យល់ដឹង៖ មិនថាអ្នកមកពីប្រទេសណាក៏ដោយ អាកាសធាតុតែងតែចុះត្រជាក់ ក្នុងរដូវរងារ ឬឡើងកម្ដៅក្នុងរដូវក្តៅ ប៉ុន្តែនៅពេលបានចូលទៅដល់ខាងក្នុងយន្តហោះ អ្នកនឹងនៅតែមានអារម្មណ៍ថាត្រជាក់ ដែលធ្វើមនុស្សខ្លះរងា រហូតដល់ថ្នាក់ញ័រខ្លួនទៀតផង។
យ៉ាងណាមិញ តាមពិតទៅ សីតុណ្ហភាពក្នុងកាប៊ីនយន្តហោះ ត្រូវបានរក្សានៅចំណុះ ២០អង្សាសេ ឬក្រុមហ៊ុនអាកាសចរណ៍ខ្លះអាចឡើងដល់ ២៤ អង្សាសេ។ ដូច្នេះ បើសិនស្រមៃថា អ្នកបើកម៉ាស៊ីនត្រជាក់ ឲ្យវាត្រជាក់នៅសីតុណ្ហភាព ២០អង្សាសេ គឺអាចទប់ទល់បានត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។
អ៊ីចឹងចុះហេតុអ្វីបានជាសីតុណ្ហភាពនៅលើយន្តហោះតែងតែរក្សាកម្រិតទាបដូច្នេះ?
តាមពិតទៅ សីតុណ្ហភាពទាបក្នុងកាប៊ីនយន្តហោះ ត្រូវបានសិក្សាតាមបែបវិទ្យាសាស្ត្រ ដែលជាហេតុផលមួយជួយការពារអាយុជីវិតរបស់អ្នកទេសចរទាំងឡាយបានផងដែរ។
១. ប្រសិនបើកាប៊ីនមានសីតុណ្ហភាពខ្ពស់ អ្នកដំណើរមានហានិភ័យខ្ពស់ក្នុងការដួលសន្លប់
នេះគឺជាការសិក្សាដែលចេញផ្សាយដោយ សមាគមអាមេរិកសម្រាប់ការធ្វើតេស្ត និងសម្ភារៈ (ASTM)។ លទ្ធផលស្រាវជ្រាវបង្ហាញថា មនុស្សងាយដួលសន្លប់នៅលើយន្តហោះ ដោយសារតែ hypoxia (កាត់បន្ថយអុកស៊ីហ្សែនក្នុងឈាម) កោសិការាងកាយមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដែលនាំឲ្យខ្យល់សួតថយចុះ កាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល។ ដូច្នេះត្រូវតែបន្ថយសីតុណ្ហភាពដើម្បីកាត់បន្ថយហានិភ័យនៃការដួលសន្លប់របស់អ្នកដំណើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
២. សីតុណ្ហភាពទាបកាត់បន្ថយការបាត់បង់ជាតិទឹករបស់ភ្ញៀវ កាត់បន្ថយការក្អួតចង្អោរ និងវិលមុខ
ដោយសារតែនៅខាងក្នុងកាប៊ីនយន្តហោះ ជាធម្មតាស្ងួតខ្លាំង ប្រសិនបើសីតុណ្ហភាពខ្ពស់ វានឹងហួតខ្យល់ទាំងអស់។
៣. សីតុណ្ហភាពកាប៊ីនទាបនឹងធ្វើឲ្យសមាជិកនាវិកកាន់តែមានផាសុកភាព
ដោយសារតែបុគ្គលិកលើយន្តហោះ ត្រូវតម្រូវឲ្យស្លៀកឯកសណ្ឋានសម្លៀកបំពាក់ត្រឹមត្រូវ និងត្រូវដើរនៅកណ្តាលផ្លូវតូចចង្អៀត ហើយធ្វើចលនាជានិច្ចទៅវិញទៅមកច្រើន ដើម្បីជួយអ្នកដំណើរ ដូច្នេះសីតុណ្ហភាពរាងកាយរបស់ពួកគេ នឹងក្តៅជាងធម្មតា ពោលគឺងាយហត់និងបែកញើស។
៤. សីតុណ្ហភាពត្រជាក់ត្រូវបានគេនិយាយថាជួយគ្រប់គ្រងអារម្មណ៍របស់នាវិក និងអ្នកដំណើរ
នៅក្នុងបរិយាកាសចង្អៀត បើសិននៅតែក្តៅ មនុស្សងាយខឹងនិងមួម៉ៅច្រើន។ ដូច្នេះប្រសិនបើកាប៊ីនត្រជាក់ នឹងធ្វើឲ្យគ្រប់គ្នាមានផាសុកភាព ងាយងងុយគេង សម្រាកយ៉ាងស្ងប់សុខ។
ហេតុដូច្នេះហើយ វាមិនដែលមានករណីដែលយន្តហោះមានបរិយាកាស ឬអាកាសធាតុក្តៅនោះទេ សូម្បីតែក្នុងរដូវរងា ឬរដូវក្ដៅក៏ដោយ។ ដូច្នេះជាការត្រៀមខ្លួនឲ្យបានល្អក្នុងពេលបានជិះយន្តហោះ អ្នកគួរតែត្រៀមយកអាវក្រាស់ៗ ឬភួយបន្ថែមទៀតនៅពេលចាំបាច់! ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ខ្លះ ក៏មានភួយឥតគិតថ្លៃនៅលើយន្តហោះសម្រាប់អ្នកដំណើរផងដែរ៕
ប្រភព៖ Kenh14.vn