យល់ដឹង៖ មិនយល់ទេថាមនុស្សទាំងអស់សុទ្ធតែគិតបែបនេះ? ព្រោះតាមមើលឃើញ នាពេលបច្ចុប្បន្ន មនុស្សជាច្រើនមានទំនោរនឹងការថតរូបសំបុត្រយន្តហោះ ហើយបន្ទាប់មកក៏បង្ហោះវា នៅលើបណ្តាញទំនាក់ទំនងសង្គមដើម្បី បង្អួតអំពីការធ្វើដំណើរនាពេលខាងមុខរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយសកម្មភាពទាំងនេះ គឺជាបញ្ហាគ្រោះថ្នាក់លាក់មុខមួយ ដែលយើងគួរតែយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះរឿងមួយចំនួនដូចខាងក្រោម៖
១.នរណាម្នាក់ អាចផ្លាស់ប្តូរកាលវិភាគហោះហើររបស់អ្នក
ដោយគ្រាន់តែស្គាល់ឈ្មោះពេញ និងលេខកក់របស់អ្នកនៅលើសំបុត្រជិះយន្តហោះរបស់អ្នក អ្នកណាក៏អាចផ្លាស់ប្តូរកៅអី កាលវិភាគ និងអាចលុបចោលការធ្វើដំណើរទាំងមូលរបស់អ្នកបានយ៉ាងងាយស្រួលដែរ។ ពួកគេគ្រាន់តែត្រូវចូលទៅកាន់គេហទំព័រផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលអ្នកប្រើ ហើយបញ្ចូលឈ្មោះ និងលេខកក់របស់អ្នកតាមរយៈ ការគ្រប់គ្រងការកក់របស់ខ្ញុំ បន្ទាប់មកផ្លាស់ប្តូរការធ្វើដំណើរទាំងមូលបានយ៉ាងងាយ។ ជាពិសេស ក្នុងអំឡុងពេលដំណើរការនេះ ប្រសិនបើពួក Hacker ទទួលបានលិខិតឆ្លងដែន ឬលេខអត្តសញ្ញាណប័ណ្ណរបស់អ្នក ទំនងជាព័ត៌មាននោះនឹងត្រូវបានប្រើដើម្បីចុះឈ្មោះគណនីនៅក្នុងគេហទំព័រមិនល្អ ប្រើដើម្បីក្លែងបន្លំឯកសារ និងក្លែងបន្លំមនុស្សជាដើម។ ប្រសិនបើមានបញ្ហានេះ ត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរ។
២.កុំប្រហែសចំពោះ របារកូដលើប័ណ្ណឡើងយន្តហោះរបស់អ្នក
ទោះបីជាអ្នកបិទបាំងឈ្មោះ និងលេខកក់របស់អ្នកក៏ដោយ នោះមិនមានន័យថាអ្នកមានសុវត្ថិភាពនោះទេ។ ព័ត៌មាននៃការកក់ទាំងអស់មានទីតាំងនៅក្នុង Barcode នៅលើសំបុត្រយន្តហោះ។ មិនត្រឹមតែក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះអាចចូលមើលព័ត៌មានពីបាកូដនេះបានទេ ប៉ុន្តែអ្នកដែលមានអ៊ីនធើណេតផ្សេងទៀត ក៏អាចចូលប្រើប្រាស់បាន។ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនថែមទាំងបង្កប់លេខជើងហោះហើរក្នុងសំបុត្រ ដើម្បីធ្វើឲ្យដំណើរការពិនិត្យចូលកាន់តែលឿន និងងាយស្រួលជាងមុន។ ដូច្នេះ យកល្អកុំបង្ហាញសំបុត្រហោះហើររបស់អ្នកតាមអ៊ីនធើណេតអី ទោះបីជាអ្នកបានបិទបាំងឈ្មោះ និងលេខកក់របស់អ្នកក៏ដោយ។
៣.បាត់ពិន្ទុសមាជិកភាព
