យល់ដឹង៖ ជីវិតរបស់មនុស្សយើងម្នាក់ៗគឺជៀសមិនផុតឡើយ ពីការជួបបញ្ហាជាច្រើន ដែលកើតមាននៅក្នុងជីវិត លើសពីនេះ បញ្ហាទាំងនោះ វាតែងតែធ្វើឱ្យមនុស្សយើង មានភាពស្មុគស្មាញនិងកើតទុក្ខជាដើម ក៏ប៉ុន្តែប្រសិនបើ យើងបណ្តោយឱ្យបញ្ហាទាំងនោះមកគ្របដណ្តប់លើយើងបានតាមតែចិត្តនោះ ជីវិតយើងច្បាស់ជា កាន់តែស្មុគស្មាញថែមទៀត ជាមិនខាន។
ហេតុនេះហើយនៅពេលដែលបញ្ហាកើតមាននៅក្នុងជីវិតច្រើនពេក វាក៏បានធ្វើឱ្យជីវិតយើង កាន់តែមានភាពស្មុគស្មាញ ដែលអ្នកទាំងអស់ គួរតែបណ្តោយឱ្យខ្លួនឯង បានធ្វើនូវរឿងរ៉ាវមួយចំនួនព្រោះវាមិនត្រឹមតែអាចជួយកាត់បន្ថយ ការមានបញ្ហានៅក្នុងជីវិតទេតែវាក៏បានកាត់បន្ថយមិនធ្វើឱ្យយើង មានភាពស្មុគស្មាញច្រើនពេក ផងដែរ។
កុំស្មុគស្មាញពេក! បើជីវិតជួបបញ្ហាច្រើន អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯងបានធ្វើរឿងទាំងនេះ៖
១.ធ្វើអ្វីដែលខ្លួនឯងតែងតែចង់ធ្វើ
មនុស្សយើងម្នាក់ៗបើនៅតែស្មុគស្មាញដោយសារតែបញ្ហា កើតមានឡើងនៅក្នុងជីវិតច្រើនពេក វាមិនត្រឹមតែធ្វើឱ្យយើង មើលមិនឃើញពីទិសដៅនៃជីវិតខ្លួនឯងទេ តែវានឹងធ្វើឱ្យយើង កាន់តែរកច្របូលច្របល់។ ហេតុនេះហើយ បើបញ្ហាដែលកើតឡើងមក បានធ្វើឱ្យជីវិតអ្នកកាន់តែស្មុគស្មាញនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯង បានធ្វើអ្វី ដែលខ្លួនតែងតែចង់ធ្វើ និងមិនធ្លាប់សាកល្បងធ្វើពីមុនមក ព្រោះវាអាចបន្លប់ ភាពស្មុគស្មាញអ្នកបាន អ្វីដែលពិសេសនោះគឺអាចធ្វើឱ្យអ្នកទទួលបានអារម្មណ៍ល្អឡើងវិញ ហើយដឹងថាអ្វីដែលអ្នក គួរតែធ្វើបន្តទៀតផង។
២. កើតទុក្ខនិងយំឱ្យអស់ចិត្ត
ធម្មជាតិរបស់មនុស្សយើងកើតមក តែងតែចេះកើតទុក្ខ ចេះឈឺចាប់ និងចេះយំ ដែលវាគឺជារឿងដែលធម្មតាទៅហើយ។ អញ្ចឹងហើយ នៅពេលដែលអ្នកស្មុគស្មាញ ដោយសារតែបញ្ហាកើតមានក្នុងជីវិតច្រើនពេកចូរអ្នកទាំងអស់គ្នា បណ្តោយឱ្យខ្លួនឯងកើតទុក្ខ និងយំឱ្យអស់ចិត្ត ក្នុងរយៈពេលខ្លីដោយកុំមានអារម្មណ៍ថាខ្លួនឯង ជាមនុស្សទន់ជ្រាយឱ្យសោះ ព្រោះអ្នកណាៗកើតមកក៏ចេះកើតទុក្ខ និងចេះយំដែរ គ្រាន់តែអ្នកដទៃ គេមិនបង្ហាញឱ្យអ្នកបានឃើញ តែប៉ុណ្ណោះ។ ដូច្នេះហើយ បើចង់យំ ក៏យំឱ្យអស់ចិត្តទៅ បើទោះបីជាការយំនោះ មិនបានជួយកាត់បន្ថយភាពស្មុគស្មាញ បានច្រើនក៏ដោយប៉ុន្តែ វាក៏បានធ្វើឱ្យអារម្មណ៍របស់អ្នកបានធូរស្រាលខ្លះដែរ។
