កម្សាន្ត៖ ពិតណាស់ របៀបរៀបចំផ្ទះ មានច្រើនប្រភេទ ច្រើនទម្រង់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នករស់នៅ។ ប៉ុន្តែក្នុងនោះ បើអ្នកតុបតែងផ្ទះបានល្អ ក៏អាចកំណត់សុខុមាលភាពរបស់អ្នកបានផងដែរ។
ជាពិសេស ប្រសិនបើអ្នក កំពុងទទួលរងនូវការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត ដូច្នេះ វាដល់ពេលដែលត្រូវថែរក្សាផ្ទះរបស់អ្នក ជាមួយនឹងការកែតម្រូវ ប្ដូរការតុបតែងមួយចំនួនដូចខាងក្រោមនេះ៖
១.ធ្វើឲ្យបន្ទប់មានពន្លឺព្រះអាទិត្យ
ពន្លឺព្រះអាទិត្យធម្មជាតិ គឺល្អសម្រាប់គ្រប់តំបន់នៃផ្ទះរបស់អ្នក ប៉ុន្តែត្រូវប្រាកដចិត្តថា កន្លែងណាដែលល្អ ក្នុងការធ្វើឲ្យមានពន្លឺធម្មជាតិគ្រប់គ្រាន់។ ឧទាហរណ៍ដូចជាផ្ទះបាយ បន្ទប់ទទួលភ្ញៀវ គឺជាកន្លែងដ៏ល្អបំផុត ដើម្បីទទួលបានពន្លឺព្រះអាទិត្យខ្លះ ឬអាចជាបន្ទប់គេងក៏បានផងដែរ។ ប៉ុន្តែដោយសារបន្ទប់គេង ជាកន្លែងសម្រាក ដូច្នេះអ្នកប្រហែលជាមិនចង់ឲ្យមានព្រះអាទិត្យ ពេលព្រឹកដាស់អ្នកនោះទេ។ ប្រសិនបើអ្នកមានបង្អួចធំនៅក្នុងបន្ទប់គេង ប្រហែលជាអាចដាក់វាំងននការពារខ្លះបាន ដើម្បីអាចគ្រប់គ្រងបរិមាណនៃពន្លឺធម្មជាតិ ដែលចូលទៅក្នុងបន្ទប់របស់អ្នក។
២.បន្ថែមរក្ខជាតិបៃតងក្នុងផ្ទះ
រុក្ខជាតិបៃតងក្នុងផ្ទះមានប្រយោជន៍ណាស់។ ហើយអ្វីដែលពិសេសនោះ គឺវាជួយស្រូបយកកាបូនឌីអុកស៊ីត និងធ្វើឲ្យលំហូរអុកស៊ីសែន នៅក្នុងផ្ទះកាន់តែប្រសើរ។ ចួនកាលវាក៏ជួយកាត់បន្ថយភាពតានតឹង កាត់បន្ថយការថប់បារម្ភ កាត់បន្ថយភាពអស់កម្លាំង និងបង្កើនអារម្មណ៍វិជ្ជមានដល់អ្នកផងដែរ។ ប៉ុន្តែក្នុងហេតុផលណាមួយ ប្រសិនបើអ្នកមិនអាចយករុក្ខជាតិផ្សេងៗមកក្នុងផ្ទះបានទេ អ្នកអាចប្រើវាជាការតុបតែងលើជញ្ជាំងជំនួសវិញក៏បាន មិនថាទាំងរូបភាពដើមឈើ វាលស្មៅ ទឹកជ្រោះ ឬព្រៃកំពូលភ្នំជាដើម។
៣.រើសពណ៌តុបតែងត្រឹមត្រូវ
ពណ៌ក៏អាចធ្វើឲ្យអារម្មណ៍របស់មនុស្សល្អផងដែរ។ ស្រមោលពណ៌ក្រហម និងពណ៌លឿងធ្វើឲ្យមនុស្សចាប់ផ្តើមធ្វើសកម្មភាព។ ម៉្យាងវិញទៀតពណ៌ត្នោត អាចផ្តល់នូវអារម្មណ៍ធូរស្រាលបាន។ ដូចជាពណ៌ខៀវ វាអាចជួយបន្ធូរអារម្មណ៍ និងធ្វើឲ្យចិត្តបានស្ងប់។
៤.ការរៀបចំទុកដាក់របស់របរ
ផ្ទះដែលមានភាពរញ៉េរញ៉ៃអាចធ្វើឲ្យអ្នករស់នៅមានអារម្មណ៍មិនស្រួល និងមានបញ្ហា។ វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់គ្រប់តំបន់នៃផ្ទះ។ ដូច្នេះ រាល់អីវ៉ាន់ របស់របរ ឬសម្ភារៈផ្សេងៗ ចូរទុកដាក់ឲ្យមានសណ្ដាប់ធ្នាប់ល្អ។
៥.ការដាក់តាំងកញ្ចក់ឲ្យមានសោភណ្ឌភាពស្អាត
កញ្ចក់ត្រូវបានគេស្គាល់ថា សម្រាប់បង្កើតការបំភាន់ភ្នែក។ បើសិនទិញកញ្ចក់ដែលមានទំហំធំជាងមុន វាកាន់តែមានភាពទាក់ទាញកាន់តែច្រើន។ ប្រសិនបើអ្នក មិនមានកន្លែងសម្រាប់តុបតែងសិល្បៈលើជញ្ជាំងទេ អ្នកអាចដាក់តាំងកញ្ចក់ជំនួសវិញបាន។ ប្រសិនបើអ្នកមានអារម្មណ៍ថាកន្លែងរបស់អ្នកតូចចង្អៀតពេក ពេលដាក់កញ្ចក់ ក៏ត្រូវប្រយ័ត្នផងដែរ។
៦.ធ្វើឲ្យបន្ទប់គេងគ្មានគ្រឿងអេឡិចត្រូនិក
បន្ទប់គេងរបស់អ្នកគួរតែជាកន្លែងសម្រាប់សម្រាក និងស្ងប់ស្ងាត់។ ជឿឬមិនជឿ ប្រព័ន្ធបច្ចេកវិទ្យា វាដើរតួនាទីយ៉ាងសំខាន់ក្ក្នុងការរំខានការសម្រាករបស់អ្នក។ បន្ទប់គេងរបស់អ្នកគួរតែគ្មានកុំព្យូទ័រ និងទូរទស្សន៍តាមដែលអាចធ្វើទៅបាន។ ហើយប្រសិនបើអ្នកអាច សូមដាក់ស្មាតហ្វូន ថេប្លេត ឬឧបករណ៍ចល័តផ្សេងទៀតរក្សាឲ្យឆ្ងាយពីគ្រែគេងរបស់អ្នក។
ប្រភព៖ Sanook