យល់ដឹង៖ ផ្លូវចិត្តរបស់មនុស្សយើងម្នាក់ៗគឺវាពិតជាសំខាន់ខ្លាំងណាស់ ដែលតម្រូវឱ្យយើងម្នាក់ៗចេះថែរក្សានិងការពារផ្លូវចិត្តរបស់យើងឱ្យបានល្អ បើមិនអញ្ចឹងទេ ច្បាស់ជាងាយប៉ះទង្គិចផ្លូវអារម្មណ៍ជាខ្លាំង ជាពិសេស គួរតែជួយពង្រឹងផ្លូវចិត្តរបស់ខ្លួនឯងឱ្យបានល្អ និងកុំបណ្តោយឱ្យខ្លួនឯង ចេះតែគិតផ្តេសផ្តាស ហើយគិតថាខ្លួនឯងជាមនុស្សអន់ជាងគេឱ្យសោះ។
ការដែលទទួលបានអារម្មណ៍ថាខ្លួនឯងជាមនុស្សអន់វាពិតជាធ្វើឱ្យមនុស្សយើងម្នាក់ៗបាក់ទឹកចិត្ត ហើយក៏អស់សង្ឃឹមខ្លាំងណាស់ដែរ ដូច្នេះហើយវិធីសាស្ត្រមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ វាអាចនឹងជួយពង្រឹងផ្លូវចិត្តរបស់អ្នកគ្រប់គ្នាមិនឱ្យគិតថាខ្លួនឯងជាមនុស្សអន់ ជាងនេះទៅទៀត ថែមទាំងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សមានផ្លូវចិត្តរឹងមាំទៀតផង។
៦វិធីជួយពង្រឹងផ្លូវចិត្តកុំឱ្យគិតថាខ្លួនឯងជាមនុស្សអន់៖
១.កុំផ្ញើក្តីសុខខ្លួនឯងលើបបូរមាត់ និងការគិតរបស់អ្នកដទៃ
បើចង់ពង្រឹងផ្លូវចិត្តខ្លួនឯងកុំឱ្យគិតថាខ្លួនជាមនុស្សដែលអន់ជាងគេ អ្នកគ្រប់គ្នាត្រូវព្យាយាមមើលឃើញពីតម្លៃខ្លួនឯង ហើយមិនគួរបណ្តោយឱ្យក្តីសុខខ្លួនឯង ស្ថិតនៅលើបបូរមាត់ និងការគិតរបស់អ្នកដទៃទេលុះដល់ពេលអ្នកយល់ឃើញបែបនេះហើយ ទោះអ្នកដទៃចង់និយាយអ្វីឬចង់គិតអ្វីពីអ្នក ដែលងាយធ្វើឱ្យអ្នកបាក់ទឹកចិត្តប៉ុណ្ណាក៏ដោយ ក៏វាលែងជះឥទ្ធិពលដល់អ្នក ដែលអាចឱ្យអ្នកគិតថាខ្លួនឯងជាមនុស្សអន់ទៀតឡើយ។
២.ត្រូវប្រាប់ខ្លួនឯងថាយើងពូកែរបៀបយើង គេពូកែរបៀបគេ
មនុស្សយើងម្នាក់ៗកើតមកសុទ្ធសឹងតែមានទេពកោសល្យខុសៗគ្នា ហើយចំពោះអ្វីដែលយើងមិនអាចធ្វើបានឱ្យពូកែ ដូចជាអ្នកដទៃ ក៏មិនប្រាកដថាអ្វីដែលយើងពូកែ អ្នកដទៃគេអាចនឹងពូកែដូចយើងបាននោះទេ។ ហេតុនេះហើយបើនៅពេលណាមួយ ចាប់ផ្តើមគិតថាខ្លួនឯងជាមនុស្សអន់អ្នកគ្រប់គ្នាត្រូវដាស់តឿនខ្លួនឯងថា យើងពូកែរបៀបយើង គេពូកែរបៀបគេ សមត្ថភាព និងទេពកោសល្យគឺខុសៗគ្នា។