៣.ទៅកន្លែងដែលខ្លួនចង់ទៅ
ដោយសារតែមនុស្សយើងម្នាក់ៗតែងតែរវល់ជាមួយនឹងការធ្វើការនិងរកស៊ី ទើបធ្វើឱ្យខ្លួនឯងមិនមានឱកាសបានទៅកន្លែងដែលខ្លួនចង់ទៅ ហេតុនេះហើយ បើនៅពេលមួយ ដែលជីវិតជួបបញ្ហាច្រើន ហើយបានធ្វើឱ្យជីវិតអ្នក ពោរពេញទៅដោយភាពស្មុគស្មាញនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯងបានទៅកន្លែងដែលខ្លួនចង់ទៅ ដើម្បីលំហែកាយនិងខួរក្បាល ព្រោះវាអាចជួយឱ្យអ្នកទាំងអស់គ្នា ទទួលបានអារម្មណ៍ស្រស់ស្រាយឡើយវិញ ជាពិសេស វាអាចជួយធ្វើឱ្យអ្នកទាំងអស់គ្នា ឆាប់រកនឹកឃើញវិធីដោះស្រាយបញ្ហា ដែលកំពុងតែកើតមាននៅក្នុងជីវិតបានទៀតផង។
៤. ញុំារបស់ដែលឆ្ងាញ់ៗ
កុំខ្លាចធាត់កុំខ្លាចមិនល្អដល់សុខភាព បើជីវិតកាន់តែស្មុគស្មាញទៅហើយនោះ អ្នកទាំងអស់គ្នាគួរតែបណ្តោយឱ្យខ្លួនឯងបានញុំារបស់ឆ្ងាញ់ៗ ដែលខ្លួនមិនធ្លាប់ហ៊ានញុំាពីមុនមក ដោយសារតែខ្លាចធាត់និងមិនល្អដល់សុខភាព ប៉ុន្តែការបណ្តោយឱ្យខ្លួនឯង បានញុំារបស់ដែលខ្លួនឯងចង់ញុំានេះវាមិនមែនរហូតឯណា ហេតុនេះហើយ បើចង់ញុំាអ្វីក៏ញុំាទៅ ក្រោយពេលដែលបានញុំាហើយ វានឹងជួយធ្វើឱ្យអារម្មណ៍របស់អ្នកទាំងអស់គ្នា នឹងល្អប្រសើរឡើងវិញ។
៥. ចំណាយលុយដែលខំរកទៅទិញរបស់ដែលខ្លួនចង់បាន
លុយដែលយើងម្នាក់ៗ ខិតខំរកសព្វថ្ងៃនេះគឺសុទ្ធសឹងតែចង់ឱ្យជីវិតខ្លួនឯង ជួបតែភាពល្អប្រសើរ និងមានក្តីសុខមិនថាអញ្ចឹងមែនទេ? ហេតុនេះហើយការដែលបណ្តោយឱ្យខ្លួនឯង ចំណាយលុយទៅទិញរបស់ ដែលខ្លួនឯងតែងចង់បាននោះ វាមិនមែនជារឿងដែលខ្ជះខ្ជាយនោះទេព្រោះវាអាចចាត់ទុកថាជាកាដូ ជូនដល់ខ្លួនឯង ចំពោះការខិតខំប្រឹងប្រែង ឆ្លងកាត់ឱបសគ្គជីវិតនាពេលកន្លងមកនេះ។ ម្យ៉ាងវិញទៀត វានឹងកាន់តែធ្វើឱ្យខ្លួនអ្នក បានមើលឃើញពីតម្លៃរបស់ខ្លួនឯងហើយអ្នកក៏មានអារម្មណ៍ល្អចំពោះខ្លួនឯង ដើម្បីតស៊ូរឹងមាំ ក្នុងការឆ្លងកាត់នូវឱបសគ្គជីវិត តទៅមុខទៀតបាន៕
ប្រភព៖ betterhealth