យល់ដឹង៖ អ្នកអាចក្លាយទៅជាមនុស្សវិជ្ជមានបានឬក៏អត់វាមិនអាស្រ័យទៅលើមនុស្សដែលនៅជុំវិញខ្លួនអ្នកទាំងស្រុងនោះទេ វាក៏អាស្រ័យទៅលើខ្លួនអ្នកផ្ទាល់ដែរ ថាអ្នកមានទម្លាប់បែបណាក្នុងការរស់នៅប្រចាំថ្ងៃ ទើបអ្នកអាចក្លាយទៅជាមនុស្សម្នាក់ដែលពោរពេញដោយភាពវិជ្ជមានបាន។
ដូច្នេះហើយ ដើម្បីចង់ក្លាយទៅជាមនុស្សវិជ្ជមានបាន អ្នករាល់គ្នាត្រូវរៀនធ្វើរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះឱ្យបានច្រើនជាមុនសិន ទើបអ្នកក្លាយទៅជាមនុស្សម្នាក់ ដែលមានថាមពលវិជ្ជមាននៅក្នុងខ្លួនទោះមានបញ្ហាអ្វីកើតឡើង ក៏អ្នកអាចប្រឈមមុខ និងអាចដោះស្រាយវាបានដោយងាយ។
ចង់ក្លាយជាមនស្សវិជ្ជមានត្រូវធ្វើរឿងទាំងនេះឱ្យបានច្រើន៖
១. ចេះចែករំលែកឱ្យអ្នកដទៃ
អ្នកអាចក្លាយជាមនុស្សវិជ្ជមានបាននៅពេលដែលអ្នករៀនចេះចែករំលែកជាមួយអ្នកដទៃឱ្យបានច្រើន តាមអ្វីដែលខ្លួនអ្នកអាចធ្វើបានទើបអាចឱ្យអ្នកមើលឃើញថាពិភពលោកនេះគឺពិតជាស្រស់ស្អាត និងមិនមែនមានតែការច្រណែនឈ្នានីសនោះទេតែវាក៏មានអំពើល្អនិងការចែករំលែកដល់អ្នកដែលជួបការលំបាកដែរហើយទាំងនោះវាក៏ចាប់ផ្តើមចេញពីខ្លួនអ្នកផ្ទាល់ដែរ។
២. បើកចិត្តឱ្យទូលាយ
រៀនបើកចិត្តឱ្យទូលាយមើលពិភពលោកក្នុងភាពស្រស់ស្អាត ទើបមិនធ្វើឱ្យអ្នកគិតអ្វី ឬធ្វើអ្វីក្នុងផ្លូវមិនល្អម្យ៉ាងនៅពេលដែលអ្នករៀនចេះមើលជ្រុងមួយនៃពិភពលោកក្នុងភាពស្រស់ស្អាត អ្នកនឹងដឹងថាអ្វីៗនៅក្នុងលោកនេះទោះពេលខ្លះវាគួរឱ្យខ្លាចក៏ពិតមែន ប៉ុន្តែក៏មានអ្វីផ្សេងដែលល្អជាងនេះដែរ ទាំងនេះហើយ ដែលធ្វើឱ្យអ្នកមានភាពវិជ្ជមានខ្លះនៅក្នុងខ្លួន។
៣.យកចិត្តគេដាក់ចិត្តខ្លួនឯង
មុននឹងធ្វើអ្វីមួយត្រូវរៀនចេះយកចិត្តគេមកដាក់លើចិត្តខ្លួនឯង បើអ្នកយល់បែបណា គេក៏យល់បែបនោះបើអ្នកមិនបានគិតអ្វីអាក្រក់ ឬអ្នកមិនធ្វើអ្វីអាក្រក់ នោះអ្នកដទៃក៏ដូចជាអ្នកដែរ ហើយមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាក្រក់នោះទេ អញ្ចឹងហើយ កុំឆាប់វាយតម្លៃឬមើលគេត្រឹមតែសម្បកក្រៅ ទើបជីវិតអ្នកអាចជួបតែមនុស្សល្អៗ។
៤. ញញឹមឱ្យបានច្រើន
ស្នាមញញឹមអាចឱ្យអ្នកឆ្លងកាត់រាល់ឧបសគ្គលំបាកៗជាច្រើនបានដោយងាយប្រសិនបើអ្នកញញឹមឱ្យបានច្រើន ព្រោះស្នាមញញឹមតែងផ្តល់នូវក្តីសង្ឃឹមនិងនាំអ្នកឱ្យជួបតែរឿងល្អៗនៅក្នុងជីវិតជានិច្ច តែបើអ្នកមុនមិនរីក ទោះជាថ្ងៃល្អក៏អ្នកមិនអាចរីករាយបានដែរ ដូច្នេះរៀនញញឹមឱ្យបានច្រើនទើបភាពវិជ្ជមានចូលមកក្នុងជីវិតអ្នកខ្លះ។
៥.លើកទឹកចិត្តដល់មនុស្សក្បែរខ្លួន
នៅពេលដែលអ្នកចេះលើកទឹកចិត្តដល់មនុស្សក្បែរខ្លួនបានកាន់តែច្រើន កាលណា អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលចូលចិត្តគិតអ្វីៗក្នុងភាពវិជ្ជមាន ទោះពេលខ្លះអ្នកមិនអាចជួយខ្លួនឯងចេញពីបញ្ហាណាមួយក៏ពិតមែន យ៉ាងហោចណាស់ ក៏អ្នកអាចជួយដល់មនុស្សក្បែរខ្លួន មិនឱ្យលិចលង់ទៅនឹងការធ្លាក់ទឹកចិត្តបានដែរហើយវាក៏បានធ្វើឱ្យអ្នកមានក្តីសុខក្នុងការជួយគេ៕