យល់ដឹង៖ ជាការពិត ក្នុងការធ្វើដំណើរកម្សាន្តនៅទីណាក៏ដោយ ភ្ញៀវទេសចរណ៍គ្រប់រូប តែងតែគិតគូរស្ទើរតែសព្វគ្រប់មុនពេលចេញដំណើរ មិនថាទាំងការគិតអំពីការស្លៀកពាក់ ការទុកដាក់ និងនាំយករបស់របរចាំបាច់អ្វីខ្លះទៅដើម្បីឲ្យដំណើរកម្សាន្តមួយនោះ ប្រកបដោយភាពរីករាយ និងសុវត្ថិភាព។
ជាក់ស្ដែងទៅ ការធ្វើដំណើរកម្សាន្តទៅលេងតំបន់សមុទ្រ ក៏មិនខុសពីទីកន្លែងផ្សេងៗដែរ ដែលត្រូវទាមទារឲ្យយើងមានការយកចិត្តទុកដាក់បន្តិចក្នុងការត្រៀមខ្លួន ពិសេសក្នុងអំឡុងរដូវក្ដៅនេះផ្ទាល់តែម្ដង។
ដូច្នេះ អ្វីដែលយើងចង់ណែនាំអំពីការត្រៀមខ្លួនសម្រាប់ដំណើរកម្សាន្តទៅលេងមាត់សមុទ្រនារដូវក្ដៅ អ្នកគួរតែត្រៀមរបស់របរដូចខាងក្រោម៖
១.ឡេការពារកំដៅថ្ងៃ
យោងតាមគ្រូពេទ្យជំនាញខាងសើស្បែក ឡេការពារកម្តៅថ្ងៃសម្រាប់ការប្រើប្រាស់ពេលទៅលេងតាមឆ្នេរសមុទ្រ គួរតែមាន SPF ៣០ ទៅ ៦០ និង PA ++/+++ ហើយមិនជ្រាបទឹក (Waterproof ឬ Water Resistant)។ ពេលលាប ត្រូវលាបក្រែម ២០ ទៅ ៣០នាទី មុនពេលចេញទៅក្រៅ ឬហែលទឹក ហើយលាបម្តងទៀតរៀងរាល់ ២ ម៉ោងម្តង ដើម្បីការពារស្បែកយ៉ាងល្អបំផុត។ ចំណុចនេះ យើងគួរប្រើឡេការពារកំដៅថ្ងៃជាពិសេសសម្រាប់មុខ និងដងខ្លួន។
២.វ៉ែនតាការពារកម្ដៅថ្ងៃ
វ៉ែនតាពាក់ទៅឆ្នេរសមុទ្រ គួរតែមានសន្ទស្សន៍ការពារកាំរស្មី UV ខ្ពស់ និងពណ៌ដិត។ ដើម្បីជ្រើសរើសផលិតផលដែលត្រឹមត្រូវ អ្នកត្រូវសួរអ្នកលក់អំពីវ៉ែនតាដែលមានការការពារកាំរស្មី UV ពី ៩០ ទៅ ១០០%។
៣.មួកចាក់
ស្រដៀងទៅនឹងវ៉ែនតាវ៉ែនតាដែរ មួកចាក់ ឬមួកប្រភេទផ្សេងទៀត នឹងជួយអ្នកទប់ស្កាត់កម្ដៅពីព្រះអាទិត្យ ដោយការពារស្បែកមុខដោយផ្ទាល់ ប្រឆាំងទៅនឹងកាំរស្មីអ៊ុលត្រាវីយូឡេ។ ជ្រើសរើសមួកដែលមានគែមធំទូលាយ ដើម្បីការពារមុខ ពីកម្តៅថ្ងៃបានល្អបំផុត។
៤.កាបូបមិនជ្រាបទឹក សម្រាប់ទូរស័ព្ទ ឬកាមេរ៉ា
ផលិតផលនេះ អាចជួយអ្នកក្នុងការ ការពារឧបករណ៍អេឡិចត្រូនិករបស់អ្នកពីទឹក ឬខ្សាច់សមុទ្រចូល នៅពេលអ្នកប្រហែលធ្វើឲ្យធ្លាក់ដោយអចេតនាណាមួយ។ អ្នកគួរជ្រើសរើសកាបូបបែបនេះ ដែលមានទំហំសមស្របនឹងឧបករណ៍អេឡិចត្រូនិចរបស់អ្នក ដែលមានខ្សែដ៏រឹងមាំ ហើយអាចប្រើអេក្រង់ប៉ះពីខាងក្រៅកាបូបបាន។
៥.ឈុតប៊ីគីនី
សម្រាប់មនុស្សស្រី អ្នកគួរតែជ្រើសរើសឈុតប៊ីគីនីដែលសមនឹងចំណូលចិត្ត និងរូបរាងរាងកាយរបស់អ្នក ចៀសវាងផលិតផលដែលតឹងពេក ដែលអាចបណ្តាលឲ្យមានអារម្មណ៍មិនស្រួលនៅពេលហែលទឹក។ អ្នកក៏គួរយកសម្លៀកបំពាក់មកពាក់ពីលើឈុតប៊ីគីនីបន្ថែមតាមចំណូល ដើម្បីធ្វើចលនាកាន់តែមានទំនុកចិត្ត និងបានម៉ូដទាន់សម័យ។ សម្រាប់មនុស្សប្រុស ក៏គួរតែមានឈុតហែលទឹកដែលសមរម្យ ដូចជាខោជើងខ្លីក្រណាត់ស្ដើងៗ ឬខោហែលទឹកដែលអ្នកចូលចិត្ត ចៀសវាងស្លៀកខោដែលមានក្រណាត់ក្រាស់ ឬខោជើងវែង។
៦.ស្បែកជើងពាក់លើឆ្នេរ
អ្នកមិនគួរពាក់ស្បែកជើងក្រណាត់ ឬស្បែកជើងកែងខ្ពស់ទៅឆ្នេរទេ ព្រោះវាពិបាកក្នុងការដើរ ពិបាកក្នុងការសម្អាត ក្នុងករណីសើម ឬដីខ្សាច់ប្រឡាក់។ ស្បែកជើងប៉ាតាការពារទឹក ស្បែកជើងផ្ទាត់ ស្បែកជើងស៊ក នឹងក្លាយជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ការដើរលើឆ្នេរខ្សាច់។ អ្នកគួរតែជ្រើសរើសស្បែកជើងដែលមាន ទំហំ ពណ៌ ឲ្យត្រូវនឹងសម្លៀកបំពាក់ផងដែរ។
៧.ថ្នាំ
ក្នុងអំឡុងពេលនៃការហែលទឹក សម្រាប់អ្នកមានសុខភាពស្បែកមិនសូវល្អ ងាយបណ្តាលឲ្យរមាស់ ដូច្នេះការយកថ្នាំប្រឆាំងនឹងប្រតិកម្ម និងថ្នាំត្រជាក់អាចជួយអ្នកក្នុងស្ថានភាពនេះបាន។ លើសពីនេះ ថ្នាំមួយចំនួនដែលអ្នកគួរនាំយកមកជាមួយក្នុងការធ្វើដំណើរកម្សាន្តរបស់អ្នក គួរតែមានដូចជា ថ្នាំរំលាយអាហារ ថ្នាំបំបាត់រាគ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំផ្តាសាយ និងថ្នាំផ្សេងៗមួយចំនួនដែលអ្នកតែងតែប្រើជារៀងរាល់ថ្ងៃ (ប្រសិនបើមាន)។
ប្រភព៖ zingnews.vn