កូរ៉េខាងត្បូង៖ អាចនិយាយបានថា តារាចម្រៀងកូរ៉េមួយចំនួន សុទ្ធតែត្រូវបានក្រុមហ៊ុនគ្រប់គ្រង ក៏ដូចជាផលិតកម្មចម្រៀងរបស់ពួកគេ បានបញ្ឈប់ជាឯកតោភាគី ឬដកឈ្មោះចេញពីក្រុមតែម្ដង មិនថាតារាណាមួយមានសមត្ថភាពពូកែ ឬស្អាតប៉ុណ្ណាក៏ដោយ ឲ្យតែពួកគេបានធ្វើឲ្យខ្លួនមានរឿងអាស្រូវប៉ះពាល់ដល់កេរ្ត៍ឈ្មោះធ្ងន់ធ្ងរ ឬធ្វើអ្វីមួយខុសជាដើម។
ជាក់ស្ដែង តារាចម្រៀងស្ថិតក្នុងអតីតក្រុមល្បីៗទាំងនេះ ក៏គេចមិនផុតដែរ ពីការដកចេញពីក្រុម ដោយក្រុមហ៊ុនមិនស្ដាយស្រណោះសូម្បីបន្តិច ទោះបីគេធ្លាប់បានសាងប្រជាប្រិយភាពក្នុងក្រុមក៏ដោយ៕
ពួកគេទាំងនោះ រួមមាន៖
១.Jiyoon
កាលពីខែមិថុនាកន្លងទៅ ផលិតកម្ម IST Entertainment បានប្រកាសពីការចាកចេញរបស់ Jiyoon ពីក្រុម Weekly។ ក្រុមហ៊ុនបាននិយាយថា Weekly នឹងបន្តផ្សព្វផ្សាយជាមួយសមាជិក ៦ នាក់ ចាប់ពីថ្ងៃទី ១ ខែមិថុនាតទៅ។ IST Entertainment បាននិយាយថា ហេតុផលដែល Jiyoon ចាកចេញពីក្រុមគឺការថប់បារម្ភ ហើយតារាចម្រៀងស្រីត្រូវការសម្រាកព្យាបាល។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការផ្សាយនាពេលថ្មីៗនេះ Jiyoon បាននិយាយថា ការចាកចេញពី Weekly មិនមែនជាការសម្រេចចិត្តរបស់នាងទេ។ តារាចម្រៀងស្រីរូបនេះបង្ហើបថា ក្រុមហ៊ុនបង្ខំនាងឲ្យចាកចេញពីក្រុម ហើយថានាងមិនមានឱកាសច្រើនក្នុងការនិយាយជាមួយសមាជិកនោះទេ។
២.Soojin
នាងជាអតីតសមាជិកធ្លាប់សកម្មនៅក្នុងក្រុម (G)I-DLE។ យ៉ាងណាមិញ តារាចម្រៀងរូបនេះត្រូវបានគេចោទប្រកាន់ពីបទហិង្សានៅសាលា។ ជនរងគ្រោះម្នាក់ក្នុងចំនោមជនរងគ្រោះរបស់នាងគឺ តារាសម្ដែងរឿង High Kick Seo Shin Ae។ ករណីរបស់តារាចម្រៀងស្រីរូបនេះ ធ្វើឲ្យមហាជនកូរ៉េជជែកគ្នាជាយូរមកហើយ។ នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ ផលិតកម្ម Cube Entertainment បានប្រកាសថា Soojin ត្រូវបានដកចេញពីក្រុម (G)I-DLE។ ហើយនៅថ្ងៃទី ៥ ខែមីនា ក្រុមហ៊ុនបានប្រកាសពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយអតីតសមាជិក (G)I-DLE រូបនេះផងដែរ។
៣.Kim Ga Ram
នាងក៏ត្រូវបានដកចេញពីក្រុម Le Sserafim ដោយសារតែរឿងអាស្រូវអំពើហិង្សានៅសាលាផងដែរ។ ហើយនៅថ្ងៃទី ២០ ខែកក្កដា ផលិតកម្ម Source Music ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE បានប្រកាសជាផ្លូវការអំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយសមាជិក Kim Ga Ram។ តារាចម្រៀងរូបនេះបានចាកចេញពីក្រុម Le Sserafim បន្ទាប់ពីបង្ហាញខ្លួនបានជាង ២ ខែ។ ក្រោយពេលកើតហេតុ Le Sserafim បានបន្តធ្វើការជាក្រុមដែលមានសមាជិក៥នាក់ប៉ុណ្ណោះ។
៤.Daisy
