រាល់ឆ្នាំធ្វើចឹងអត់? មកមេីល របៀបសែនទទួលទេវតាឆ្នាំថ្មី​ ឲ្យត្រូវតាមក្បួនតម្រាខ្មែរ - TrueID

រាល់ឆ្នាំធ្វើចឹងអត់? មកមេីល របៀបសែនទទួលទេវតាឆ្នាំថ្មី​ ឲ្យត្រូវតាមក្បួនតម្រាខ្មែរ

April 11, 2022

យល់ដឹង៖ តាមជំនឿ និងទំនៀមទម្លាប់ខ្មែរតាំងពីបុរាណ បុណ្យចូលឆ្នាំថ្មី ប្រជាជនខ្មែរទាំងអស់តែងតែធ្វើពិធីគោរពបួងសួងដល់ទេវតាឆ្នាំថ្មី នៅតាមវត្តអារាម នៅតាមផ្ទះរៀងខ្លួនៗមិនដែលខកខាន ដើម្បីសុំពរជ័យ សុំសេចក្ដីសុខសប្បាយគ្រប់ៗគ្នា។

ជាមួយគ្នានេះដែរ ក្នុងការរៀបចំទីសម្រាប់ធ្វើសក្ការបួងសួង យើងឃើញមានគេរៀបចំគ្រឿងរបស់របរសែនព្រេនតាមបែបផ្សេងៗ ដោយអ្នកខ្លះក៏រៀបចំសែនបានត្រឹមត្រូវតាមតម្រាខ្មែរ ឯអ្នកខ្លះទៀតក៏នៅមានភាពខុសឆ្គងនៅឡើយ។ ដូច្នេះថ្ងៃនេះផងដែរ យើងនឹងមករៀនពីរបៀបរៀបចំសែនទទួលទេវតាឆ្នាំថ្មីឲ្យត្រូវទាំងអស់គ្នា។

រូបតំណាង
រូបតំណាង

ដោយក្នុងឆ្នាំនេះ ពេលវេលាសែនទទួលទេវតាយាងចុះមកភពផែនដីគឺនៅវេលាម៉ោង ១០:០០នាទី ព្រឹក ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២២ ឆ្នាំខាល។ ឯគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំថ្មីទៀតសោត ជាទូទៅគេមានបែងចែកជា ៣ គឺមានគ្រឿងរណ្ដាប់សម្រាប់ព្រះរាជា សម្រាប់អ្នកមុខអ្នកការ និងសម្រាប់ប្រជារាស្រ្ដសាមញ្ញ តែយើងសុំលើកយកមកតែពីរមកបង្ហាញ។

១.សម្រាប់ប្រជាជនធម្មតា

ត្រូវមាន បាយសី ១ថ្នាក់១គូ គ្រឿងសក្ការបូជាមាន ធូប ៥ ទៀន ៥ ចំនួន ១ឈុត ស្លាធម៌កូនចេកចំនួន ១ គូ ឬ ដាក់តែ ១ក៏បានដែរ។ ផ្លែឈើអាចដាក់ ៣មុខឬ ៥មុខ មានដូចជា ប៉ោម ក្រូច មៀន ចេក និងទំពាំបាយជូ ដោយដាក់ចូលគ្នាតែ ១ចានក៏បាន។ ដូង ១គូ ទឹកអប់ ប្រេង ម្សៅ ១ជើងពាន ឬដាក់ចាន ទឹកស្អាត ដាក់ផ្កាម្លឹះ ឬកាច់ផ្កាឈូកដាក់ចំនួន ១ផ្តិល ទឹកបរិសុទ្ធចំនួន ២កែវ។ អុជទៀនលឿងចំនួន ១គូ។ អុជធូប ក្នុងម្នាក់ ៣សសៃ ឬ ៥សរសៃ។ មានរៀបចំតុក្រាលកំរាលពណ៌ស ឬពណ៌ខៀវខ្ចី ទៅតាមសម្លៀកបំពាក់ទេវធីតាឆ្នាំនីមួយៗ។ រៀបផ្កាឈូកពណ៌ស ឬ ពណ៌ផ្កាឈូកចំនួន ១ថូ ឬ ១គូ ក្នុងមួយថូមាន ៨ទង។ គ្រឿង សណ្កែក និងល្ង ចំនួន ១ចាន ឬ ១គូ។ ចាក់បទសាធុការ មុនទេវធីតាចុះ ៣០វិនាទី។

២.សម្រាប់អ្នកមុខអ្នកការ ឬអ្នកមានទ្រព្យធនគ្រប់គ្រាន់

មាន បាយសី ៥ថ្នាក់ ១គូ បាយសី ៣ថ្នាក់ ១គូ បាយសី ១ថ្នាក់ ១គូ រួមទាំងគ្រឿងសក្ការបូជា ធូប ៥ ទៀន ៥ ចំនួន ១ឈុត។ ស្លាធម៌កូនចេកចំនួន ១គូ ឬយកតែ ១ក៏បាន។ ផ្លែឈើមានដូចជា ប៉ោម ១ចានឬគូ សារី ១ចានឬគូ  ក្រូចលឿង ១ចានឬគូ ចេកណាំវ៉ា ១គូ ទំពាំងបាយ ១ចានឬគូ ល្ពៅ ១គូ ដូងខ្ចី ១គូ ឱឡឹក ១គូ និងផ្លែឈើផ្សេងតាមចំណង់ចំណូលចិត្ត។ ទឹកអប់ ប្រេង ម្សៅ ១ជើងពាន ឬ១ចាន។ ទឹកស្អាត ដាក់ផ្កាម្លឹះ ឬកាច់ផ្កាឈូកដាក់ ១ផ្តិល ទឹកបរិសុទ្ធ ២កែវ។ អុជទៀនលឿង ២ដើម អុជធូបក្នុងម្នាក់ ៣សសៃ ឬ ៥សរសៃ។ មានរៀបចំតុ ក្រាលកំរាល ពណ៌ស ឬពណ៌ខៀវខ្ចី តាមសម្លៀកបំពាក់ទេវធីតាឆ្នាំនីមួយៗ។ រៀបចំផ្កាឈូកពណ៌ស ឬ ពណ៌ផ្កាឈូក ១ថូ ឬ ១គូ ក្នុងមួយថូមាន ៨ទង។ គ្រឿង សណ្កែក និង ល្ង ចំនួន ១ចាន ឬ ១គូ។ ចាក់បទសាធុការ មុនទេវធីតាចុះ ៣០វិនាទី។ ហើយនៅពេលអុជធូប យើងអាចបួងសួងអញ្ជើញហៅឲ្យចំឈ្មោះរបស់ទេវធីតា ហើយបន្ទាប់ពីចប់ការបន់ស្រន់ រួចដោតធូបជាការស្រេច៕

ប្រភព៖ ផេកហ្វេសប៊ុក ហុងស៊ុយ

រូបតំណាង
រូបតំណាង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...