បុគ្គលិកលក្ខណៈចម្បង របស់តារានិករនីមួយៗ! - TrueID

បុគ្គលិកលក្ខណៈចម្បង របស់តារានិករនីមួយៗ!

November 15, 2022

យល់ដឹង៖ មនុស្សម្នាក់ៗតែងមានចរិត ឬកពារខុសៗគ្នា ហើយក៏មានអ្នកដទៃដែលមានទស្សនៈគិតមកលើអ្នក ខុសៗគ្នាដែរ។ បុគ្គលិកលក្ខណៈរបស់យើងនីមួយៗ ក៏ខុសៗគ្នា ទៅតាមតារានិករនីមួយៗដែរ។

ថ្ងៃនេះយើងមកស្វែងយល់ពី បុគ្គលិកលក្ខណៈចំបងមួយចំនួន ដែលតំណាងឲ្យតារានិករទាំង ១២ ខាងក្រោមនេះ ៖

♈️ Aries (Mar 21 – Apr 19)

-អត្តចរិត: ពួកគេមានអត្តចរិកឆេវឆាវ ផ្សងគ្រោះថ្នាក់ តែមានចិត្តល្អ មិនរុញរាក្នុងការសម្រេចគោលដៅនូវអ្វីដែលខ្លួនសម្រេចចិត្ត។ ភាគច្រើនមាននិស្ស័យមិនសូវល្អ ប៉ុន្តែគ្រាន់តែមួយឆាវ មិនដែលយកចិត្តទុកដាក់ចំពោះរឿងតិចតួចទេ។

-ស្នេហា: អ្នកជឿលើស្នេហាដែលឃើញភ្លាមស្រលាញ់ភ្លែត អ្នកជាមនុស្សដែលឯករាជ្យ ហើយតែងចង់ឲ្យដៃគូកែប្រែដើម្បីអ្នក។ ប្រសិនបើមានអ្នកណារារាំងដល់ស្នេហារបស់អ្នក អ្នកនឹងមិនបោះបង់ចោលងាយៗឡើយ អ្នកនឹងស៊ូឲ្យដល់ទីបំផុត។

-ពេលខឹង: តារានិករនេះ ខឹងសឹងតែអាចដុតអ្នកទាំងរស់បាន ប្រសិនបើអ្នកមិនចេះសម្រុះសម្រួលជាមួយពួកគេទេ។ ងាយនឹងបាត់បង់ការគ្រប់គ្រង ងាយនឹងបាត់បង់សតិណាស់ ឲ្យតែពេលខឹងម្តងៗ ហើយងាយនឹងគុំគួនណាស់ តែទឹកមុខវិញគឺធម្មតា។

♉️ Taurus (Apr 20 – May 20)

-អត្តចរិត: មនុស្សក្នុងតារានិករនេះ មានចរិតចាស់ទុំបន្តិច តែមានភាពជាអ្នកដឹកនាំ។ ពេលខ្លះពួកគេចូលចិត្តស្ងប់ស្ងាត់ នៅម្នាក់ឯង តែពេលខ្លះក៏ខ្លាចភាពឯកា។ លេងច្រើនដូចជាកូនក្មេង តែ Serious នៅពេលនិយាយពីការងារ។ រួសរាយ និងចូលចិត្តរាប់មនុស្ស។

-ស្នេហា: អ្នកយកចិត្តទុកដាក់ចំពោះដៃគូយ៉ាងខ្លាំង ហើយតែងតែចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់ដៃគូរបស់អ្នកដែរ។ ថ្វីត្បិតតែអ្នកឆាប់យំ ឆាប់ប្រច័ណ្ឌបន្តិច តែក៏ឆាប់បាត់ ព្រោះពេលណាដែលអ្នកដាក់ចិត្តស្រលាញ់ គឺស្រលាញ់ខ្លាំង។ អ្នកខ្វល់ពីមនុស្សនៅជុំវិញខ្លួនខ្លាំង និងធ្វើឲ្យអ្នកដ៏ទៃសប្បាយជានិច្ច ហើយធ្វើពុតដូចជាខ្លួនឯងរីករាយ ទោះបីជាកើតទុក្ខប៉ុណ្ណាក៏ដោយ។

