស្នាលនឹងគ្នា បើទោះបីមិនសូវមានពេលវេលា នៅក្បែរគ្នាបានច្រើនដូចមុនក៏ដោយ។
៣. ពាក្យសម្តី និយាយលើកទឹកចិត្តដល់គ្នា
មិនថាតែចំពោះមនុស្សស្រីជាប្រពន្ធឬមនុស្សប្រុសដែលជាប្តីទេ ម្នាក់ៗតែងតែចង់ទទួលបានពាក្យសម្តីលើកទឹកចិត្ត ជាជាងទទួលយកពាក្យសម្តីបន្ទោសបង្អាប់ ដូច្នេះហើយ ប្តីប្រពន្ធគួរប្រើប្រាស់ពាក្យសម្តី និយាយលើកទឹកចិត្តដល់គ្នាទៅវិញទៅមក នៅពេលដែលមាននរណាម្នាក់ក្នុងចំណោមប្តីប្រពន្ធ បានធ្វើខុសទៅលើរឿងណាមួយដោយអចេតនា ជាជាងស្តីបន្ទោសឱ្យគ្នាឬក៏ទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក ដោយពាក្យសម្តីទាំងអស់នេះហើយ ដែលវាអាចធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍របស់មនុស្សពីរនាក់កាន់តែរឹងមាំ និងកាន់តែរលូនទៅមុខ។
៤. ពាក្យសម្តីដែលបង្កប់ដោយការជឿជាក់លើគ្នា
នៅក្នុងជីវិតអាពាហ៍ពិពាហ៍អ្វីដែលសំខាន់បំផុត ក្នុងការធ្វើឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ និងកាន់តែរលូនទៅមុខជាមួយគ្នានិងបានរួមរស់នៅជាមួយគ្នា រហូតដល់ចាស់កោងខ្នងបាន គឺការមានទំនុកចិត្តនិងការជឿជាក់ទៅលើគ្នា ហេតុនេះហើយ ទើបបានមនុស្សពីរនាក់ដែលជាប្តីប្រពន្ធគួរតែរៀនប្រើប្រាស់ពាក្យសម្តីដែលបង្ហាញពីការមានទំនុកចិត្តលើគ្នា ជៀសវាងការប្រើប្រាស់ពាក្យសម្តីដែលមិនទុកចិត្តឬនិយាយដោយមានការសង្ស័យចំពោះគ្នា ព្រោះវាអាចធ្វើឱ្យប៉ះពាល់ទៅដល់ទំនាក់ទំនងរវាងប្តីប្រពន្ធបានយ៉ាងងាយ៕
ប្រភព៖ gangbeauty