គន្លឹះខ្លះៗ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរតាមយន្តហោះ - TrueID

គន្លឹះខ្លះៗ ដើម្បីត្រៀមខ្លួនសម្រាប់ការធ្វើដំណើរតាមយន្តហោះ

May 20, 2022

យល់ដឹង៖ ជឿជាក់ថា ប្រិយមិត្ត ឬមហាជនមួយចំនួន ដែលមិនទាន់ធ្លាប់មានបទពិសោធន៍ក្នុងការជិះយន្តហោះ តែងតែគិតបារម្ភ និងខ្លាចថាតើ ពេលជិះយន្តហោះ នឹងមានបញ្ហាណាមួយកើតឡើង ឬមិនដឹងថាពេលទៅដល់ប្រលានយន្តហោះគេត្រូវធ្វើអ្វីខ្លះ? ហើយពេលជិះយន្តហោះអ្វីគួរធ្វើ និងមិនគួរធ្វើ? ចំណុចទាំងអស់នេះ នៅតែជាបញ្ហាចោទមួយនៅឡើយ។

ដូច្នេះថ្ងៃនេះផងដែរ ប្រសិនបើអ្នកជាអ្នកស្រលាញ់ការធ្វើដំណើរទៅទីឆ្ងាយៗតាមជើងយន្តហោះ ឬអ្នកដែលកំពុងមានគម្រោងដើរលេងទៅក្រៅប្រទេសលើកដំបូង គួរតែមកស្វែងយល់អំពីគន្លឹះខាងក្រោមនេះ ដើម្បីរៀបចំខ្លួនឲ្យបានល្អសម្រាប់ការធ្វើដំណើរលើកក្រោយៗ។

១.មកដល់ព្រលានយន្តហោះឲ្យទាន់ពេល

រឿងសំខាន់បំផុតមួយដែលអ្នកត្រូវធ្វើ គឺទៅអាកាសយានដ្ឋានឲ្យបានឆាប់បំផុត បើមិនដូច្នេះទេ អ្នកច្បាស់ជាទៅដល់ឆ្លេឆ្លាពេញព្រលានយន្តហោះមិនខាន។ អ្នកគួរតែព្យាយាមមកដល់ ២ម៉ោងមុនការហោះហើររបស់អ្នក សម្រាប់ជើងហោះហើរអន្តរជាតិ ឬ ១ម៉ោងមុនសម្រាប់ជើងហោះហើរក្នុងស្រុក។ ក្នុងករណីអ្នកមានអីវ៉ាន់ដែលត្រូវត្រួតពិនិត្យច្រើន អ្នកគួរតែទៅអាកាសយានដ្ឋានឲ្យបានមុនម៉ោងហោះហើរ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំអ្វីៗគ្រប់យ៉ាង។

២.យកដបទឹកទទេដាក់តាមខ្លួនមួយ

ជាធម្មតាសន្តិសុខអាកាសយានដ្ឋាននឹងមិនអនុញ្ញាតឲ្យអ្នកនាំយកសារធាតុរាវលើសពី ១០០ml នៅលើយន្តហោះនោះទេ។ ទោះយ៉ាងណាក៏ដោយអ្នកអាចយកដបទឹកទទេជាប់ខ្លួនបាន ព្រោះនៅពេលដែលអ្នកបានឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពរួចហើយ អ្នកអាចច្រកទឹកពីម៉ាស៊ីនបូមសាធារណៈនៅក្នុងកន្លែងទទួលភ្ញៀវបានដើម្បីទុកប្រើប្រាស់។

រូបតំណាង
រូបតំណាង

៣.ជ្រើសរើស​ផ្លូវ​បត់​ឆ្វេង ពេល​ដល់​ចំណុច​ត្រួតពិនិត្យ​សុវត្ថិភាព

បទពិសោធន៍ដែលបានឆ្លងកាត់ដោយអ្នកទេសចរ គឺការបត់ឆ្វេងពេលទៅដល់ច្រកត្រួតពិនិត្យសុវត្ថិភាព ព្រោះវាជាផ្លូវស្រួលធ្វើដំណើរបំផុត។ មូលហេតុគឺដោយសារតែអ្នកដំណើរភាគច្រើនតែងតែបត់ទៅច្រកខាងស្តាំស្ទើរគ្រប់គ្នា (ប្រហែលជាដោយសារតែពួកគេប្រើដៃស្តាំ)។ ទោះបីជាមិនគួរឲ្យគិតដល់ក៏ដោយ ប៉ុន្តែនៅអាកាសយានដ្ឋានជាច្រើន ច្រកផ្លូវខាងឆ្វេងជាធម្មតាស្ងាត់ជាង មិនមានសំឡេងរំខានជាងផ្លូវខាងស្តាំនោះទេ។

៤.ថតរូបកន្លែងចតឡាន អីវ៉ាន់របស់អ្នក និងសំបុត្រឡើងជិះ (Boarding Pass) 

គោលបំណងនៃការថតរូបរបស់ទាំងនេះ គឺងាយស្រួលចំណាំកន្លែងដែលឡានចត ដើម្បីជៀសវាងបញ្ហាដែលអាចកើតមាននៅពេលអ្នកត្រលប់មកវិញ។ ឬប្រសិនបើវ៉ាលីរបស់អ្នកបាត់ ឬត្រូវបានគេលួច អ្នកអាចផ្តល់រូបថតដែលអ្នកបានថតនោះ ដល់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ជាការងាយស្រួលសម្រាប់ពួកគេជួយរកឲ្យអ្នក។

