យល់ដឹង៖ មនុស្សស្រីគ្រប់រូប គួរតែកុំរវល់តែលួចច្រណែននឹងជីវិតគេដោយសារតែឃើញគេស្អាត គេសប្បាយចិត្តរហូតអី ព្រោះតែគេកើតមកក៏មិនមែនមានអ្វីទាំងនោះស្រាប់ដែរតែមកពីគេចេះថែរក្សាសម្រស់ និងយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តខ្លួនឯង ទើបគេមានទាំងសម្រស់និងរស់នៅយ៉ាងមានក្តីសុខបែបនេះ។
ដូច្នេះហើយស្រីៗគួរតែយកពេលវេលាមកធ្វើរឿងសំខាន់ៗមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះដើម្បីខ្លួនវិញព្រោះវាក៏អាចធ្វើឱ្យអ្នកទទួលបានទាំងសម្រស់ស្រស់ស្អាត អារម្មណ៍ស្រស់ស្រាយ និងផ្លូវចិត្តមានសុខភាពល្អទៀតផង ហើយអ្នកក៏មិនចាំបាច់ត្រូវលួច្រណែននឹងជីវិតអ្នកដទៃតទៀតដែរឱ្យតែអ្នកធ្វើរឿងទាំងនេះបាន។
ចង់ស្អាត និងរស់នៅដោយមានក្តីសុខដូចគេត្រូវចេះធ្វើរឿងទាំងនេះជាប្រចាំ៖
១. ងើបពីព្រឹក
ចង់បានជីវិតស្រស់ស្រាយដូចគេពេញមួយថ្ងៃមនុស្សស្រីត្រូវចេះងើបពីព្រឹកព្រលឹម ស្វះស្វែងរៀបចំខ្លួនមុននឹងចេញទៅសាលារៀនឬទៅធ្វើការទើបមិនធ្វើឱ្យអារម្មណ៍មួម៉ៅទាំងព្រឹកព្រលឹម ដែលអាចធ្វើឱ្យមួយថ្ងៃពេញរបស់អ្នកជួបតែរឿងមិនសមបំណងអញ្ចឹងហើយ រួសរាន់ងើបពីព្រឹកព្រលឹម ទើបធ្វើឱ្យជីវិតមើលទៅកាន់តែមានភាពស្រស់បំព្រង។
២. ផឹកទឹកឱ្យបានច្រើន
ការផឹកទឹកឱ្យបានច្រើនក្នុងមួយថ្ងៃវាជាទម្លាប់មួយដ៏ល្អមួយ ព្រោះវាមិនត្រឹមតែជួយឱ្យរាងកាយមានសារជាតិទឹកគ្រប់គ្រាន់ ដែលធ្វើឱ្យមានសុខភាពល្អនោះទេតែការដែលមានសារជាតិទឹកនៅក្នុងខ្លួនគ្រប់គ្រាន់ វាក៏ជួយធ្វើឱ្យស្បែករបស់មនុស្សស្រីមានភាពស្រស់ថ្លា មិនស្ងួតឬស្រអាប់ដែរ ដូច្នេះហើយស្រីៗកុំរវល់តែច្រណែននឹងស្បែកគេស្អាតអ្នកគួរតែមានទម្លាប់ផឹកទឹកឱ្យបានច្រើន ទើបអាចមានស្បែកស្អាតដូចគេ។
៣. ញុំាអាហារសុខភាព
ចង់ស្អាត មានសុខភាពល្អ និងរស់នៅដោយមានក្តីសុខដូចជាគេ មនុស្សស្រីគ្រប់រូបត្រូវចេះញុំាអាហារសុខភាពជាជាងញុំាសាច់ឬអាហារតាមដងផ្លូវច្រើនពេក ព្រោះអាហារទាំងនោះ វាងាយនឹងធ្វើឱ្យមនុស្សស្រីឡើងកាឡូរីខ្ពស់ លើសពីនេះ អាចធ្វើឱ្យស្បែកមុខមនុស្សស្រីមានបញ្ហាទៀតផង អញ្ចឹងហើយកុំឆ្ងល់ថាហេតុអ្វីបានជាមុខគេស្អាត នោះមកពីគេចេះញុំាអាហារត្រឹមត្រូវមិនមែនចេះតែញុំាផ្តេសផ្តាស។