-ពេលខឹង: ពេលដែលគេខឹងល្មមៗ គេមិនសូវជាបញ្ចេញមកក្រៅទេ តែបើហួសហេតុពេកនោះ គេនឹងតបត រហូតម្ខាងទៀតបាត់មាត់តែម្ដង ទើបគេឈប់។ និយាយរួម ពួកគេនេះគឺមិនងាយខឹងងាយៗទេ តែពេលខឹងហើយ ត្រូវប្រយ័ត្នខ្លួនបន្តិច តែគេងាយនឹងយំណាស់ ពេលដែលទាស់សម្ដីគ្នា។ ពួកគេក៏ឆាប់បាត់ដែរ ប្រសិនបើភាគគីម្ខាងទៀត មានហេតុផលត្រឹមត្រូវ។

♊️ Gemini (May 21 – Jun 20)

-អត្តចរិត: មនុស្សនេះចូលចិត្តអ្វីដែលថ្មីហើយប្លែកៗ មានភាពឆ្លាតវៃ ប៉ុន្តែមិនសូវផ្ចិតផ្ចង់ បើសិនជាបាននិយាយគ្នាលេងជាមួយ អ្នកច្បាស់ជាមានអារម្មណ៍រីករាយ ព្រោះរបស់ថ្មីហើយចម្លែកដែលមាន នៅក្នុងខួរក្បាលរបស់តារានិករនេះ នឹងធ្វើឲ្យអ្នកងឿងឆ្ងល់ទៅតាមដែរ។

-ស្នេហា: អ្នកចូលចិត្តណាត់ជួប ដើម្បីបានឃើញមុខគ្នា ឆាប់លង់ស្រឡាញ់ ប៉ុន្តែងាយនឿយណាយ និយាយឲ្យខ្លីទៅសាវ៉ាដែរហ្នឹង។ អ្នកជាមនុស្សដែលមានភាពរីករាយ និងភាពមិនចេះស៊ាំញ៉ាំចូលចិត្តរកអ្វីដែលថ្មីៗ ដូច្នេះហើយទើបដៃគូមិនចេះធុញទ្រាន់ឡើយពេលនៅក្បែរអ្នក។

-ពេលខឹង: តារានិករនេះ មានភាពឆេវឆៅបន្តិច ពេលដែលខឹងគេ គឺចូលចិត្តស្រែកដាក់គេគ្រប់គ្នា។ ពេលខ្លះខឹងអ្នកនេះ ទៅជះកំហឹងដាក់អ្នកនោះក៏មាន។ ពេលដែលគេស្អប់ ឬខឹងហើយ គឺគុំគួនខ្លាំង។ ចូលចិត្តរៀបរាប់ ពីចំនុចអាក្រក់របស់អ្នក ទៅប្រាប់អ្នកដទៃទៀតផង ហើយអាចនឹងព្យាយាមរកវិធី ដើម្បីឲ្យឈ្នះអ្នកជានិច្ច។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

-អត្តចរិត: តារានិករនេះតែងតែពោរពេញដោយក្តីស្រឡាញ់ ចំពោះពួកគេអ្វីដែលសំខាន់បំផុតនោះ គឺគ្រួសារ។ សំបកក្រៅមើលទៅរឹងរូស ប៉ុន្តែមានចិត្តទន់ភ្លន់។ តារានិករនេះមានចិត្តមានះ មានភាពស្មោះត្រង់ចំពោះមិត្តភក្តិ និងគ្រួសារ បើសិនជាធ្វើអ្វី គឺតស៊ូដល់ទីបំផុត។

-ស្នេហា: ជាមនុស្សដែលយកចិត្តទុកដាក់ និងខ្វាយខ្វល់ចំពោះមនុស្សដែលខ្លួនស្រលាញ់ជានិច្ច ហើយក៏ចង់បានភាពចាប់អារម្មណ៍ពីដៃគូវិញដូចគ្នា។ អ្នកតែងតែគាំទ្រយ៉ាងពេញទំហឹងដល់ស្នេហា តែបែរជាធ្វើឲ្យដៃគូមានការយល់ច្រលំ ហើយក៏នាំបញ្ហាខ្លះដល់ខ្លួនឯងដែរ។ ពេលខ្លះអ្នកក៏មានអារម្មណ៍ថា ចុះចាញ់រឿងស្នេហាដែរ។

