យល់ដឹង៖ កុំទាន់ថាខ្លួនឯងជាមនុស្សទន់ជ្រាយព្រោះពេលខ្លះទោះបីអ្នក ជាមនុស្សរឹងមាំខ្លាំងប៉ុណ្ណាក៏ដោយ អ្នកក៏នៅតែអាចបាក់ទឹកចិត្តម្តងម្កាលបានដែរនោះក៏ដោយសារតែអ្នកជាមនុស្ស អ្នកចេះឈឺចាប់ ចេះយំ និងចេះទន់ជ្រាយបែបនេះឯង ហើយវាក៏មិនមែនជារឿងដែលចម្លែកអីដែរ។
ជាងនេះទៅទៀតប្រសិនបើអ្នកបានឆ្លងកាត់រឿងទាំងអស់នេះរួចមកហើយនោះគឺបានន័យថាអ្នក ជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងបំផុត អញ្ចឹងហើយត្រូវចេះប្រាប់ខ្លួនឯងឱ្យតស៊ូបន្តទៀត ព្រោះបើអ្នកធ្លាប់ឆ្លងកាត់រឿងពិបាកៗមករួចទៅហើយនោះ គ្មានហេតុផលអ្វីដែលអ្នកមិនអាចឆ្លងផុតនូវបញ្ហាក្រោយៗទៀតបាននោះទេ។
ឆ្លងកាត់រឿងទាំងនេះបានអ្នកជាមនុស្សរឹងមាំណាស់៖
១.ត្រូវមនុស្សក្បែរខ្លួនក្បត់
ប្រសិនបើអ្នកធ្លាប់ជាមនុស្សម្នាក់ ដែលត្រូវបានមនុស្សក្បែរខ្លួនក្បត់ទាំងដែលអ្នកទុកចិត្តនិងជឿជាក់លើគេខ្លាំង ហើយអ្នកអាចឆ្លងកាត់រឿងនេះបាន គឺបានន័យថាអ្នកជាមនុស្សម្នាក់ដែលរឹងមាំខ្លាំងណាស់ព្រោះដឹងថាហេតុអ្វីទេ? នោះគឺមកពីការដែលត្រូវបានមនុស្សដែលខ្លួនទុកចិត្តក្បត់វាជារឿងដែលឈឺចាប់ខ្លាំងបំផុត ដូចយកកាំបិតមកចាក់ដើមទ្រូងខ្លួនឯងអញ្ចឹង។
២. បែកបាក់ស្នេហា
ស្នេហាគឺជារឿងដែលអាចផ្តល់នូវក្តីសុខខ្លាំងបំផុតឱ្យមនុស្សប៉ុន្តែនៅពេលដែលបែកបាក់ វាក៏បានផ្តល់នូវការឈឺចាប់ជាខ្លាំងមកឱ្យមនុស្សដូចគ្នាហេតុនេះហើយ បើអ្នកឆ្លងកាត់ការបែកបាក់ស្នេហាដែលខ្លួនស្រលាញ់ខ្លាំងអ្នកជាមនុស្សដែលរឹងមាំបំផុត ដែលអាចឆ្លងកាត់វាមកបាន។
៣. ការបាត់បង់
អ្នកណាៗក៏ធ្លាប់ឆ្លងកាត់ការបាត់បង់ ហើយរាល់ពេលដែលបាត់បង់ម្តងៗ គឺវាពិតជាពិបាកទទួលយកខ្លាំងណាស់តែបើអ្នកអាចប្រឈមមុខទៅនឹងអារម្មណ៍ ដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់បានគឺបង្ហាញឱ្យអ្នកដឹងហើយថាអ្នកជាមនុស្សដែលពូកែអត់ធ្មត់ និងរឹងមាំខ្លាំងប៉ុណ្ណានោះ។
៤. ការខកបំណង
នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗច្បាស់ណាស់ថាមានគោលដៅដែលម្នាក់ៗចង់ដើរទៅដល់ ប៉ុន្តែការទៅដល់គោលទៅនីមួយៗ វាមិនមែនចេះតែទៅដល់ ដូចជាការដែលរំពឹងទុកនោះទេវាក៏ធ្វើឱ្យជួបនូវការខកចិត្ត ម្តងជាពីរដងដែរ ហើយបើអ្នកអាចឆ្លងកាត់ការបរាជ័យ និងការខកបំណងនៅក្នុងជីវិតបាន អ្នកជាមនុស្សដែលរឹងមាំខ្លាំងបំផុត៕