បរទេស៖ របាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន Appleបានចាប់ផ្ដើមដំណើរការផ្ទៃក្នុងការអភិវឌ្ឍរថយន្ត AppleCar បន្ទាប់ពីខ្លួនបរាជ័យក្នុងការចាប់ដៃគូជាមួយភាគីទីបីសម្រាប់ផ្នែកផលិតនិងការដំឡើង។ ប្រភពដែលដឹងអំពីបញ្ហានេះនិយាយថា Appleបានចាប់ផ្តើមទាក់ទងក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្តទូទាំងពិភពលោក សម្រាប់ការដាក់តម្លៃគ្រឿងបន្លាស់។នេះគឺជាសញ្ញាមួយបង្ហាញថា Apple នឹងជ្រើសរើសអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ចុងក្រោយ ក្នុងពេលឆាប់ៗនេះ។
កិច្ចខិតខំប្រឹងប្រែងផ្ដោតអារម្មណ៍ឡើងវិញបានកើតឡើងបន្ទាប់ពីការចរចាបរាជ័យជាច្រើនខែជាមួយក្រុមហ៊ុនដូចជា Hyundai,Nissan និង BMW។ គម្រោង ProjectTitan ដែលជាឈ្មោះផ្ទៃក្នុងសម្រាប់គម្រោងយានយន្តស្វ័យប្រវត្តិរបស់Apple ចាប់ផ្ដើមនៅក្នុងឆ្នាំ២០១៤។ វាចាប់ផ្ដើមជាយានយន្ត ដែល Appleចង់អភិវឌ្ឍន៍ដោយខ្លួនឯង ប៉ុន្តែនៅឆ្នាំ២០១៦ វាហាក់ដូចជា Appleបានបោះបង់ចោលការខិតខំនោះ។
ចាប់តាំងពីពេលនោះមក Apple ត្រូវបានគេរាយការណ៍ថា បានទាក់ទងជាមួយក្រុមហ៊ុនផ្សេងៗ ក្នុងការប៉ុនប៉ងស្វែងរកដៃគូដូចក្រុមហ៊ុនFoxconn សម្រាប់គម្រោង Apple Car របស់ខ្លួន។ គ្មានប្រេនធំៗណាចង់អនុលោមទៅតាមស្ដង់ដាររបស់ Appleទេ ដូច្នេះការចរចាត្រូវបានបញ្ចប់។
ឧស្សាហកម្មយានយន្តអគ្គិសនីកំពុងពន្លឿនយ៉ាងឆាប់រហ័សហើយ Apple ចង់បង្ហាញនិមិត្តសញ្ញារបស់ខ្លួននៅលើទីផ្សារឆាប់ៗនេះ។ Apple Car ត្រូវបានគេរំពឹងថានឹងចេញលក់នៅចន្លោះឆ្នាំ២០២៤និង២០២៧។ ប្រសិនបើអាចបញ្ចេញរថយន្តនេះនៅឆ្នាំ២០២៥គេរំពឹងថានឹងលក់បានប្រហែល១.៥លានគ្រឿង ត្រឹមឆ្នាំ២០៣០៕
ប្រភព: Apple Insider