យល់ដឹង៖ ការចេញទៅខាងក្រៅ ដើម្បីស្តាប់សំលេង បក្សីជាច្រើនប្រភេទ អាចជួយអោយ មនុស្សមានសេចក្តីសុខបាន។ យោងតាមការសិក្សា ពីរបានបង្ហាញថា ការស្តាប់សម្លេងសត្វស្លាប ជាច្រើនប្រភេទ អាចធ្វើអោយ អារម្មណ៍យើងមានក្តីសុខ និងធូរស្បើយក្នុងចិត្ត បានច្រើន។
ការសិក្សាដំបូង ដោយអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ កាលីហ្វ័រញ៉ាបច្ចេកវិទ្យា ឬកាលីហ្វ័រញ៉ា បានមើលពីរបៀបដែល ការច្រៀងរបស់បក្សី មានឥទ្ធិពលលើមនុស្ស ដើរកាត់ឧទ្យាន នៅរដ្ឋខូឡូរ៉ាដូ។ លោកDanielle Ferraro និស្សិតបញ្ចប់ការសិក្សា ផ្នែកជីវវិទ្យា ដែលដឹកនាំការសិក្សា នៅសាកលវិទ្យាល័យCal Poly បាននិយាយថា អាចមានហេតុផលមួយ សម្រាប់រឿងនេះ ប្រហែលជានៅពេលយើង លឺសត្វបក្សីច្រៀង វាធ្វើឱ្យចិត្តយើង បង្កើតជាអារម្មណ៍ដែលមានសុវត្ថិភាព និងភាពស្រស់ស្រាយឡើង។
នៅផ្នែកខ្លះនៃពិភពលោក ការស្រែកហ៊ោរបស់បក្សី អាចជាសញ្ញាមួយ ដែលបង្ហាញថារដូវផ្ការីក និងអាកាសធាតុល្អកំពុងមកដល់។ ហើយភាពសម្បូរបែបនៃបក្សី គឺជាបរិយាកាសល្អ ផងដែរ។ អ្នកស្រាវជ្រាវមួយរូបបាន ពន្យល់ពីការសិក្សានេះថា នាងនិងសហការីរបស់នាង បានរកឃើញសំឡេងបក្សី ដែលមានដើមកំណើតនៅ តំបន់ដែលបានថតទុក។ ក្នុងរយៈពេល ជាច្រើនសប្តាហ៍ អ្នកស្រាវជ្រាវ បានបើកសំឡេងបក្សី ដែលបានថត ក្នុងពេលតែមួយ ជារៀងរាល់ថ្ងៃ។ ដោយមិនបើក នៅពេលណាមួយផ្សេងទៀត បន្ទាប់មកពួកគេ បាននិយាយជាមួយអ្នកដើរកម្សាន្ត បន្ទាប់ពីពួកគេបានឆ្លងកាត់។ អ្នកឡើងភ្នំដែលអាចស្តាប់ សំលេងរបស់សត្វបក្សីផ្សេងៗ បានរាយការណ៍ថា ពួកគេមានអារម្មណ៍សប្បាយរីករាយ ស្រស់ស្រាយជាខ្លាំង។ ក្រុមអ្នកស្រាវជ្រាវ ចង្អុលបង្ហាញថា ទាំងសត្វបក្សី និងជីវចម្រុះ អាចជួយឱ្យ មនុស្សមានសេចក្តីសុខ បានពេញលេញ។
សម្រាប់ការសិក្សាលើកទី២ នាពេលថ្មីៗនេះ ទស្សនាវដ្តីវិទ្យាសាស្ត្រ ប្រចាំថ្ងៃបានរាយការណ៍ថា អ្នកវិទ្យាសាស្ត្រនៅប្រទេសអាឡឺម៉ង់ បានធ្វើការសិក្សាដំបូងថា តើភាពចម្រុះនៃធម្មជាតិ នឹងធ្វើឱ្យមនុស្ស មានអារម្មណ៍រីករាយ ដែរឬទេ?ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យមើល ការស្ទង់មតិគុណភាពជីវិតឆ្នាំ២០១២ លើមនុស្សពេញវ័យ២៦.០០០នាក់ នៅក្នុង២៦ប្រទេស ដើម្បីពិនិត្យមើលថា តើវត្តមានរបស់បក្សី និងធម្មជាតិ អាចបង្កើនថាមពល ក្នុងការរស់នៅ របស់មនុស្សបាន យ៉ាងដូចម្តេចខ្លះ?
Joel Methorst គឺជាអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល Senckenberg សម្រាប់ការស្រាវជ្រាវជីវចម្រុះ និងអាកាសធាតុ មជ្ឈមណ្ឌល iDiv អាឡឺម៉ង់ សម្រាប់ការស្រាវជ្រាវជីវចម្រុះ និងនៅសាកលវិទ្យាល័យGoethe ក្នុងទីក្រុងហ្វ្រែងហ្វើត។ ប្រធានការសិក្សា បាននិយាយថា ជនជាតិអឺរ៉ុប សប្បាយចិត្តណាស់។ ជាពិសេសប្រសិនបើបរិស្ថាន ដែលពួកគេរស់នៅ មានភាពចម្រុះខ្ពស់ នៃប្រភេទសត្វផ្សេងៗ។ វាក៏ត្រូវបានគេរកឃើញថា ជនជាតិអឺរ៉ុបដែលមាន សុភមង្គលបំផុត គឺជាអ្នកដែលអាចទាក់ទង ជាមួយបក្សីផ្សេងៗគ្នា នៅក្នុងជីវិតប្រចាំថ្ងៃ របស់ពួកគេ។ ឬរស់នៅក្នុងបរិស្ថាន ដែលជិតនឹងធម្មជាតិ ដែលជាជំរក របស់សត្វជាច្រើន។ ការសិក្សាដែលបាន ចេញផ្សាយនៅក្នុងទស្សនាវដ្តី សេដ្ឋកិច្ចអេកូឡូស៊ី ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា ប្រសិនបើការច្រៀងបក្សី មានឥទ្ធិពលវិជ្ជមាន ដល់សុខភាពផ្លូវចិត្តរបស់មនុស្ស យើងគួរតែអភិរក្ស បក្សីឲ្យបានច្រើន៕
ប្រភព ៖ sanook