-ពេលខឹង: ពេលអ្នកធ្វើកំហុសអ្វីមួយលើពួកគេ ពួកគេនឹងមិនចងគំនុំឡើយ តែវាមិនអាចញឹកញាប់ពេកទេ។ ពេលឈ្លោះគ្នាគឺ ពួកគេមិនសូវនិយាយ ឬតមាត់ច្រើនទេ ហើយព្យាយាមដោះស្រាយដោយមានហេតុផល តែបើអ្នកនៅតែមិនស្ដាប់ ឬព្យាយាមឈ្លោះ គឺពួកគេនឹងដើរចេញ ហើយឈប់និយាយតែម្ដង។

♌️ Leo (Jul 23 – Aug 22)

-អត្តចរិត: មានភាពរួសរាយរាក់ទាក់ ចិត្តទូលាយ គឺជាចំនុចពិសេសជាងគេនៃអត្តចរិក ពេលខ្លះស្រឡាញ់មុខមាត់ មានភាពជឿជាក់ចូលចិត្តខ្វល់ខ្វាយច្រើននូវអ្វីដែលអ្នកដទៃមើលមកខ្លួន ក៏ព្រោះតែបែបនេះទើបធ្វើឲ្យខ្លួនឯងមិនសូវសប្បាយចិត្ត។

-ស្នេហា: ជាប្រភេទមនុស្សដែលមិនងាយស្រឡាញ់ តែបើទទួលអ្នកណាចូលមកក្នុងបេះដូង អ្នកនឹងមិនបោះបង់ចោលទៅណាឡើយ អាចនិយាយបានថា ស្មោះលុះក្ស័យ។ ប៉ុន្តែអ្នកជាមនុស្សប្រចណ្ឌខ្លាំង និងតែងតែធ្វើគ្រប់យ៉ាងដើម្បីទទួលបានចំណាប់អារម្មណ៍ពីដៃគូ។

-ពេលខឹង: ពេលដែលខឹង ពួកគេមានចរិតដូចកូនក្មេង ហើយងក់ងរច្រើន តែជាមនុស្សឆាប់ខឹង ក៏ឆាប់បាត់ដែរ។ ពួកគេតែងតែព្យាយាមគ្រប់គ្រងកំហឹងរបស់ពួកគេជានិច្ច គឺងាយនឹងស្ងាត់ ហើយដើរចេញលែងនិយាយតែម្តង។

♍️ Virgo (Aug 23 – Sep 22)

-អត្តចរិត: ពួកគេចូលចិត្តធ្វើអ្វីដែលល្អឥតខ្ចោះ ទោះបីជារឿងកំបុិកកំប៉ុកក៏ដោយ។ តារានិករនេះមានអត្តចរិកសុភាព រម្យទម ក៏ព្រោះតែបែបនេះធ្វើឲ្យខ្លួនឯង មានសម្ពាធ ក៏មិនចេះធ្វើខ្លួនឲ្យទំនេរ ចូលចិត្តជួយគេ។ ដោយសារខ្លួនឯងខ្វះការជឿជាក់គេតែងតែត្រូវការ ការលើកទឹកចិត្តពីមិត្តភក្តិ និងក្រុមគ្រួសារ។

-ស្នេហា: ជាមនុស្សស្រឡាញ់ងប់ងល់ មានភាពកក់ក្ដៅ ពូកែលើកទឹកចិត្តគូស្នេហ៍ មិនចូលចិត្តរករឿងរញ៉េរញ៉ៃ តែងតែទទួលយកគ្រប់យ៉ាងពីដៃគូ ពូកែ take care ផ្ដល់តម្លៃឲ្យគ្នា និងស្មោះត្រង់។ គេចង់បានតែម្យ៉ាងវិញពីមនុស្សជាទីស្រឡាញ់ គឺស្នេហាបែបកាន់ដៃគ្នារហូតដល់ចាស់។