៤.ធ្វើលំហាត់ប្រាណ២ដងក្នុងមួយសប្តាហ៍
បើចង់បានរាងស្អាតនិងសុខភាពល្អដូចជាគេ មនុស្សស្រីត្រូវចេះដាស់តឿនខ្លួនឯងកុំឱ្យខ្ជិលយ៉ាងហោចណាស់ ក៏ចំណាយពេលទៅធ្វើលំហាត់ប្រាណឱ្យបាន២ដងក្នុងមួយសប្តាហ៍ដែរ ដើម្បីធ្វើឱ្យរាងកាយមានភាពរឹងមាំក៏ដូចជាទទួលបានរាងស្អាតផងដែរ។
៥. កក់សក់ជារៀងរាល់ថ្ងៃ
មនុស្សស្រីភាគច្រើនយល់ថាការកក់សក់ជារៀងរាល់ថ្ងៃ អាចនឹងងាយធ្វើឱ្យសក់ជ្រុះច្រើន ក៏ប៉ុន្តែការកក់សក់ជារៀងរាល់ថ្ងៃ វាមិនបានធ្វើឱ្យសក់ជ្រុះនោះទេ ហើយការដែលសក់ជ្រុះ វាអាចនឹងមកពីការជ្រើសរើសសាប៊ូមិនបានត្រឹមត្រូវ ផ្ទុយទៅវិញ ការកក់សក់ជារៀងរាល់ថ្ងៃ វាមានតែធ្វើឱ្យសក់មិនងាយឡើងប្រេង ហើយធ្វើឱ្យស្បែកក្បាល និងសរសៃសក់ដុះមកត្រង់ស្អាតតែប៉ុណ្ណោះ។
៦.អានសៀវភៅលើកទឹកចិត្ត
ទម្លាប់មួយដែលមនុស្សស្រីគ្រប់រូបគួរតែមាននោះគឺជាទម្លាប់ការអានសៀវភៅ ជាពិសេសសៀវភៅបែបលើកទឹកចិត្តបើទោះបីមិនបានស្ថិតនៅក្នុងស្ថានភាពបាក់ទឹកចិត្តក៏ដោយ តែការអាន និងការយល់ដឹងពីផ្លូវចិត្តបានច្រើនវាក៏អាចជួយបាននៅពេលណាដែលខ្លួនឯង ស្ថិតនៅដំណាក់កាលបាក់ទឹកចិត្តបានដែរ។ ដូច្នេះហើយចង់រស់នៅដោយមានក្តីសង្ឃឹមនិងរីករាយដូចគេត្រូវតែយល់ដឹងពីផ្លូវចិត្តឱ្យបានច្រើនទើបអ្នកមិនបណ្តោយឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងការបាក់់ទឹកចិត្ត។
៧.ស្រលាញ់ខ្លួនឯងឱ្យបានច្រើន
ការស្រលាញ់ខ្លួនឯងឱ្យបានច្រើនវាមិនមែនជារឿងដែលគួរនោះទេ តែវាជារឿងដែលត្រូវតែធ្វើជាដាច់ខាតប្រសិនជាចង់ឱ្យជីវិតខ្លួនឯង រស់នៅដោយមានក្តីសុខពិតប្រាកដដូចគេព្រោះបើមិនទាន់ទាំងចេះស្រលាញ់ និងយល់ពីខ្លួនឯងឱ្យបានច្បាស់ផងនោះ តើអាចនឹងតម្រូវចិត្តខ្លួនឯង ឱ្យសប្បាយរីករាយបានយ៉ាងម៉េច? ម្យ៉ាងមានតែការចេះស្រលាញ់ខ្លួនឯងទេ ទើបរស់នៅមានក្តីសុខយ៉ាងពិតប្រាកដ៕