យល់ដឹង៖ តាមពិតទៅជីវិតSingle មិនមែនជាជីវិតដែលឯកានោះទេ ហើយក៏មិនមែនមានន័យថាជីវិតមានគូមិនចេះឯកាដែរវាអាស្រ័យទៅលើអ្នកណាដែលចេះបង្កើតក្តីសុខឱ្យខ្លួនឯងប៉ុណ្ណោះ ម្យ៉ាងជីវិតSingle អាចនឹងមានក្តីសុខជាងជីវិតអ្នកដែលមានគូទៀតផង។
ដូច្នេះហើយប្រសិនជាអ្នកនៅSingleចង់មានក្តីសុខ អាចសាកល្បងក្នុងការប្រើតិចនិកទាំងនេះបាន នោះអ្នកច្បាស់ជាទទួលបានជីវិតដ៏សែនមានក្តីសុខមួយជាក់ជាមិនខានលើសពីនេះ អ្នកមានគូអាចនឹងលួចច្រណែននឹងជីវិតអ្នកនៅSingleដូចជាអ្នកផងក៏ថាបាន។
តិចនិកប្រើជីវិតSingle ឱ្យមានក្តីសុខបំផុត អ្នកមានគូអាចច្រណែន៖
១. ចំណាយពេលនៅជាមួយមនុស្សដែលខ្លួនស្រលាញ់ឱ្យបានច្រើន
អ្នកណាថាជីវិតSingle គ្មានក្តីសុខនោះ សាកល្បងយកពេលវេលដែលខ្លួនមាន ទៅចំណាយជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ដូចជាគ្រួសារ និងមិត្តភក្តិជាដើម ក្តីសុខគឺយកទៅណាអស់មិនឡើយ ដោយឡែកចំពោះអ្នកមានគូវិញ ពេលខ្លះរកតែពេលនៅជាមួយគ្រួសារ និងមិត្តភក្តិមិនចង់បានផង ហើយពេលខ្លះទៀត ត្រូវបាត់បង់មិត្តភក្តិអស់ ដោយសារតែចំណាយពេលនៅជាមួយសង្សារពេក ដូច្នេះជីវិតSingle មានក្តីសុខបំផុតប្រសិនបើអ្នកចេះយកពេលទៅចំណាយជាមួយនឹងមនុស្សដែលអ្នកស្រលាញ់។
២. ចង់ធ្វើអ្វីក៏ធ្វើភ្លាមទៅ
ពិតណាស់នៅពេលដែលជីវិតនៅម្នាក់ឯង ចង់ធ្វើអ្វី ក៏ទៅធ្វើភ្លាមៗ ដោយមិនចាំបាច់ស្ទាក់ស្ទើរ ឬត្រូវសួរគ្នាដូចជាជីវិតអ្នកមានគូនោះទេហើយវាក៏ជាក្តីសុខមួយដែរ ដែលមិនចាំបាច់ត្រូវមានអ្នកជំទាស់ឬមិនគាំទ្រ ក្នុងការធ្វើអ្វីដែលខ្លួនស្រលាញ់ ព្រោះអ្នកខ្លះមិនបានធ្វើអ្វីដែលខ្លួនចង់ធ្វើទេ ដោយសារតែសង្សារមិនគាំទ្រឱ្យធ្វើហេតុនេះហើយ អ្នកមានគូខ្លះ ក៏ច្រណែននឹងជីវិតអ្នកនៅSingleដែរ។
៣.ចង់ទៅណា ជាមួយអ្នកណាក៏បានស្រេចតែចិត្ត
ជីវិតនៅSingleគឺមានក្តីសុខបំផុត ព្រោះចង់ទៅណាមកណាឬជាមួយអ្នកណាគឺបានស្រេចតែចិត្ត ដោយមិនចាំបាច់ត្រូវមើលទឹកមុខឬស្តាប់តាមការយល់ព្រមពីអ្នកណាម្នាក់ឡើយ ប៉ុន្តែចំពោះអ្នកមានគូ ទោះចង់ទៅណាមកណា ឬជាមួយអ្នកណាក៏មិនងាយស្រួលដែរ ព្រោះច្បាស់ជាមានមនុស្សមិនពេញចិត្តជាក់ជាមិនខាន តែសម្រាប់អ្នកនៅSingle គឺក្តីសុខពេញមួយទំហឹង។
៤. ស្វែងយល់ពីខ្លួនឯងបានច្រើន
អ្នកដែលនៅSingleនឹងមានក្តីសុខខ្លាំងបំផុតជាងអ្នកដែលមានគូទៀតផង ប្រសិនបើអ្នកចេះយកពេលវេលាដែលនៅម្នាក់ឯងនេះមកស្វែងយល់ និងស្គាល់ពីខ្លួនឯងឱ្យបានច្បាស់ជាមុននោះ ព្រោះនៅពេលដែលអ្នកស្គាល់ពីខ្លួនឯងបានច្បាស់វានឹងមិនពិបាកឱ្យអ្នកស្វែងរកក្តីសុខឱ្យខ្លួនឯងនោះទេ ម្យ៉ាងវាក៏បានធ្វើឱ្យអ្នកចេះស្រលាញ់ខ្លួនឯងបានច្រើនជាងមុនផងដែរ។
៥. ក្តីសុខពេញលេញមិនចាំបាច់រំពឹងលើអ្នកណា
ជីវិតនៅSingle វានឹងផ្តល់ក្តីសុខឱ្យអ្នកបំផុតនៅពេលដែលអ្នកមិនរំពឹងចង់បានក្តីសុខពីអ្នកណាម្នាក់ ហើយក៏មិនត្រូវទទួលរងនូវការឈឺចាប់ និងការខកចិត្តដូចគ្នាហេតុនេះហើយ ជីវិតអ្នកដែលនៅSingle គឺមានក្តីសុខបំផុត ព្រោះមិនចាំបាច់ត្រូវរំពឹងលើអ្នកណាមកផ្តល់ក្តីសុខឱ្យព្រោះខ្លួនឯងក៏អាចផ្តល់ក្តីសុខឱ្យខ្លួនឯងបានដែរ៕