នៅពេលដែលអ្នកមានបទពិសោធន៍ធ្វើដំណើរច្រើន ហើយតែងហោះហើរទៀងទាត់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ជាធម្មតាអ្នកនឹងអាចចុះឈ្មោះជាសមាជិក ហើយចាប់ផ្តើមសន្សំពិន្ទុ។ ក្នុងករណីនេះ លេខសមាជិកភាពរបស់អ្នកនឹងស្ថិតនៅខាងក្រោមឈ្មោះរបស់អ្នកដោយផ្ទាល់នៅលើសំបុត្រយន្តហោះរបស់អ្នក។ នៅក្នុងការអនុវត្ត វាពិបាកក្នុងការទម្លាយចូលទៅក្នុងប្រព័ន្ធព័ត៌មានសមាជិកភាពរបស់ក្រុមហ៊ុនអាកាសចរណ៍។ ប៉ុន្តែសម្រាប់ពួក Hacker ដែលមានជំនាញវិជ្ជាជីវៈ គ្រាន់តែលេខសមាជិកភាពរបស់អ្នក ពួកគេអាចចូលគណនីអនឡាញរបស់អ្នកបានយ៉ាងងាយស្រួល និងលួចយកពិន្ទុទាំងអស់ដែលអ្នកបានខិតខំសន្សំ។
៤.មនុស្សអាក្រក់មួយចំនួន ដឹងថាអ្នកមិននៅផ្ទះ
ទោះបីជាមនុស្សភាគច្រើនចូលចិត្ត ថតរូបថតនៃប័ណ្ណឡើងជិះរបស់ពួកគេ ចែករំលែកព័ត៌មានអំពីការធ្វើដំណើរនៅលើបណ្តាញសង្គមក្នុងគោលបំណងផ្សព្វផ្សាយសេចក្តីរីករាយ និងរំភើប។ លទ្ធភាពដែលមានអ្នកដែលមានគំនិតអាក្រក់ ឬជាចោរ អាចនឹងដឹងថាផ្ទះរបស់អ្នកគ្មានមនុស្សនៅទេ។ នៅពេលនោះ ប្រហែលជាពួកគេនឹងមានគម្រោងទៅរុករើផ្ទះរបស់អ្នក ឬរៀបចំគម្រោងទៅលួចរបស់របរផ្ទះអ្នក នៅពេលអ្នកទើបតែចេញពីព្រលានយន្តហោះក៏ថាបាន។ ដូច្នេះ កុំបង្ហាញភាពឯកជនរបស់អ្នកតាមរយៈរូបថតច្រើនពេក។
៥.របៀបបង្ហោះរូបភាពសំបុត្រយន្តហោះបាន ដោយអាចជឿថាមានសុវត្ថិភាព
សំបុត្រយន្តហោះបង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងច្រើន ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាព និងសុវត្ថិភាពជាអតិបរមា អ្នកមិនគួរបង្ហោះរូបភាពសំបុត្រយន្តហោះនៅលើបណ្តាញទំនាក់ទំនងសង្គមជាដាច់ខាត។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះដែលអ្នកចង់បង្ហោះរូបភាពសំបុត្រយន្តហោះ សូមយកចិត្តទុកដាក់លើ៖
• ឈ្មោះពេញរបស់អ្នក និងភេទ
• បិទបាំងត្រង់ចំណុចបាកូដ និងលេខកូដសំបុត្រ
•បិទបាំងត្រង់ចំណុចលេខកូដនៃការកក់
•បិទបាំងលេខជើងហោះហើរ និងពេលវេលារបស់អ្នក ដោយបង្ហាញតែប្រភពដើម និងទិសដៅប៉ុណ្ណោះ។
លើសពីនេះ បើតាមអ្នកជំនាញ មធ្យោបាយដ៏ល្អបំផុតក្នុងការបោះចោលសំបុត្រយន្តហោះ នៅពេលដែលពួកគេលែងប្រើប្រាស់ គឺត្រូវហែកវាជាបំណែកៗ ហើយបំផ្លាញវាទាំងស្រុង។ ដាច់ខាតមិនត្រូវបោះសំបុត្រយន្តហោះដែលនៅដដែលដាក់ក្នុងធុងសំរាមនោះទេ ព្រោះបើវាធ្លាក់ទៅក្នុងដៃអ្នកផ្សេងដែលមានគំនិតអាក្រក់ នោះព័ត៌មាននៅលើវានៅតែអាចប្រើប្រាស់បាន។
ប្រភព៖ kenh14