យល់ដឹង៖ នៅលើផ្លូវជីវិតរបស់យើងរាល់គ្នាតែងតែបានឆ្លងកាត់នូវបញ្ហា និងឱបសគ្គជីវិតជាច្រើន ដែលអ្នកណាក៏មិនអាចគេចផុត ពីបញ្ហាដែលកើតមានក្នុងជីវិតដែរប៉ុន្តែបញ្ហានិងឱបសគ្គទាំងអស់នោះវាកើតឡើងមកគឺដើម្បីឱ្យយើងរាល់គ្នាបានរៀនសូត្រពីវា។
ដូច្នេះហើយប្រសិនជាជីវិតរបស់អ្នក កំពុងតែជួបនូវបញ្ហាណាមួយ អ្នករាល់គ្នាគួរតែកុំទាន់អស់សង្ឃឹមនឹងជីវិតផ្ទុយទៅវិញ អ្នកគួរតែសាកល្បងរៀនសូត្រពីវា ទើបអ្នកអាចរីកចម្រើនទៅមុខដូចជាការសាកល្បងពីរឿងមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះអញ្ចឹង។
គ្រប់ដំណើរជីវិតយើងគួរសាកល្បងរៀនពីរឿងទាំងនេះ៖
១. រៀនដាក់សម្ពាធចុះ
រឿងរ៉ាវនិងបញ្ហាដែលបានកើតឡើងមកក្នុងជីវិតរបស់អ្នករាល់គ្នាវាអាចនឹងក្លាយទៅជាសម្ពាធដ៏ធ្ងន់មួយ អញ្ចឹងហើយ អ្នកគួរតែរៀនដាក់សម្ពាធទាំងនោះចុះ ព្រោះអ្វីៗវាមិនចេះតែបានដូចចិត្តយើងចង់បានរហូតនោះទេរឿងណាគួរគិត ចាំគិត រឿងណាដែលមិនគួរគិត ឬយកដាក់ក្នុងចិត្ត ក៏បំភ្លេចវាចោលទៅទើបជីវិតអាចរកឃើញសេចក្តីសុខ។
២. រៀនបោះបង់
រឿងខ្លះកាន់តែឆាប់បោះបង់ចោល គឺកាន់តែល្អបំផុតសម្រាប់ខ្លួនឯង មិនមែនបានន័យថាអ្នកគ្មានការតស៊ូទេព្រោះចំពោះរឿងរ៉ាវមួយចំនួន មិនថាអ្នកប្រឹងប្រែងយ៉ាងណាទេ ចុងក្រោយទៅវាក៏នៅតែគ្មានន័យដដែរ អញ្ចឹងហើយ ពេលខ្លះការបោះបង់អ្វីមួយចោលវាអាចជាជម្រើសដ៏ល្អមួយ សម្រាប់ធ្វើឱ្យជីវិតរបស់អ្នករាល់គ្នារីកចម្រើនទៅមុខបាន។
៣. រៀនដោះលែង
កុំប្រឹងឱបក្រសោប នូវអ្វីដែលធ្វើឱ្យខ្លួនឯងឈឺចាប់រៀនដោះលែង រៀនព្រលែង ទើបផ្លូវចិត្តអ្នកអាចមានក្តីសុខខ្លះជាពិសេសមនុស្សដែលមើលមិនឃើញពីតម្លៃ និងក្តីស្រលាញ់របស់អ្នកព្រោះមនុស្សទាំងនោះ មិនស័ក្កសមនឹងទទួលបានក្តីស្រលាញ់ពីអ្នកឡើយ គួរយកក្តីស្រលាញ់ទាំងនោះ ប្រគល់ឱ្យមនុស្សដែលស័ក្កសមនឹងទទួលបានវិញទើបអ្នកមិនត្រូវឈឺចាប់។
៤. រៀនចិត្តដាច់
ការដែលរៀនធ្វើចិត្តដាច់វាមិនមែនជារឿងអាក្រក់នោះទេ វាអាចជារឿងដ៏ល្អមួយ ដែលអ្នករាល់គ្នាគួរធ្វើដើម្បីខ្លួនឯងព្រោះពេលខ្លះ ការដែលមានចិត្តមេត្តា ចិត្តអាណិតអាសូរខ្លាំងពេកវាមានតែធ្វើឱ្យខ្លួនឯងក្លាយទៅជាមនុស្សល្ងង់ ដែលចាំតែឱ្យគេបោកប្រាស់បានម្តងហើយម្តងទៀតទេបែបនេះហើយ ទើបអ្នកគួរតែរៀនធ្វើចិត្តឱ្យដាច់៕