៣.ធ្វើអ្វីដែលខ្លួនស្រលាញ់ ស្រលាញ់នូវអ្វីដែលខ្លួនធ្វើ
ដើម្បីពង្រឹងផ្លូវចិត្តកុំឱ្យគិតថាខ្លួនឯងជាមនុស្សអន់អ្នកគ្រប់គ្នាត្រូវហ៊ានសាកល្បង ទៅធ្វើនូវអ្វីដែលខ្លួនស្រលាញ់ ហើយរៀនស្រលាញ់នូវអ្វីដែលខ្លួនអ្នកកំពុងធ្វើនោះអ្នកនឹងបានឃើញពីសមត្ថភាពពិតរបស់ខ្លួនឯង ហើយនឹងបានដឹងថា ខ្លួនឯងមិនមែនជាមនុស្សអន់ ដូចជាខ្លួនឯងបានគិតកន្លងមកនោះទេ ព្រោះនៅពេលដែលបានធ្វើអ្វីមួយចេញពីចិត្ត វារមែងតែហុចផលល្អមកវិញ។
៤.ដឹងថាខ្លួនខ្សោយខាងអី ត្រូវពង្រឹងខាងហ្នឹង
នៅពេលដែលអ្នកមិនដឹងថាខ្លួនឯងខ្សោយខាងអ្វីឬពូកែខាងអ្វីនោះ អ្នកងាយនឹងបាក់ទឹកចិត្តដោយសារតែភាពខ្សោយរបស់អ្នកខ្លាំងណាស់ ដូច្នេះហើយ អ្នកគ្រប់គ្នាត្រូវព្យាយាមដឹងពីខ្លួនឯងឱ្យបានច្រើន ថាខ្លួនខ្សោយអ្វីលុះដល់ពេលដែលដឹងហើយ ត្រូវពង្រឹងភាពខ្សោយនោះទៅជាភាពខ្លាំងនោះអ្នកនឹងលែងគិតថាខ្លួនជាមនុស្សអន់ទៀតហើយ។
៥. មនុស្សម្នាក់ៗមានចំណុចពិសេសៗរៀងខ្លួន
កុំឃើញគេជោគជ័យហើយងាកមកប្រៀបធៀបខ្លួនឯង ទៅនឹងអ្នកដទៃឱ្យសោះ ព្រោះវាមិនដូចគ្នាឡើយ លើសពីនេះវាមានតែធ្វើឱ្យអ្នក គិតថាខ្លួនឯងជាមនុស្សគ្មានបានការ ជាមនុស្សអន់ដែលធ្វើអ្វីមិនជោគជ័យដូចជាគេ តាមពិតទៅមនុស្សយើងម្នាក់ៗ មានចំណុចពិសេសរៀងខ្លួនៗនៅពេលដែលគេជោគជ័យ នោះក៏ព្រោះតែគេបញ្ចេញចំណុចពិសេសរបស់គេ ទៅលើអ្វីដែលគេធ្វើអញ្ចឹងហើយ បើអ្នកបញ្ចេញចំណុចពិសេសរបស់ខ្លួន ទៅធ្វើអ្វីមួយដែរនោះ អ្នកក៏ទទួលបានជោគជ័យដូចជាគេដែរ។
៦. មនុស្សដែលអន់គឺជាមនុស្សដែលងាយបោះបង់
តាមពិតទៅមនុស្សអន់មិនមែនជាមនុស្សដែលមិនពូកែ ឬធ្វើអ្វីមិនបានជោគជ័យដូចជាគេនោះទេ តែមនុស្សដែលអន់ពិតប្រាកដ គឺជាមនុស្សដែលងាយបោះបង់ នូវអ្វីដែលខ្លួនបានខិតខំកន្លងមកដោយស្រួលៗហើយមិនព្រមអត់ធ្មត់ តស៊ូ និងព្យាយាមធ្វើវាម្តងហើយម្តងទៀត នោះហើយ ទើបហៅថាជាមនុស្សដែលអន់ពិតប្រាកដដូច្នេះហើយ ទោះអ្នកមិនបានជោគជ័យដូចគេក៏ដោយ ឱ្យតែអ្នកប្រឹងប្រែងអស់ពីសមត្ថភាព អ្នកនៅតែជាមនុស្សពូកែសម្រាប់ខ្លួនឯងជានិច្ច៕