យល់ដឹង៖ ពាក្យថាឧត្តមស្វាមីមិនមែនចេះតែហៅនោះទេ ប្រសិនបើមនុស្សប្រុសជាប្តីម្នាក់នោះមិនបានបំពេញតួនាទីជាប្តីដ៏ល្អម្នាក់ ហើយបើត្រឹមតែនិយាយពាក្យថាស្រលាញ់ប្រពន្ធ គឺវាមិនទាន់គ្រប់គ្រាន់ដែលអាចហៅមនុស្សប្រុសជាប្តីម្នាក់នោះ ថាជាឧត្តមស្វាមីបាននោះទេ។
មនុស្សប្រុសជាប្តីដែលអាចហៅថាជាឧត្តមស្វាមីបានលុះត្រាតែមនុស្សប្រុសជាប្តីម្នាក់នោះ មានចំណុចមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះទើបមនុស្សប្រុសស័ក្កសមនឹងហៅថាជាឧត្តមស្វាមី ដែលប្រពន្ធគ្រប់រូបគួរឱ្យតែតម្លៃនិងគោរពជាទីបំផុត។
មនុស្សប្រុសមានចំណុចណាខ្លះទើបហៅថាជាឧត្តមស្វាមី?
១. តែងតែចេញមុខការពារប្រពន្ធគ្រប់កាលៈទេសៈ
ប្តីដែលអាចហៅថាជាឧត្តមស្វាមីគឺជាប្តីដែលតែងតែចេញមុខការពារប្រពន្ធរបស់ខ្លួនគ្រប់កាលៈទេសៈមិនមែនឃើញគេធ្វើបាបប្រពន្ធ ខ្លួនឯងសម្ងំនៅឱ្យស្ងៀមនោះទេជាពិសេសពេលគ្រួសារសាច់ញាតិខាងខ្លួនធ្វើបាបប្រពន្ធ។
២.មិនរញ៉េរញ៉ៃជាមួយស្រីផ្សេង
ទោះពេលនៅកម្លោះជាមនុស្សព្រានក៏ដោយប៉ុន្តែក្រោយពេលដែលរៀបការរួច មនុស្សប្រុសម្នាក់នោះកែប្រែខ្លួន មិនចេះរញ៉េរញ៉ៃឬទៅពាក់ព័ន្ធនឹងស្រីណាទេនោះ មនុស្សប្រុសម្នាក់នោះគឺស័ក្កសមនឹងហៅថាជាឧត្តមស្វាមីបានហើយគឺព្រោះតែមានចិត្តស្មោះនឹងប្រពន្ធ។
៣. តែងតែសរសើរប្រពន្ធ
ឧត្តមស្វាមីគឺជាប្តីម្នាក់ដែលតែងតែសរសើរប្រពន្ធជានិច្ច ទោះក្នុងភ្នែករបស់អ្នកដទៃប្រពន្ធមិនសូវស្អាត មិនពូកែ តែសម្រាប់ប្តីគឺប្រពន្ធជាមនុស្សស្រីដ៏ល្អលើសគេម្នាក់ ដែលទាំងនេះហើយជាអ្វីដែលឧត្តមស្វាមីគេតែងតែធ្វើដាក់ប្រពន្ធ។
៤.មិនព្រងើយកន្តើយដាក់ប្រពន្ធ
បើខ្លួនអ្នកជាប្តីដែលមិនសូវយកចិត្តទុកដាក់ហើយតែងតែព្រងើយកន្តើយដាក់ប្រពន្ធ កុំហៅខ្លួនឯងថាជាឧត្តមស្វាមីឱ្យសោះ ព្រោះមនុស្សប្រុសជាប្តីដែលជាឧត្តមស្វាមីគេស្រលាញ់និងយកចិត្តទុកដាក់លើប្រពន្ធគេខ្លាំងណាស់។
៥. ប្រឹងធ្វើការរកលុយ
ប្តីដែលអាចហៅថាឧត្តមស្វាមីបានគឺជាប្តីដែលប្រឹងប្រែធ្វើការរកលុយ ដើម្បីឱ្យគ្រួសាថ្កុំថ្កើនតែប្រសិនបើអ្នកជាប្តីដែលតែងតែដើរផឹកស៊ីសប្បាយ លុយមិនដែលសល់ឱ្យប្រពន្ធនោះកុំហៅថាខ្លួនឯងជាឧត្តមស្វាមីអី។
៦. ចិត្តធន់ រឹងមាំមិនប្រើអំពើហិង្សា
មិនថាឈ្លោះប្រកែកឬមានបញ្ហារវាងគ្នាខ្លាំងប៉ុណ្ណាទេ ឧត្តមស្វាមីគេតែងតែជាមនុស្សប្រុសដែលមានចិត្តធន់រឹងមាំ មិនប្រើអំពើហិង្សាដាក់ប្រពន្ធឡើយ ហេតុនេះបើចង់ធ្វើជាឧត្តមស្វាមី មនុស្សប្រុសត្រូវចេះមានចិត្តអត់ធន់ មិនឆេវឆាវតាមអារម្មណ៍របស់មនុស្សប្រុសនោះទេ។
៧.ជួយទុក្ខធុរៈប្រពន្ធ
ប្តីដែលចេះជួយទុក្ខធុរៈប្រពន្ធ ឃើញប្រពន្ធហត់នឿយនឹងការងារផ្ទះ តែងតែជួយសម្រាលការងារនឿយហត់របស់ប្រពន្ធដោយមិនគិតថាជាការងាររបស់មនុស្សស្រីនោះ គឺជាឧត្តមស្វាមីដែលគួរឱ្យគោរព និងកោតសរសើរជាខ្លាំង៕