កូរ៉េខាងត្បូង៖ ក្នុងនាមជាមិត្តជិតស្និទ្ធដ៏មានឥទ្ធិពល នៃឧស្សាហកម្មកម្សាន្តកូរ៉េ Wooga Fam ដែលមានសមាជិករួមមាន V (BTS) , Park Seo Joon , Choi Woo Sik , Park Hyung Sik និង Peakboy អ្នកទាំង ៥ សុទ្ធតែបានទទួលជោគជ័យ និងបង្កើតឈ្មោះល្បីល្បាញសម្រាប់ខ្លួនឯងក្នុងវិស័យមួយនេះ។
ជាមួយគ្នានេះផងដែរ ចំពោះអាជីពដ៏អស្ចារ្យរបស់តារាប្រុសសម្បូរមន្តស្នេហ៍ទាំងនេះ មិនត្រឹមតែអាចធ្វើឲ្យពួកគេល្បីសុះសាយប៉ុណ្ណោះទេ ថែមទាំងអាចឲ្យសមាជិក Wooga Squad ទាំងអស់ មានទ្រព្យសម្បត្តិច្រើនគួរឲ្យចាប់អារម្មណ៍៕
១.Park Seo Joon មានទ្រព្យសម្បត្តិ ២១ លានដុល្លារ
នៅលើកំពូលនៃបញ្ជីប្រាក់ចំណូលនៅក្នុង Wooga Fam តារាសម្ដែង Park Seo Joon គឺជាតារាម្នាក់ក្នុងចំណោមតារាដែលល្បីបន្ទាប់ពីចូលក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ មិនត្រឹមតែធ្វើឲ្យគេចាប់អារម្មណ៍ជាមួយនឹងតំណែងតួឯកក្នុងរឿងដូចជា «What's Wrong with secretary kim?» «Itaewon Class» Park Seo Joon បានបង្ហាញសមត្ថភាពសម្ដែងដ៏សម្បូរបែបក្នុងវិស័យភាពយន្តជាបន្តបន្ទាប់។ ហើយតួនាទីជាតួឯករបស់ Park Seo Joon នៅក្នុងខ្សែភាពយន្តដែលឈ្នះពានរង្វាន់អូស្ការ «Parasite» បានធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ដែលជួយឲ្យលោកទទួលបានការចាប់អារម្មណ៍ពីហូលីវូដ។ តារាសម្តែងរូបនេះ បានចូលរួមជាមួយពិភពភាពយន្ត Marvel ហើយនឹងបង្ហាញខ្លួនជាលើកដំបូងជាមួយខ្សែភាពយន្ត The Marvels ជាមួយតារាសម្តែង Brie Larson។
ក្រៅពីចំណូលពីការសម្ដែង តារាវ័យ ៣៣ ឆ្នាំរូបនេះ ក៏ទទួលបានការថតផ្សាយពាណិជ្ជកម្មជាច្រើន ពីម៉ាកយីហោលំដាប់ខ្ពស់ផងដែរ។ យោងតាមរបាយការណ៍របស់ CNA Luxury បានឲ្យដឹងថា Park Seo Joon បច្ចុប្បន្នមានទ្រព្យសម្បត្តិរហូតដល់ ២១ លានដុល្លារ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ទាប់ពី The Marvels ត្រូវបានចេញផ្សាយ។ Park Seo Joon ក៏មានអចលនទ្រព្យគួរឲ្យចាប់អារម្មណ៍ជាមួយនឹងអគារ ១០ លានដុល្លារនៅ Sinsa-dong, Gangnam។ បច្ចុប្បន្នតារាសម្ដែងរូបនេះកំពុងរស់នៅក្នុងផ្ទះតម្លៃ ៤,៤ លានដុល្លារក្នុងតំបន់ Cheongdam-dong។
២.V (BTS) មានទ្រព្យសម្បត្តិ ២០ លានដុល្លារ
យោងតាម Celebrity Net Worth ការក្លាយជាសមាជិកនៃក្រុម K-pop ដ៏ធំបំផុតរបស់ពិភពលោកបានជួយ V អាចរកចំណូលទ្រព្យសម្បត្តិបាន ២០ លានដុល្លារ។ ចំនួននេះមិនគួរឲ្យភ្ញាក់ផ្អើលទេ ព្រោះ V មានសកម្មភាពជាមួយក្រុមច្រើន ក៏ដូចជាការងារទោលផងដែរ។ ក្រៅពីចម្រៀង V ក៏បានបង្ហាញពីភាពទាក់ទាញរបស់ខ្លួន នៅពេលចូលប្រឡូកក្នុងវិស័យសម្តែង ហើយត្រូវបានគេវាយតម្លៃជាមួយនឹងសក្ដានុពល បន្ទាប់ពីបានសម្តែងជាបន្តបន្ទាប់នៅក្នុងរឿង «Hwarang» «7 Fates: Chakho» ជាដើម។ ថ្មីៗនេះ តារាប្រុសរូបនេះ គឺជាភ្ញៀវកិត្តិយសរបស់ម៉ាក Celine ក្នុងកម្មវិធី Paris Fashion Week។ យោងតាមគេហទំព័រ Lifestyle Asia V ក៏មានទ្រព្យសម្បត្តិដែលមានតម្លៃ ៤,៥៥ លានដុល្លារនៅ Gangnam ទីក្រុងសេអ៊ូល។
