យល់ដឹង៖មនុស្សប្រុសមួយចំនួន នៅពេលដែលឃើញមនុស្សប្រុសគ្នាឯង ដែលជាប្តីល្អ ដែលគេចេះឱ្យតម្លៃប្រពន្ធគេ បែរជាចូលចិត្តគិតអវិជ្ជមានថា ជាប្រុសនឹងគេដែរ តែខ្លាចប្រពន្ធទៅវិញទាំងដែលទង្វើទាំងនោះ វាបង្ហាញពីការមានទំនួលខុសត្រូវរបស់មនុស្សប្រុសជាប្តីល្អ ដែលស្រលាញ់និងតែងតែឱ្យតម្លៃទៅលើប្រពន្ធ។
ដូច្នេះហើយប្រុសៗគួរតែកុំចូលចិត្តគិតអវិជ្ជមាន ហើយគិតថាខ្លួនឯងជាប្តីល្អឱ្យសោះ បើមិនចេះគោរព និងឱ្យតម្លៃទៅលើប្រពន្ធកូននោះជាងនេះទៅទៀត ទង្វើមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះដែលប្តីតែងតែធ្វើចំពោះប្រពន្ធ វាបង្ហាញថាប្តីចេះឱ្យតម្លៃប្រពន្ធមិនមែនបានន័យថាប្តីខ្លាចប្រពន្ធនោះទេ។
ទង្វើទាំងនេះរបស់ប្តីមិនមែនបានន័យថាខ្លាចប្រពន្ធទេ តែបានន័យថាចេះឱ្យតម្លៃប្រពន្ធ៖
១.បដិសេធការសប្បាយនៅខាងក្រៅជាមួយមិត្តភក្តិ
ការដែលមនុស្សប្រុសជាប្តី បដិសេធការសប្បាយជាមួយមិត្តភក្តិក្នុងការទៅជួបជុំនៅខាងក្រៅ ដើម្បីបាននៅផ្ទះក្បែរប្រពន្ធកូននោះមិនមែនបានន័យថាមនុស្សប្រុសជាប្តីខ្លាចប្រពន្ធទេ តែវាមានន័យថាមនុស្សប្រុសម្នាក់នោះគឺជាប្តីដ៏ល្អម្នាក់ ដែលចេះឱ្យតម្លៃប្រពន្ធចេះព្រួយបារម្ភ និងមិនទុកប្រពន្ធកូនចោល ដោយទាំងនេះ វាមិនមែនជាទង្វើដែលប្តីខ្លាចប្រពន្ធទេតែវាជាការបង្ហាញពីក្តីស្រលាញ់ និងការឱ្យតម្លៃទៅលើប្រពន្ធ។
២.មិនហ៊ានរញ៉េរញ៉ៃជាមួយស្រីផ្សេង
មនុស្សប្រុសជាប្តីមួយចំនួន ដែលមិនចូលចិត្តទៅពាក់ព័ន្ធ ឬរញ៉េរញ៉ៃជាមួយស្រីផ្សេងវាមិនមែនបានន័យថាប្តីខ្លាចប្រពន្ធដឹង ឬមានបញ្ហាដល់ទំនាក់ទំនងប្តីប្រពន្ធទេតែវាបានន័យថាមនុស្សប្រុសជាប្តីមានភាពស្មោះត្រង់ស្រលាញ់ គោរពនិងឱ្យតម្លៃទៅលើមនុស្សស្រី ដែលមាននាមជាប្រពន្ធស្របច្បាប់ទៅវិញទេអញ្ចឹងហើយ ប្តីដែលមិនចេះទៅរញ៉េរញ៉ៃជាមួយស្រីផ្សេងគឺជាប្តីដែលស្រលាញ់និងឱ្យតម្លៃប្រពន្ធ មិនមែនប្តីខ្លាចប្រពន្ធទេ។
៣. ជួយកិច្ចការផ្ទះប្រពន្ធ
មនុស្សប្រុសអវិជ្ជមានមួយចំនួនតែងតែគិតថាមនុស្សប្រុសជាប្តីដែលបោកខោអាវ ធ្វើម្ហូបឬជួយមើលកូនជំនួសប្រពន្ធជាមនុស្សប្រុសដែលអន់ ខ្លាចប្រពន្ធ តែតាមពិតទៅ ប្តីដែលចេះជួយកិច្ចការផ្ទះប្រពន្ធ គឺជាប្តីដ៏ល្អម្នាក់ ដែលចេះយល់ពីទុក្ខលំបាករបស់ប្រពន្ធ ដោយទង្វើនេះរបស់ប្តីវាមិនបានបង្ហាញថាប្តីខ្លាចប្រពន្ធនោះទេ តែវាបង្ហាញពីការឱ្យតម្លៃ និងស្រលាញ់ប្រពន្ធ។
៤.ទៅណាមកណាតែងយកប្រពន្ធទៅតាម
ប្តីដែលទៅណាមកណាតែងតែយកប្រពន្ធទៅតាម មិនមែនបានន័យថាប្រពន្ធមិនទុកចិត្តប្តី ឬប្តីខ្លាចប្រពន្ធមិនទុកចិត្តទេ តែវាជាការឱ្យតម្លៃទៅលើប្រពន្ធ ដោយការដែលនាំប្រពន្ធ ឱ្យមនុស្សនៅក្នុងសង្គមបានស្គាល់ថាជាមនុស្សស្រី ដែលតែងតែនៅពីក្រោយភាពជោគជ័យរបស់ប្តីនោះ វាជាបង្ហាញឱ្យឃើញថា មនុស្សប្រុសជាប្តី ពិតជាឱ្យតម្លៃ និងផ្តល់កិត្តិយសដ៏ប្រពន្ធរបស់ខ្លួនខ្លាំងណាស់៕