យល់ដឹង៖មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ពេលដែលចាប់បានថាប្តីមានស្រីនៅខាងក្រៅវាពិតជាពិបាកនឹងទទួលយកខ្លាំងណាស់ ព្រោះថាប្តីដែលធ្លាប់តែស្រលាញ់ ធ្លាប់តែទុកចិត្តតែបែរជាលួចផិតក្បត់ទៅវិញ វាជារឿងដែលឈឺចាប់ខ្លាំងណាស់ សម្រាប់មនុស្សស្រីដែលមាននាមជាប្រពន្ធពេញច្បាប់។
ប៉ុន្តែប្រសិនបើចាប់បានថាប្តីអ្នក លួចមានស្រីនៅខាងក្រៅហើយនោះ កុំទាន់ទៅរករឿងខាងណាមុនឱ្យសោះ តែអ្នកគួរតែក្រឡេកមកធ្វើរឿងមួយចំនួនវិញហើយការធ្វើរឿងទាំងនោះ វាមិនមែនបញ្ជាក់ថាអ្នកជាប្រពន្ធដែលឆោតល្ងង់ ដែលឱ្យប្តីផិតក្បត់បានដោយងាយហើយនៅចិត្តត្រជាក់ទេទៀតទេ តែការធ្វើបែបនេះ វាជាការដែលបង្ហាញពីសេចក្តីថ្លៃថ្នូររបស់អ្នកទៅវិញទេ។
ចាប់បានថាប្តីមានស្រីរឿងទាំងនេះដែលប្រពន្ធគ្រប់រូបគួរតែធ្វើ៖
១. ទទួលយកការពិត
បើទោះបីជាដឹងថា ការចាប់បានប្តីរបស់ខ្លួនលួចមានស្រីនៅខាងក្រៅវាពិតជាធ្វើឱ្យមនុស្សស្រីដែលជាប្រពន្ធ ទទួលរងនូវការឈឺចាប់ជាខ្លាំងក៏ពិតមែន ក៏ប៉ុន្តែមានតែទទួលយកការពិតហើយប្រឈមមុខនឹងការដោះស្រាយបញ្ហានេះតែប៉ុណ្ណោះ ទើបអាចធ្វើឱ្យជីវិតតទៅមុខទៀតរបស់មនុស្សស្រី មានភាពល្អប្រសើរឡើងវីញ ម្យ៉ាងវិញទៀត យើងក៏មិនអាចរស់នៅក្នុងសេចក្តីសុខក្លែងក្លាយ បានអស់មួយជីវិតដែរ។
២. ធ្វើខ្លួនឱ្យមានសតិ
មនុស្សស្រីភាគច្រើននៅពេលដែលដឹងថាប្តីលួចមានស្រីនៅខាងក្រៅ គឺតែងតែធ្វើអ្វីមួយដោយគ្មានសតិឡើយ ហើយការធ្វើនូវរឿងទាំងនោះវាមិនត្រឹមតែធ្វើឱ្យមនុស្សស្រីជាប្រពន្ធ បាត់បង់នូវភាពថ្លៃថ្នូរ ដោយសារតែមនុស្សប្រុសក្បត់ទេវាថែមទាំងធ្វើជាគំរូដ៏អាក្រក់មួយ ទៅដល់កូនៗទៀតផង។
៣. គិតដល់កូនៗជាចម្បង
ប្រសិនបើមនុស្សប្រុសជាប្តីគេលួចមានស្រីនៅខាងក្រៅ ដោយមិនគិតពីអ្នកនិងកូនៗផងនោះ តើអ្នកចង់ឈប់គិតពីកូនៗទៀតមែនទេ? ហេតុនេះហើយ មុននឹងសម្រេចចិត្តធ្វើអ្វីមួយមនុស្សស្រីក្នុងនាមជាប្រពន្ធ និងជាម្តាយផង គួរណាតែគិតគូពីអារម្មណ៍របស់កូនៗ ក៏ដូចជាអនាគតរបស់ពួកគេផង ព្រោះបើពួកគេមិនទទួលបានការខ្វាយខ្វល់ ពីឪពុកម្តាយទេនោះ អនាគតរបស់ពួកគេច្បាស់ជាយ៉ាប់ជាក់ជាមិនខាន។
៤.ពិចារណាពីកំហុសរបស់ប្តី
អ្នកណាៗក៏ចេះសាងកំហុសឡើងមកដែរ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺការដឹងខុស និងចេះកែប្រែ អញ្ចឹងហើយនៅពេលដែលអ្នកចាប់បានថាប្តីអ្នក លួចមានស្រីនៅខាងក្រៅ អ្នកមិនចាំបាច់ទៅរករឿង ឱ្យមានជម្លោះទេអ្វីដែលអ្នកគួរធ្វើ គឺពិចារណាលើកំហុសរបស់ប្តីអ្នក ថាគួរតែលើកលែងទោសឱ្យឬក៏អត់ ព្រោះបើគេកែប្រែ ជីវិតប្តីប្រពន្ធរបស់អ្នកតទៅមុខទៀត អាចនឹងល្អប្រសើរឡើងវិញ តែបើគេនៅតែប្រព្រឹត្តិនូវទង្វើដដែលៗទៀត គឺមានតែអ្នកនិងកូនៗប៉ុណ្ណោះ ដែលរងទុក្ខ៕
ប្រភព៖ eva