៣.Choi Woo Sik មានទ្រព្យសម្បត្តិ ៥ លានដុល្លារ
តារាប្រុសរូបនេះ ល្បីបំផុតនៅពេលដើរតួនៅក្នុងរឿង «Train To Busan» និង «Parasite»។ តារាសម្តែងកូនកាត់ កូរ៉េ-កាណាដា Choi Woo Sik ទទួលបានទ្រព្យសម្បត្តិសរុបចំនួន ៥លានដុល្លារ។ ខណៈពេលដែលប្រាក់ចំណូលភាគច្រើនរបស់លោក បានមកពីអាជីពសម្ដែង។ Choi Woo Sik ក៏ជាម្ចាស់កិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្លៃៗជាច្រើន រួមទាំងម៉ាកយីហោដ៏ល្បីល្បាញ Coca-Cola ផងដែរ។ លើសពីនេះ Choi Woo Sik ក៏បានបង្ហាញខ្លួនក្នុងវីដេអូចម្រៀងរបស់តារា K-pop ដូចជា IU បទ «My old story» បទ «Congratulations and You Were Beautiful» ដោយ Day6។
៤.Peakboy មានទ្រព្យសម្បត្តិ ៤ ទៅ ៥ លានដុល្លារ
យោងតាមរបាយការណ៍ Peakboy ធ្លាប់ស្រមៃចង់ក្លាយជាតារា ប៉ុន្តែលោកបានសម្រេចចិត្តថា លោកនឹងប្រសើរជាងនេះ ក្នុងនាមជាផលិតករចម្រៀង និងជាអ្នករ៉េប។ ការផ្លាស់ប្តូរនេះទទួលបានជោគជ័យ នៅពេលដែល Peakboy បានបង្កើតឈ្មោះសម្រាប់ខ្លួនឯង នៅក្នុងឧស្សាហកម្មតន្ត្រីដោយការចេញបទចម្រៀងល្បី ៗ ដូចជា Walk, Kelly និង The Same។ Peakboy ក៏បម្រើការជាអ្នកផលិតតន្ត្រីសម្រាប់ រដូវកាលទី៥ នៃកម្មវិធី Show Me The Money ផងដែរ។ ក្រៅពីការនិពន្ធបទភ្លេង Hollywood Zam ព្យាករណ៍ថា ប្រាក់ចំណូលមួយផ្នែករបស់លោក នឹងបានមកពីបណ្តាញទំនាក់ទំនងសង្គម និងយូធូបផងដែរ។
៥.Park Hyung Sik មានទ្រព្យសម្បត្តិ ៤ លានដុល្លារ
Park Hyung Sik ជាតារាសម្ដែង និងជាតារា K-pop ដែលបានចាប់ផ្ដើមជីវិតដ៏ល្អមួយ ដោយសារប្រវត្តិគ្រួសារដ៏សម្បូរបែបរបស់លោក។ ឪពុករបស់លោកគឺជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន BMW នៅក្នុងប្រទេសកូរ៉េ។ ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលកំពុងស្វែងរកចំណង់ចំណូលចិត្តរបស់លោកនៅក្នុងឧស្សាហកម្មកម្សាន្ត Park Hyung Sik បានគ្រប់គ្រងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនខ្លួនជា Idol និងជាតារាសម្តែង។ ថ្មីៗនេះ លោកបានទទួលបានការចាប់អារម្មណ៍ជាមួយនឹងការសម្ដែងក្នុងរឿង «Single Apartment» ជាមួយ Han Hyo Joo។ បច្ចុប្បន្ន Park Hyung Sik មានទ្រព្យសម្បត្តិសរុបប្រមាណ ៤ លានដុល្លារ។
ប្រភព៖ kenh14