យល់ដឹង ៖ រំដួល ជាផ្កាតំណាងឲ្យប្រទេសកម្ពុជា មានដើមកំណើតនៅអាស៊ីអាគ្នេយ៍ជានិមិត្តរូបនៃការថែរក្សាបរិស្ថានដោយរដ្ឋាភិបាល និងតំណាងឲ្យលក្ខណៈរួសរាយរាក់ទាក់រួមទាំងភាពវិជ្ជមានរបស់ប្រជាជនកម្ពុជា។
ផ្ការំដួល ជាប្រភេទដើមឈើដែល មានកម្ពស់ចាប់ពី ៣ ទៅ ១៥ ម៉ែត្រ សំបកពណ៌ត្នោត រលោងរាបស្មើ ឬមានលក្ខណៈគ្រើមៗបែកមែកសាខាស្លឹកទោល រលោង ស្រួចចុង ពណ៌បៃតងចាស់។
ចំណែកឯផ្នែកខាងក្រោមរបស់ស្លឹកមានពណ៌បៃតងខ្ចី ចេញផ្កាតាមខ្នែងស្លឹកនិងតាមចុងមែក មានពណ៌ លឿងក្លិនក្រអូប មាន ២ស្រទាប់ ដោយស្រទាប់ទាំង២ មានលក្ខណៈស្រដៀងគ្នា មានកម្រាស់ក្រាស់ ហើយរឹង។ ផ្ការំដួលមាន៦ ត្របក រៀងគ្នាជា ២ ស្រទាប់ ក្នុង ១ ស្រទាប់មាន ៣ ត្របកហើយត្របក ខាងក្នុងមានខ្នាតតូចនិងកោងជាង ចុងត្របកមានលក្ខណះស្រួច។
ផ្ការំដូល ចាប់ផ្តើមផ្កាពីខែធ្នូ ដល់ ខែមីនា ផ្លែមានពណ៌បៃតងខ្ចីមូលតូចរលោង មានគ្រាប់ប្រមាណជា ១ ទៅ ២ គ្រាប់ ជាលក្ខណះកញ្ចុំ ពេលទុំ មានពណ៌ខ្មៅ រសជាតិជូរអែម។
រំដួលមានគុណប្រយោជន៍ខាងឱសថបុរាណដូចជា ៖
- សំបកជួយ បំបាត់អាការៈក្តៅក្នុងខ្លួន
- ផ្កាជួយបំបាត់ ការវិលមុខ ខ្យល់គរ ជាឱសថជំនួយបេះដូង ជំនួយឈាម
- កេសរ អាចផ្សំជាឱសថជំនួយកម្លាំង ជំនួយឈាម និងជួយបំបាត់អាការៈវិលមុខខ្យល់គរ។
ផ្ការំដួលមានក្លិនក្រអូប ជាពិសេសនៅពេលល្ងាច ដោយសារភាពទាក់ទាញនេះចាស់បុរាណខ្មែរ តែងតែប្រដូចស្រីក្រមុំមកផ្ការំដួលថាមានក្លិនក្រអូប និងរូបរាងស្រស់ស្អាត។បច្ចុប្បន្នគេអាចរក មើលបាននៅតាមសួនច្បារមួយចំនួនក្នុងប្រទេសកម្ពុជា។
លើសពីនេះ ក្រៅពីយកផ្ការំដួលតំណាងឲ្យប្រទេសកម្ពុជាហើយនោះ ខាងមន្ទីរកសិកម្មក៏បានយកផ្កានេះតំណាងឲ្យវិស័យកសិកម្មទៀតផង។ដូចនេះ ប្រជាជនខ្មែរគ្រប់រូបពិសេសយុវជនខ្មែរទាំងអស់ចូរចងចាំ និងធ្វើខ្លួនឲ្យមានក្លិនក្រអូបនិងស្រស់ស្អាត ដូចជាផ្ការំដួលដែលតំណាងឲ្យប្រទេសក៏ដូចជាខ្លួនឯងផ្ទាល់៕
ប្រភព ៖ Wikipedia