យល់ដឹង៖ ការរកបានមនុស្សប្រុសម្នាក់ មករៀបការកសាងអនាគតជាមួយគ្នា វាមិនមែនជារឿងពិបាកនោះទេអ្វីដែលពិបាកនោះ គឺការរកបានប្តីម្នាក់ ដែលអាចមើលថែស្រលាញ់ការពារនិងមិនធ្វើបាបទាំងផ្លូវចិត្តផ្លូវកាយរបស់អ្នកទើបជារឿងដែលពិបាក។
ដូច្នេះហើយ មនុស្សស្រីគ្រប់រូបត្រូវដឹងថាខ្លួនអ្នកគឺពិតជាស័ក្កសម នឹងទទួលបានជីវិតតដ៏មានក្តីសុខមួយពីមនុស្សប្រុសម្នាក់ដែលអ្នកបានប្រគល់ទាំងក្តីស្រលាញ់ និងបានផ្ញើសុភមង្គលខ្លួនឯងទៅនឹងគេប៉ុន្តែបើអ្នករស់នៅជាមួយប្តីបែបនេះ អ្នកកុំស៊ូទ្រាំតទៅទៀតអីព្រោះបើអ្នកទ្រាំ ជីវិតអ្នកតទៅមុខទៀត នឹងកាន់តែវេទនា។
រស់នៅជាមួយប្តីបែបនេះជីវិតអ្នកនឹងជួបតែទុក្ខវេទនា៖
១.ប្តីដែលមិនឱ្យតម្លៃអ្នក
ជីវិតអ្នកនឹងជួបតែទុក្ខវេទនា ប្រសិនបើអ្នកទ្រាំរស់នៅជាមួយនឹងប្តីដែលមិនចេះឱ្យតម្លៃអ្នកហើយចាំតែមើលងាយ និងជិះជាន់លើអ្នកគ្រប់យ៉ាងនោះ អ្នកគួរតែប្រញាប់ដកខ្លួនចេញ ស៊ូមានឈ្មោះជាមេម៉ាយ ក៏កុំទ្រាំរស់នៅជាមួយនឹងជីវិតដូចស្លាប់ទាំងរស់បែបនេះឱ្យសោះ គឺគ្មានន័យអ្វីឡើយ។
២. ប្តីដែលចូលចិត្តប្រច័ណ្ឌរករឿងច្រើន
ទោះដឹងថាដោយសារតែការស្រលាញ់និងការខ្លាចបាត់បង់ ទើបធ្វើឱ្យមនុស្សចេះមានចិត្តប្រច័ណ្ឌ និងរករឿងដៃគូក៏ដោយ ប៉ុន្តែចំពោះមនុស្សស្រីកើតមានចិត្តប្រច័ណ្ឌ វាមិនមែនជារឿងដែលគួរឱ្យខ្លាចនោះទេ បានប្តីដែលពូកែប្រច័ណ្ឌរករឿងច្រើនទៅវិញទេ ទើបគួរឱ្យខ្លាចបំផុត ដូច្នេះបើអ្នកកំពុងតែរស់នៅជាមួយប្តីបែបនេះ អ្នកក៏គួរតែលែងលះគ្នាឱ្យឆាប់ដាច់ កុំទ្រាំរស់នៅជាមួយអី ទោះគិតថាទ្រាំដើម្បីកូនក៏ដោយ ព្រោះបើអ្នកទ្រាំនៅបន្ត ជីវិតរបស់អ្នកនឹងប្រឈមគ្រោះថ្នាក់បំផុត។
៣. ប្តីដែលប្រើអំពើហឹង្សា
ស្រលាញ់ប្តីប៉ុណ្ណាក៏ដោយក៏ត្រូវចេះគិតពីក្តីសុខរបស់ខ្លួនឯង អញ្ចឹងហើយ ប្រសិនបើអ្នករស់នៅជាមួយប្តី ដែលប្រើអំពើហឹង្សាដាក់អ្នកតិចក្តីច្រើនក្តី អ្នកមិនគួរទ្រាំទេ អ្នកគួរតែតតាំងនឹងប្តីបែបនេះបើមិនអញ្ចឹងទេ ជីវិតរបស់អ្នកគឺគ្មានថ្ងៃបានសុខឡើយ ម្យ៉ាងបើអ្នកមិនចេះតតាំងប្តីរបស់អ្នកនឹងកាន់តែបានចិត្ត ប្រើអំពើហឹង្សាដាក់អ្នកបានតាមតែចិត្តជាមិនខាន។
៤. ប្តីដែលបិទសិទ្ធសេរីភាពអ្នក
មនុស្សពីរនាក់រៀបការនឹងគ្នា មិនមែនជាការចុះកិច្ចសន្យាលក់ជីវិតឱ្យគ្នា ធ្វើជារបស់ផ្ទាល់ខ្លួននោះទេមនុស្សម្នាក់ៗមានសិទ្ធសេរីភាពស្មើគ្នា មិនថាប្តីឬប្រពន្ធនោះទេតែបើអ្នករស់នៅជាមួយប្តី ដែលតែងតែបិទសិទ្ធសេរីភាពអ្នកនោះ អ្នកគួរតែចេះរើបម្រាស់កុំចេះតែទ្រាំឱ្យប្តីគាបសង្កត់បានឱ្យសោះ ព្រោះបើអ្នកមិនចេះរើបម្រាស់ ជីវិតរៀបការរបស់អ្នក ប្រៀបដូចជាប់ក្នុងទ្រុងអញ្ចឹង៕