កូរ៉េខាងត្បូង៖ ជាការពិត តារាចម្រៀង Taeyeon សមាជិកមេក្រុម SNSD ដែលជាម្ចាស់គណនី Instagram ដែលមានអ្នកតាមដានជិត ១៩ លាននាក់ នាងតែងតែចែករំលែករូបភាពប្រចាំថ្ងៃជាមួយអ្នកគាំទ្ររបស់នាង។
យ៉ាងណាមិញ ការបង្ហោះសារចុងក្រោយរបស់តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការព្រួយបារម្ភជាខ្លាំង ដោយសារតែ ថ្មីៗនេះ Taeyeon បានបង្ហោះក្រដាសសៀវភៅមួយសរសេរដោយដៃ ដែលសរសេរពាក្យដដែលៗថា «ទោះបីជាខ្ញុំមិននៅទីនេះក៏ដោយ ក៏ពិភពលោកនេះនៅតែបន្ត»។
ជាមួយគ្នានេះ នៅពេលដែលក្រុមអ្នកគាំទ្របានឃើញសារមួយនោះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភថា តារាស្រីរូបនេះនឹងគិតអវិជ្ជមាន។ ដោយស្របគ្នានោះដែរ នៅខាងក្រោមការបង្ហោះនេះ អ្នកគាំទ្រជាច្រើនបានបន្សល់ទុកសារលើកទឹកចិត្តដល់ Taeyeon ជាច្រើន។ ហើយក៏មានមតិជាច្រើននិយាយថា នាងកំពុងកាន់ទុក្ខសម្រាប់ជនរងគ្រោះ នៃសោកនាដកម្មការរត់ជាន់គ្នានៅ Itaewon កាលពីពេលថ្មីៗកន្លងទៅ។
គួរបន្ថែមផងដែរថា កាលពីឆ្នាំ ២០១៩ តារាចម្រៀងស្រីរូបនេះធ្លាប់បាននិយាយជាសាធារណៈថា នាងមានជំងឺបាក់ទឹកចិត្ត ហើយត្រូវព្យាបាលដោយថ្នាំ។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាងរហូតមកដល់ពេលនេះ Taeyeon បានជួបប្រទះនូវព្រឹត្តិការណ៍ជាច្រើននៅក្នុងអាជីពរបស់នាង ក៏ដូចជាក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង ដោយបន្តបាត់បង់បងប្រុសជិតស្និទ្ធរបស់នាង Jonghyun មិត្តស្និទ្ធស្នាល Sulli និងឪពុកបង្កើតរបស់នាងផងដែរ។ កត្តានេះបានធ្វើឲ្យអ្នកដឹកនាំក្រុម SNSD ថយចុះបន្តិចម្តងៗ កាន់តែស្ងប់ស្ងាត់ និងត្រូវទទួលការព្យាបាលផ្លូវចិត្ត៕
ប្រភព៖ kenh14