៥.ជ្រើសរើសជើងហោះហើរពេលយប់ពេលធ្វើដំណើរផ្លូវឆ្ងាយ

ប្រសិនបើអ្នកមិនចូលចិត្តមនុស្សអ៊ូអរ មិនចង់អង្គុយច្រើនម៉ោងលើយន្តហោះ សូមសាកល្បងកក់ជើងហោះហើរដែលចេញដំណើរក្រោយម៉ោង ១០យប់បាន។ វានឹងកាន់តែងាយស្រួលសម្រាប់អ្នកបិទភ្នែកគេង ហើយពេលដល់គោលដៅចុះចត ដល់ពេលអ្នកភ្ញាក់ពីគេងល្មម។ ម្យ៉ាងទៀត ការងារដែលត្រូវតម្រង់ជួរ ដូចជា ប្រើប្រាស់បង្គន់ ឬការដំណើរការផ្សេងៗ នឹងមិនចំណាយពេលរង់ចាំយូរពេកទេ ព្រោះនៅពេលយប់ អាកាសយានដ្ឋានជាធម្មតាទំនេរច្រើន។

រូបតំណាង
រូបតំណាង

 ៦.រៀបចំឯកសារតាមបែបវិទ្យាសាស្ត្រ

ដើម្បីសន្សំសំចៃពេលវេលា និងកុំឲ្យមនុស្សដែលតម្រង់ជួររង់ចាំអ្នកនៅខាងក្រោយទើសចិត្ត អ្នកគួរតែរៀបចំលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ កាតចាក់វ៉ាក់សាំង (ប្រសិនបើចាំបាច់) បូករួមទាំងឯកសារដែលត្រូវការទាំងអស់ ដាក់ភ្ជាប់គ្នាតែមួយឲ្យស្រេច ដើម្បីឲ្យវាងាយស្រួលបង្ហាញនៅពេលមានការស្នើសុំ។ អ្នក​ក៏​គួរ​មាន​កាបូប​តូច​មួយ​ទុកដាក់​ឯកសារ​ធ្វើ​ដំណើរ​របស់​អ្នក​ទាំង​អស់​ឲ្យមាន​សុវត្ថិភាព។

៧.ត្រៀមអាហារសម្រន់ទុកជាប់ខ្លួន

អ្វីគ្រប់យ៉ាងនៅអាកាសយានដ្ឋាន អាចមានតម្លៃថ្លៃជាងធម្មតា ហើយការចំណាយលើអាហារសម្រន់ទាំងនោះមិនមែនជាជម្រើសដ៏ល្អនោះទេ ជាពិសេសប្រសិនបើអ្នកជាអ្នកធ្វើដំណើរដែលមិនសូវមានថវិកា។ ជាងនេះទៅទៀត ប្រសិនបើអ្នកកំពុងតមអាហារ ឬញ៉ាំអាហារដែលមានសុខភាពល្អ អ្នកគួរតែវេចអាហារសម្រន់មកផ្ទាល់ ព្រោះវាអាចពិបាកក្នុងការដឹងថា តើអាហារនៅអាកាសយានដ្ឋានសាកសមនឹងអ្នកដែរឬទេ។

៨.កាត់បន្ថយគ្រឿងប្រើប្រាស់សម្រាប់រាងកាយ

តាមក្បួនមួយ នៅពេលឆ្លងកាត់ច្រកទ្វារសុវត្ថិភាព អ្នកដំណើរនឹងត្រូវដោះសម្លៀកបំពាក់ភាគច្រើនដូចជា អាវធំ ខ្សែក្រវាត់ វ៉ែនតា នាឡិកា គ្រឿងអលង្ការ កាបូប ស្បែកជើង។ ដូច្នេះហើយ អ្នកគួរតែជ្រើសរើសសម្លៀកបំពាក់ និងគ្រឿងប្រើប្រាស់ដោយសាមញ្ញៗ តាមដែលអាចធ្វើទៅបាន ដើម្បីពាក់និងដោះចេញបានឆាប់រហ័ស។ ចៀសវាងការពាក់ស្បែកជើងជាមួយនឹងខ្សែចងរញិករញៃ ឬស្បែកជើងកវែង ឬពាក់គ្រឿងអលង្ការ និងគ្រឿងបន្លាស់ច្រើនពេក។

៩.ស្វែងយល់ជាមុននូវបទប្បញ្ញត្តិនៅពេលឆ្លងកាត់ទ្វារសុវត្ថិភាព

សូមប្រាកដថា មុននឹងឆ្លងកាត់សន្តិសុខ អ្នកបានដកវត្ថុហាមប្រាមចេញពីវ៉ាលីរបស់អ្នក ដូចជា កន្ត្រៃ កាំបិត វត្ថុស្រួច របស់ដែលមានជាតិហ្គាស ទឹកពិសាដែលមានទម្ងន់លើសពី ១០០ml ជាដើម នៅអាកាសយានដ្ឋាន មានការណែនាំអំពីរបស់ទាំងនេះ។ ដូច្នេះក្នុងការយល់ពីបទប្បញ្ញត្តិ អ្នកគួរតែចំណាយពេលខ្លះដើម្បីអាន និងធ្វើតាម ដើម្បីចៀសវាងការដើរតាមទ្វារសុវត្ថិភាព ហើយត្រូវបោះចោលរបស់របរមួយចំនួន។

ប្រភព៖ Theadventurousfeet

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...