កូរ៉េខាងត្បូង៖ ដូចដែលអ្នកគាំទ្រធ្លាប់បានជ្រាបហើយថា ក្រុមចម្រៀងកូរ៉េ BTS មិនត្រឹមតែត្រូវបានគេស្គាល់ដោយសារទេពកោសល្យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានបេះដូងធំ និងបុគ្គលិកលក្ខណៈដ៏គួរឲ្យគោរពផងដែរ។ ដោយពេញមួយអាជីពរបស់ពួកគេ ពួកគេបានប្រើប្រាស់វេទិកាសកលរបស់ពួកគេ ដើម្បីផ្សព្វផ្សាយសារវិជ្ជមានចំពោះមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក។
ក្នុងឆ្នាំ ២០២០ មីក្រូហ្វូនរបស់ក្រុម ដែលប្រើប្រាស់ក្នុងអំឡុងពេលដំណើរទេសចរណ៍ Love Yourself របស់ BTS បានលក់នៅឯ ការដេញថ្លៃ MusiCares ក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ៨៣,២០០ ដុល្លារ។ ពួកគេត្រូវបានគេប៉ាន់ស្មានថានឹងលក់បានចន្លោះពី ១០,០០០ ដុល្លារ និង ២០,០០០ ដុល្លារ មុនពេលការដេញថ្លៃចាប់ផ្តើម។
ពិតណាស់ MusiCares គឺជាអង្គការដែលជួយផ្តល់ «សេវាសុខភាព និងសុខុមាលភាពសំខាន់ៗដល់សហគមន៍តន្ត្រី»។
មិនតែប៉ុណ្ណោះ ឈុតសម្លៀកបំពាក់នៅក្នុងវីដេអូចម្រៀង «Dynamite» ពណ៌ pastel របស់ពួកគេ ក៏ត្រូវបានដាក់លក់ដេញថ្លៃសម្រាប់ MusiCares ដោយនាំមកនូវប្រាក់ចំនួន ១៦២,៥០០ ដុល្លារ ផងដែរ។
BTS ក៏បានរៃអង្គាសប្រាក់បានជាង ៣.៦ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំសម្រាប់ យុទ្ធនាការ Love Myself របស់ពួកគេ ជាមួយ អង្គការ UNICEF។ យុទ្ធនាការនេះមានគោលបំណងផ្សព្វផ្សាយការយល់ដឹងនិងរៃអង្គាសថវិកាសម្រាប់ការទប់ស្កាត់អំ.ពើ.ហិ.ង្សា.លើ.កុមារ និងក្មេងជំទង់។
សកម្មភាពរបស់ BTS តាមរយៈតន្ត្រី និងការខិតខំប្រឹងប្រែងសប្បុរសធម៌របស់ពួកគេ បាននាំមកនូវសេចក្តីរីករាយដល់ ARMYs និងបានជួយជះឥទ្ធិពលជាវិជ្ជមានដល់សង្គមជាច្រើនដង។
ជាពិសេស ថ្មីៗនេះ ឈុតមួយ និងត្រចៀកទន្សាយរបស់ សមាជិក J-Hope នៅក្នុងវីដេអូចម្រៀង «MORE» និង ការថតរូបអាល់ប៊ុម Jack in the Box ក៏ត្រូវបានចុះបញ្ជីសម្រាប់ការដេញថ្លៃជាមួយ MusiCares។
ដូចគ្នានឹងមីក្រូហ្វូនរបស់ BTS ដែរ សម្លៀកបំពាក់របស់ J-Hope បានលើសពីការដេញថ្លៃមុនដំបូងពី ៤,០០០ ដុល្លារទៅ ៦,០០០ ដុល្លារ។ បច្ចុប្បន្ន ការដេញថ្លៃខ្ពស់បំផុតគឺ ១២,៥០០ ដុល្លារ ដោយនៅសល់រយៈពេលជាងមួយសប្តាហ៍ទៀត រហូតដល់ការដេញថ្លៃបញ្ចប់។
យ៉ាងណាមិញ ទាំងក្រុម និង ARMYs បានបង្ហាញថា ជាកម្លាំងដ៏មានឥទ្ធិពលសម្រាប់អំពើល្អ ហើយសកម្មភាពសប្បុរសធម៌របស់ពួកគេ បានបំផុសគំនិតអ្នកផ្សេងទៀតជាច្រើនឲ្យផ្តល់អំណោយដល់សហគមន៍របស់ពួកគេផងដែរ។
ប្រភព៖ koreaboo