-ពេលខឹង: ពេលខឹងព្យាយាមគ្រប់គ្រងខ្លួនឯងខ្លាំងបំផុត មិនឲ្យបញ្ចេញកំហឹង នៅលើផ្ទៃមុខឡើយ តែក្នុងចិត្តវិញគឺគុំទុកហើយ។ហើយពួកគេ មិនសូវមាត់កទេ តែកុំដដែលៗពេក ប៉ុន្តែក៏ឆាប់បាត់ដែរ។ ជាមនុស្សដែលពូកែទ្រាំបំផុត និងជាមនុស្សចិត្តស្ងប់ មិនងាយនឹងខឹងនរណាសោះឡើយ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

-អត្តចរិត: មនុស្សនេះចូលចិត្ត ស្វែងរកសេចក្តីសុខសន្តិភាព ពូកែរាប់អាន ការនិយាយសន្ទនា គឺជាលក្ខណៈពិសេសរបស់តារានិករនេះ ហើយអ្វីដែលជាគុណវិបត្តិធំបំផុតនោះគឺ តែងតែស្ទាក់ស្ទើរ ងាយនឹងប្រើគំនិតខ្លួនឯងផ្តោត ទៅលើអ្នកដទៃ នេះហើយគឺជាចំនុចគួរឲ្យប្រុងប្រយ័ត្ន។

-ស្នេហា: Libra ជាមនុស្សរ៉ូមែនទិក ងាយលង់ស្រឡាញ់ យកចិត្តទុកដាក់ជាមួយគូស្នេហ៍ មិនចេះគុំបានយូរ ឈ្លោះគ្នាតែមួយភ្លែតត្រូវគ្នាវិញបាត់។ អ្នកចូលចិត្តបង្ហាញអារម្មណ៍ទៅកាន់ដៃគូ និងខ្វាយខ្វល់ច្រើន ចង់ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យដៃគូបានសប្បាយចិត្តដោយមិនគិតពីខ្លួនឯង។

-ពេលខឹង: ជាមនុស្សត្រូវការតែសុខ ហើយមិនចង់ឈ្លោះទាស់ទែងនរណាឡើយ។ ពួកគេមិនសូវចេះខឹងនោះទេ តែពូកែប្រច័ណ្ឌហើយងក់ងរច្រើន។ ពេលខឹងគេតែងសួរយោបល់ពីមិត្តភក្តិ ថាត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យបាត់ខឹង និងគ្រប់គ្រងកំហឹងបាន។ តែបើបានឈ្លោះខ្លាំងហើយ ក៏តមាត់មិនណយដែរ។

♏️ Scorpio (Oct 23 – Nov 21)

-អត្តចរិត: តារានិករនេះមានស្មារតីខ្ពស់ រួសរាយ ចិត្តល្អ រាល់ថ្ងៃចង់រស់នៅឲបានធូរធារ បើសិនជាបាត់បង់គោលដៅ ពួកគេពិបាកនឹងផ្តោតអារម្មណ៍ឡើងវិញណាស់។ ពួកគេមានភាពគុំគួន ដោយមិនគិតពីអ្វីទាំងអស់ និងវាយបកទៅលើសត្រូវ។

-ស្នេហា: អ្នកជាមនុស្សមិនសូវមានចំណាប់អារម្មណ៍ចំពោះស្នេហាប៉ុន្មានទេ។ ជាមនុស្សដែលមិនចូលចិត្តបង្ហាញអារម្មណ៍ស្រលាញ់ភ្លាមៗ ទៅឲ្យមនុស្សដែលខ្លួនស្រលាញ់ បានដឹងភ្លាមៗទេ។ ប៉ុន្តែពេលមួយដែលអ្នកស្រលាញ់អ្នកណាម្នាក់ពិតប្រាកដហើយ គឺអ្នកនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យដៃគូសប្បាយចិត្ត។

