យល់ដឹង៖មនុស្សស្រីសម័យនេះ គេមិនខ្លាចនឹងមានឈ្មោះថាជាស្ត្រីមេម៉ាយទេ អ្វីដែលគេខ្លាចបំផុតនោះគឺត្រូវទ្រាំរស់នៅ ទាំងទឹកភ្នែកទៅវិញទេ ទើបវាគួរឱ្យខ្លាចបំផុតសម្រាប់មនុស្សស្រី។ ហេតុនេះហើយ ប្រសិនបើរស់នៅដោយគ្មានក្តីសុខ នៅក្នុងជីវិតគូទៅហើយនោះ មនុស្សស្រីគេសុខចិត្ត រស់នៅមានឈ្មោះថាជាស្ត្រីមេម៉ាយវិញ។
ជាងនេះទៅទៀតមនុស្សស្រីដែលជាស្ត្រីមេម៉ាយភាគច្រើន ពួកគេបែរជាសុខចិត្តរស់នៅចិញ្ចឹមកូនតែម្នាក់ឯងក៏មិនរកថ្មីដែរ ហើយបើទោះបីជាពួកគេ នៅតែមានសម្រស់ស្រស់ស្អាត និងមានវ័យនៅក្មេងក៏ដោយក៏ស្ត្រីមេម៉ាយទាំងនោះ សុខចិត្តជ្រើសរើសការរស់នៅតែម្នាក់ឯងវិញជាជាងរកអ្នកថ្មីមកស្អំបេះដូង។
ហេតុផលទាំងនេះដែលធ្វើឱ្យស្រី្តមេម៉ាយភាគច្រើន សុខចិត្តរស់នៅម្នាក់ឯងមិនរកថ្មី ទោះខ្លួននៅវ័យក្មេងក៏ដោយ៖
១.ពួកគេឆ្អែតឆ្អន់នឹងជីវិតគូ
មនុស្សស្រីគ្រប់រូបគឺគ្មាននរណាម្នាក់ ចង់ឱ្យខ្លួនឯងមានឈ្មោះថាជាស្ត្រីមេម៉ាយ ឬឱ្យកូនរស់ឆ្ងាយពីឪពុកគេនោះទេដោយឡែកចំពោះមនុស្សស្រី មុននឹងពួកគេសម្រេចចិត្ត ទទួលយកនូវរឿងទាំងអស់នេះហើយនោះ មានន័យថា គេឆ្អែតឆ្អន់នឹងជីវិតគូខ្លាំងណាស់ហើយ ទើបបានជាសម្រេចចិត្តបែបនេះ។ អញ្ចឹងហើយ ទើបធ្វើឱ្យស្ត្រីមេម៉ាយភាគច្រើន ទោះខ្លួននៅស្រស់ស្អាត និងវ័យក្មេងក៏ដោយក៏ពួកគេសុខចិត្តរស់នៅជាមួយកូនឱ្យមានក្តីសុខវិញ ប្រសើរជាងរកអ្នកថ្មីមកស្អំបេះដូង។
២.ពួកគេគិតថាអ្នកថ្មី មិនអាចមើលថែកូនពួកគេបានល្អ
ចំពោះមនុស្សស្រីអ្វីដែលសំខាន់បំផុតនៅក្នុងជីវិតនោះ គឺកូនៗ ដូច្នេះហើយមិនថាជួបទុក្ខលំបាក ឬត្រូវចិញ្ចឹមកូនតែម្នាក់ឯងក៏ដោយ ក៏ពួកគេមិនខ្លាចការលំបាកដែរ។ ម្យ៉ាងវិញទៀត មូលហេតុដែលធ្វើឱ្យស្ត្រីមេម៉ាយភាគច្រើន មិនយកអ្នកថ្មីមកស្អំរបួសចាស់នោះព្រោះពួកគេគិតថា អ្នកថ្មីអាចនឹងមិនត្រឹមតែ មិនអាចមើលថែកូនៗគេឱ្យបានល្អទេ តែអាចធ្វើបាបកូនៗ ពួកគេទៀតផងអញ្ចឹងហើយ សម្រាប់មនុស្សស្រី ការរស់នៅជាមួយកូន ដោយភាពស្ងប់សុខនោះ វាគឺជារឿងដែលមានក្តីសុខបំផុតទៅហើយ និងមិនចាំបាច់ទាល់តែមានមនុស្សប្រុសនោះទេ។
៣. ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងចិញ្ចឹមកូន និងខ្លួនឯងបានដោយងាយ
មនុស្សស្រីសម័យនេះពួកគេមិនខ្លាចនឹងត្រូវរស់នៅចិញ្ចឹមកូន ដោយម្នាក់ឯងនោះទេព្រោះមនុស្សស្រីសម័យនេះ ពួកគេមានសមត្ថភាពគ្រប់គ្រាន់ដែលអាចចិញ្ចឹមកូនដោយម្នាក់ឯង បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពឹងពាក់អ្នកណាម្នាក់ឡើយទើបជាហេតុធ្វើឱ្យស្រី្តមេម៉ាយភាគច្រើន មិនត្រូវការអ្នកថ្មី មកស្អំបេះដូងឬមកធ្វើជាទីបង្អែកសម្រាប់គេឡើយ បើទោះបីជាពួកគេនៅវ័យក្មេង ហើយសម្រស់នៅតែស្រស់ស្អាតក៏ដោយក៏មនុស្សស្រីមេម៉ាយសម័យនេះមិនខ្វល់ដែរ សំខាន់ឱ្យតែបានរស់នៅជាមួយកូន ដោយមានក្តីសុខ ទោះអត់មនុស្សប្រុសក៏គ្មានបញ្ហាដែរ៕
ប្រភព៖ quora