យល់ដឹង៖ ពិតណាស់ មនុស្សស្រីសម័យនេះជាមនុស្សពូកែ អាចពឹងផ្អែកលើខ្លួនឯង និងអាចធ្វើឱ្យជីវិតខ្លួនឯងរស់នៅបានយ៉ាងសុខស្រួលដែលជាហេតុធ្វើឱ្យមនុស្សស្រី មិនចង់ឱ្យជីវិតសុខស្រួលមួយនេះបាត់បង់ទីណា ក្រោយពេលដែលរៀបការរួចទើបចេះខ្លាចនឹងការរៀបការ។
ថ្វីត្បិតតែមនុស្សស្រីខ្លាចនឹងការរៀបការ តែមនុស្សប្រុសសម័យនេះ ភាគច្រើនក៏ខ្លាចនឹងការរៀបការដែរ ហើយអាចនឹងខ្លាចជាងមនុស្សស្រីទៅទៀត បើទោះបីជាមនុស្សស្រីខ្លាចនឹងការរៀបការក៏ពិតមែនតែបើបានជួបមនុស្សត្រូវចិត្ត មនុស្សស្រីគឺច្បាស់ជារៀបការ តែមនុស្សប្រុសវិញ ទោះជួបមនុស្សស្រីត្រូវចិត្តក៏នៅតែស្ទាក់ស្ទើរនឹងការរៀបការដែរ ព្រោះតែហេតុផលទាំងនេះ។
ពិតទេ មនុស្សប្រុសសព្វថ្ងៃនេះខ្លាចការរៀបការជាងមនុស្សស្រី?
១.ខ្លាចចិញ្ចឹមកូនស្រីគេមិនរស់
ការដែលមនុស្សប្រុសសព្វថ្ងៃនេះខ្លាចនឹងការរៀបការគឺដោយសារតែគេខ្លាចគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចិញ្ចឹមកូនស្រីគេមិនរស់ ព្រោះថាយកកូនស្រីគេមកនៅជាមួយហើយគឺត្រូវមានទំនួលខុសត្រូវ ក្នុងការមើលថែថ្នាក់ថ្នមកូនស្រីគេឱ្យបានល្អ ហេតុនេះហើយបានជាមនុស្សប្រុសចេះតែខ្វល់ចិត្ត និងស្ទាក់ស្ទើរក្នុងការរៀបការ។
២.ខ្លាចបាត់បង់សេរីភាព
ពិតណាស់មនុស្សប្រុសក្រោយពេលដែលរៀបការហើយ គឺមិនអាចដើរហើរស្រេចតែចិត្ត ដូចកាលនៅខ្លួនមួយទៀតនោះទេហេតុនេះហើយ វាក៏ជាហេតុផលមួយដែលធ្វើឱ្យមនុស្សប្រុសសព្វថ្ងៃនេះខ្លាចនឹងការរៀបការហើយព្រោះបើរៀបការហើយបាត់បង់សេរីភាព មនុស្សប្រុសគឺច្បាស់ជាមិនទាន់ហ៊ានឡើយ សុខចិត្តចំណាយពេលសប្បាយជាងនេះសិន ទើបគិតគូចង់រៀបការម្យ៉ាងមនុស្សប្រុសរៀបការនៅវ័យណាក៏គ្មានបញ្ហា។
៣. ត្រូវផ្លាស់ប្តូរអត្តចរិតនិងកាយវិការ
ក្រោយពេលដែលរៀបការហើយមនុស្សប្រុសមិនអាចធ្វើអ្វីផ្តេសផ្តាស ដូចកាលនៅខ្លួនមួយទៀតនោះទេព្រោះត្រូវមានទំនួលខុសត្រូវ ជាពិសេសនៅពេលដែលមានកូនៗត្រូវធ្វើជាឪពុកដ៏គំរូម្នាក់ឱ្យកូនៗ អញ្ចឹងហើយ ទើបមនុស្សប្រុសមិនទាន់ចង់រៀបការលឿនព្រោះតែខ្លាចនឹងត្រូវផ្លាស់អត្តចរិត និងកាយវិការដែលខ្លួនធ្លាប់តែធ្វើ។
៤. មិនទាន់ត្រៀមខ្លួននៅក្រោមសម្ពាធ
មនុស្សប្រុសដែលខ្លាចនឹងការរៀបការភាគច្រើនគឺដោយសារតែមិនទាន់បានត្រៀមខ្លួនរួចរាល់ ក្នុងការរស់នៅក្រោមសម្ពាធព្រោះថាជីវិតគ្រួសារគឺត្រូវរ៉ាប់រងជាច្រើនរឿងហើយក៏មានជារឿងជាច្រើន ដែលត្រូវគិតនិងដោះស្រាយដែរ ហើយបើមិនបានត្រៀមខ្លួន ច្បាស់ជាទ្រាំនឹងសម្ពានោះមិនបានម្យ៉ាងមនុស្សប្រុសមិនសូវមានភាពអត់ធ្មត់ដូចមនុស្សស្រីឡើយ ទើបមនុស្សប្រុសសម័យនេះ ខ្លាចនឹងការរៀបការជាងមនុស្សស្រី៕