-ពេលខឹង: ពេលពួកគេខឹង គេនឹងតបតមកអ្នកវិញជាមិនខាន បើគេស្ងាត់ដាក់អ្នកហើយ អ្នកត្រូវត្រៀមខ្លួនទៅព្រោះគេនឹងជះពាក្យជាច្រើនមកលើអ្នកវិញ និយាយទៅគឺឆ្នាស់តែម្ដង។ ពេលខ្លះ គឺមិនខ្វល់នឹងមនុស្សដែលធ្វើឲ្យខឹងដាច់ខាត តែអាចគុំទុកសាហាវ។

♐️ Sagittarius (Nov 22 – Dec 21)

-អត្តចរិត: តារានិករនេះ ប្រៀបបានទៅនឹងព្រួញនឹងធ្នូ ធ្វើអ្វីដោយឯកឯង រួសរាយរាក់ទាក់ ស្មោះត្រង់ ចូលចិត្តការប្រកួតប្រជែងក្នុងចំណោមតារានិករទាំងអស់គឺជាតារានិករ ដែលចូលចិត្តផ្សងគ្រោះថ្នាក់ ដើរកម្សាន្ត និងចូលចិត្តលេងល្បែង។

-ស្នេហា: ជាមនុស្សដែលចូលចិត្តលេងសើចជាមួយដៃគូ បែបរញ៉េរញ៉ៃប្រកាច់ប្រកិន ឬចាត់ទុកគូស្នេហ៍ដូចមិត្តភក្តិ។ គេចូលចិត្តសាកល្បងអ្វីដែលថ្មី និងប្លែកៗជាមួយដៃគូ ប៉ុន្តែកុំព្យាយាមព្រងើយដាក់តារានិករនេះ ព្រោះគេឆាប់អស់ចិត្តណាស់។

-ពេលខឹង: នៅពេលដែលខឹងហើយ នឹងបញ្ចេញកំហឹង និងស្រែកថាឲ្យភ្លាមៗ មិនទុកទេ តែនៅទីបំផុតក៏បំភ្លេចចោលបាត់ទៅនិយាយទៅជាមនុស្សឆាប់ខឹង ឆាប់បាត់។ ពេលខ្លះ បញ្ហានោះនឹងមិនចប់ងាយៗឡើយ ព្រោះថាគេ នឹងនៅទីនោះចាំតបតអ្នករហូត។តែពេលខ្លះទៀត ក៏ចិតហតទន់ជ្រាយបន្តិចដែរ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

-អត្តចរិត: មានចិត្តអំណត់ជាងគេ ធ្វើអ្វីប្រុងប្រយ័ត្ន ក៏ជាតារានិករដែលស្លូតបូតជាងគេ។ ធ្វើអ្វីប្រាកដប្រជា ក៏រឹងរូសណាស់ដែរមិនដល់គោលដៅគឺមិនព្រមឈប់ទេ។ ភាពអំណត់របស់ពួកគេទូលំទូលាយ ជាមួយគ្នានេះដែរថែមទាំងឧស្សហ៍ព្យាយាម ពោរពេញដោយទំនួលខុសត្រូវ។

-ស្នេហា: Capricorn ពូកែលួងលោមដៃគូ ច្បាស់លាស់លើស្នេហា មានទំនួលខុសត្រូវលើសកម្មភាពរបស់ខ្លួន មិនសូវចេះនិយាយច្រើន តែចូលចិត្តបង្ហាញទង្វើជំនួសវិញ។ អ្នកមានការប្រុងប្រយ័ត្ន និងព្រួយបារម្ភចំពោះស្នេហាជានិច្ច ប៉ុន្តែអ្នកក៏ជាមនុស្សដែលងប់ងល់នឹងរឿងស្នេហាណាស់ដែរ។