នៅក្នុងខែកក្កដា តាមរយៈការផ្សាយតាមអនឡាញ តារាចម្រៀង Daisy បានបង្ហាញថានាងត្រូវបានបណ្តេញចេញពីក្រុម Momoland ដោយក្រុមហ៊ុនគ្រប់គ្រង MLD Entertainment។ នាងនិយាយថា «ខ្ញុំមិនបានចាកចេញដោយស្ម័គ្រចិត្តទេ ខ្ញុំត្រូវបានគេបណ្តេញចេញ។ ខ្ញុំមិនដឹងថាត្រូវនិយាយអ្វីទេ។ ប៉ុន្តែប្រសិនបើខ្ញុំចង់ចាកចេញពីក្រុម ខ្ញុំដូចបំផ្លាញខ្លួនឯងអ៊ីចឹង»។ តារាចម្រៀងស្រីរូបនេះបានចាកចេញពីក្រុមនៅឆ្នាំ ២០២០។ Daisy ធ្លាប់បានប្តឹងក្រុមហ៊ុន MLD Entertainment ពីបទកាត់ ប្រាក់ចំនួន ៥៥,២៣៨ ដុល្លារ ពីប្រាក់ចំណូលរបស់នាង និងអះអាងថានាងត្រូវបង់ ១/១០ នៃតម្លៃផលិតកម្មសរុបនៃកម្មវិធី Finding Momoland ទៀតផង។ នៅខែតុលា ឆ្នាំ ២០២១ Edaily បានរាយការណ៍ថាតុលាការបានប្រកាសថា MLD Entertainment បានចាញ់ក្ដីនេះ។
៥.Yeon Woo
ជាសមាជិកម្នាក់ទៀតរបស់ Momoland គឺ Yeon Woo ក៏បានប្រាប់ពីការបង្ខំឲ្យចាកចេញពី Momoland ដោយ ផលិតកម្ម MLD Entertainment ផងដែរ។ យោងតាមសារព័ត៌មាន Korea Herald តាមរយៈការបង្ហោះកាលពីខែកក្កដា ឆ្នាំ ២០២០ តារាចម្រៀងស្រីរូបនេះបានបង្ហើបប្រាប់ពីការបង្ខំឲ្យចាកចេញក្រុម។ នាងប្រាប់ថា «តើមានមនុស្សប៉ុន្មាននាក់នៅទីនោះ ដែលក្លាហានហ៊ានលះបង់នូវអ្វីដែលពួកគេបានចំណាយក្នុងយុវវ័យរបស់ពួកគេ ដើម្បីស្វែងរកអ្វីដែលថ្មី។ ខ្ញុំមិនក្លាហាននោះទេ។ ខ្ញុំមិនមានឆន្ទៈក្នុងការធ្វើបែបនោះទេ ទោះក្នុងអតីតកាល ឬបច្ចុប្បន្នកាល។ អ្វីដែលខ្ញុំបានធ្វើគឺរងទុក្ខតែម្នាក់ឯង ប៉ុន្តែមិនបានផលទេ»។
៦.Yang Donghwa
តារាប្រុសរូបនេះ ថែមទាំងត្រូវបានបណ្តេញចេញពីក្រុម មុនពេលបង្ហាញខ្លួនជាមួយក្រុមក្មេងប្រុស ATBO។ កាលពីថ្ងៃទី ១៣ ខែមិថុនា ក្រុមហ៊ុនកម្សាន្ត IST Entertainment បានប្រកាសថា Yang Donghwa ត្រូវបានដកចេញពីក្រុម ATBO ដើម្បីកែប្រែកំហុសខ្លួនឯងអំពីសកម្មភាពគំរាមកំហែងកន្លងមក។ Yang Donghwa កើតក្នុងឆ្នាំ ២០០៣ ធ្វើការជាអ្នកហ្វឹកហាត់ជាង ២ ឆ្នាំមុននឹងត្រូវបានប្រកាសឲ្យបង្ហាញខ្លួនដំបូង។
៧.Jessica
ព្រឹត្តិការណ៍ដ៏រន្ធត់បំផុតមួយនៅក្នុង Kpop គឺ Jessica ចាកចេញពីក្រុមដ៏ល្បី SNSD។ រឿងហេតុដែលបានផ្ទុះឡើងក្នុងឆ្នាំ ២០១៤ បានធ្វើឲ្យមានការរំជើបរំជួលគ្រប់ពេល ដោយសារតែ SNSD គឺជាក្រុមចម្រៀងស្រីកំពូល ខណៈដែល Jessica ក៏ជាសមាជិកដ៏ពេញនិយមបំផុតមួយរូបផងដែរ។ ក្នុងឆ្នាំ ២០១៤ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ថានាងត្រូវបាន SM Entertainment បណ្ដេញចេញពីក្រុម SNSD។ ចាប់តាំងពីពេលនោះមកនាងមិនបានសម្តែងនៅក្នុងកម្មវិធីតន្ត្រីណាមួយទេ ដោយងាកមកបើកអាជីវកម្មផ្ទាល់ខ្លួន។
ប្រភព៖ zingnews