យល់ដឹង៖ មានហេតុផលជាច្រើនដែលយើងទាំងអស់គ្នា គួរតែរៀនរស់នៅដោយមានភាពវិជ្ជមាននៅក្នុងខ្លួនព្រោះថាប្រសិនបើយើងទាំងអស់គ្នា មិនមានភាពវិជ្ជមាននៅក្នុងខ្លួន ហើយបែរជាជំនួសដោយមានភាពអវិជ្ជមាន នៅក្នុងខ្លួនទៅវិញនោះ វាអាចនឹងបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់យើងទាំងអស់គ្នាបាន ដោយមិនដឹងខ្លួនទៀតផង។
ហេតុនេះហើយ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រកាន់ខ្ជាប់នូវការគិតអវិជ្ជមាន ចំពោះរឿងដែលបានរៀបរាប់នៅខាងក្រោមនេះទៀត វានឹងធ្វើឱ្យជីវិតរបស់អ្នកទាំងអស់គ្នា កាន់តែធ្លាក់ដុនដាប អញ្ចឹងហើយ ទើបអ្នកទាំងអស់គ្នាគួរតែបានដឹងលឺ ពីឥទ្ធិពលដ៏អាក្រក់នៃការគិតអវិជ្ជមាននេះ។
រឿងអវិជ្ជមានទាំងនេះ បើកាន់តែគិតគឺកាន់តែធ្វើឱ្យជីវិតដុនដាប៖
១.គិតអំពីរឿងរ៉ាវពីអតីតកាលខ្លាំងពេក
រឿងរ៉ាវពីអតីតកាល មិនថាមានអ្វីកើតឡើងនោះទេទោះស្តាយក្រោយ ឬ ទោះចង់កែប្រែវាក៏ដោយ ក៏យើងទាំងអស់គ្នាមិនអាចត្រឡប់ទៅនៅក្នុងអតីតកាលបានទៀតដែរព្រោះរឿងរ៉ាវពីអតីតកាល វាបានកន្លងហួស ទៅតាមពេលវេលាអស់ហើយ ដូច្នេះហើយប្រសិនបើយើងទាំងអស់គ្នា នៅតែប្រកាន់ខ្ជាប់នូវភាពអវិជ្ជមាន ដែលតែងតែដេកកើតទុក្ខ ដោយសារតែគិតពីអតីតកាលនោះវានឹងធ្វើឱ្យជីវិតរបស់យើងទាំងអស់គ្នា មិនត្រឹមតែមិនមានភាពរីកចម្រើនទៅមុខទេតែវានឹងធ្វើឱ្យជីវិតយើងទាំងអស់គ្នា កាន់តែដុនដាបទៀតផង។
២. បារម្ភខ្លាចជួបភាពបរាជ័យ
មុននឹងទទួលបានភាពជោគជ័យណាមួយ គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់ការបរាជ័យទេ លើសពីនេះ មនុស្សដែលជោគជ័យភាគច្រើនទម្រាំតែក្លាយទៅជាបុគ្គលដ៏ជោគជ័យម្នាក់ គឺគេបានឆ្លងកាត់ការបរាជ័យរាប់មិនអស់ទៀតផង។អញ្ចឹងហើយ ប្រសិនបើយើងទាំងអស់គ្នា នៅតែប្រកាន់យកការគិតអវិជ្ជមាន ដោយចេះតែភ័យព្រួយបារម្ភ ថាខ្លួននឹងជួបតែភាពបរាជ័យនោះ យើងទាំងអស់គ្នា ច្បាស់ជាគ្មានថ្ងៃទទួលបានភាពជោគជ័យឡើយ។
៣. គិតថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់
ប្រសិនបើយើងទាំងអស់គ្នា តែងតែមានគំនិតមួយគិតថាខ្លួនគ្មានសមត្ថភាព នឹងធ្វើអ្វីបាននោះទោះយើងមានសមត្ថភាពពូកែខ្លាំងប៉ុណ្ណាក៏ដោយ ក៏ភាពអវិជ្ជមានរបស់យើង មកបំបាក់ទឹកចិត្តយើងមុនដែរ។ ដូច្នេះហើយគំនិតអវិជ្ជមានដែលគិតថាខ្លួនគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើអ្វីមួយ ទាំងដែលមិនទាន់បានសាកល្បងធ្វើវានោះវានឹងធ្វើឱ្យជីវិតរបសស់យើងទាំងអស់គ្នា មិនអាចទទួលបានជីវិតដ៏ល្អប្រសើរនោះទេ។
៤. គិតច្រើនពីអ្វីៗគ្រប់យ៉ាងដែលមិនទាន់កើតឡើង
ពិតណាស់គ្មាននរណាម្នាក់អាចបញ្ឈប់ការគិតរបស់ខ្លួនឯងបាននោះទេ ប៉ុន្តែយើងទាំងអស់គ្នាអាចរៀបចំការគិតរបស់យើង ឱ្យមានសណ្តាប់ធ្នាប់ល្អបានព្រោះប្រសិនបើការគិតរបស់យើង មិនបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អទេនោះ ហើយតែងតែគិតច្រើនចំពោះអ្វីៗគ្រប់យ៉ាងថែមទាំងគិតច្រើនចំពោះរឿងដែលមិនទាន់បានកើតឡើងទៀតនោះ វានឹងធ្វើឱ្យជីវិតរបស់យើងទាំងអស់គ្នា ជួបតែភាពច្របូកច្របល់ ហើយជីវិតក៏កាន់តែដុនដាប ផងដែរ៕
ប្រភព៖ phunutoday