-ពេលខឹង: ពួកគេយកកំហឹងទាំងនោះ មកជំរុញខ្លួនឯង ឲ្យពូកែជាងមុន ដើម្បីឲ្យអ្នកដែលធ្វើឲ្យគេខឹងនោះ បានភ្លឺភ្នែកនៅពេលក្រោយ និយាយទៅគឺមិនសូវនិយាយច្រើន តែចូលចិត្តធ្វើឲ្យឃើញនូវភាពឈ្នះរបស់គេ នៅពេលដែលជោគជ័យហើយ។ ពេលខ្លះតារានិករនេះ ចូលចិត្តយំ ប៉ុន្តែយំខ្សឹបៗមិនឲ្យឮសំឡេងទេ។

♒️ Aquarius (Jan 20 – Feb 18)

-អត្តចរិត: ជាមនុស្សដែលឈ្លាសវៃ លក្ខណៈពិសេសនោះគឺ ការច្នៃប្រឌិត ស្វែងរកនូវអ្វីដែលមានតែមួយគ្មានពីរ ចិត្តល្អ និងគោរពអាថ៌កំបាំងរបស់មិត្តភក្តិ ចូលចិត្តរាប់អានមិត្តទាំង ២ ភេទ ប៉ុន្តែពិបាកនឹងយល់ចិត្ត ត្រូវការពេលវេលាច្រើន។

-ស្នេហា: អ្នកជាមនុស្សដែលមានស្នេហាពិត និងស្មោះត្រង់ តែងគិតពីតម្រូវការរបស់ដៃគូជានិច្ច។ អ្នកគ្មានថ្ងៃក្បត់ដៃគូជាដាច់ខាត។ភាគច្រើនបែងចែកមិនដាច់ រវាងមិត្តភាព និងស្នេហា ហើយក៏ជាដៃគូដែលទុកគូស្នេហ៍ដូចជាមិត្តភក្តិ។

-ពេលខឹង: ពេលខឹងគឺចង់នៅម្នាក់ឯង រំងាប់អារម្មណ៍សិនរហូតដល់អារម្មណ៍បានប្រសើរឡើងវិញ។ ភាគច្រើនគេជាមនុស្សចូលចិត្តជជែកវែកញែក រកខុសត្រូវ ហើយដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានហិង្សាអ្វីទាំងអស់។ តែពេលខ្លះ គឺមិននិយាយស្ដីអ្វីទាំងអស់សុខចិត្តទុកក្នុងចិត្តខ្លួនឯង ហើយអាចនឹងឈប់និយាយរកតែម្ដង។

♓️ Pisces (Feb 19 – Mar 20)

-អត្តចរិត: ជាតារានិករក្រោយគេបង្អស់ ក៏ជាតារានិករដែលប្រមូលផ្តុំនូវគុណសម្បត្តិទាំងអស់ អ្វីដែលពិសេសនោះគឺចិត្តដ៏ស្លូតបូតដើម្បីជួយអ្នកដទៃ ឬមិត្តភក្តិ សុខចិត្តលះបង់ខ្លួនឯងទៀតផង។

-ស្នេហា: អ្នកមិនចូលចិត្តស្នេហាបែបធម្មតាៗឡើយ អ្នកចូលចិត្តអ្វីដែលភ្ញាក់ផ្អើលទើបអ្នកគិតថាម្នាក់នោះ គឺស្រលាញ់អ្នកពិត។អ្នកជាមនុស្សរ៉ូមែនទិក ពូកែយកចិត្ត ហើយរមែងដើរតួរជាម្ដាយទីពីររបស់គូស្នេហ៍ជានិច្ច គឺថា take care មិនឲ្យទាស់។ បើមានរឿងល្អក់កករជាមួយគ្នា ក៏មិនសូវមាត់មិនសូវកឡើយ។

-ពេលខឹង: ពួកគេនឹងដើរចេញ ឆ្ងាយ ប្រសិនបើមានកំហឹងកើតឡើង។ ពួកគេតែងតែយកទស្សនៈមួយមកប្រើ ដោយយកពាក្យ"នរណាមានក្តីសុខមានភាពរីករាយជាង" មកសងសឹកអ្នក ដែលធ្វើឲ្យខឹងនោះ។ ម៉្យាងទៀតពួកគេជាមនុស្សឆាប់យំ មានរឿងអីបន្តិចក៏យំដែរ។

អត្ថបទដោយ ៖ Yukvey

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...