កម្សាន្ត៖ នៅមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មាន ដែលមានចម្ងាយ ២៧១គីឡូម៉ែត្រ ខេត្តកោះកុងជាខេត្តមួយស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា ដែលសម្បូរទៅដោយធនធានធម្មជាតិ អាចទាក់ទាញចិត្តភ្ញៀវទេសចរណ៍ឲ្យទៅលេងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគួរឲ្យកត់សម្គាល់។
ជាមួយគ្នានេះដែរ បើនិយាយអំពីតំបន់រមណីដ្ឋាន ដ៏សំខាន់នានានៅក្នុងខេត្តនេះ ក៏មានច្រើនមិនខ្វះផងដែរ មិនថាទាំងរមណីដ្ឋានបែបធម្មជាតិ និងបែបកែច្នៃផ្សេងៗ។
ខាងក្រោមនេះ ជាតំបន់កម្សាន្តមួយចំនួនទាំង ៧ ដែលយើងនឹងលើកយកមកបង្ហាញដល់ប្រិយមិត្តមិនគួររំលងឡើយ បើបានទៅលេងខេត្តនេះ៖
១.ឆ្នេរបាក់ខ្លង
មានទីតាំងស្ថិតនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូល ខេត្តកោះកុង។ ជាឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ ផ្ទៃសមុទ្រវែងអន្លាយមើលដាច់កន្ទុយភ្នែក ដែលជាកន្លែងល្អបំផុតសម្រាប់បោះតង់នៅមាត់ឆ្នេរ មើលថ្ងៃលិចបានយ៉ាងស្រស់ស្រាយ។ រូបភាពពី៖ Tourism
២.ទឹកធ្លាក់អូរម្លូ
ស្ថិតក្នុងសហគន៍អេកូទេសចរណ៍ជីផាត នៅក្នុង ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង។ ជាកន្លែងដែលមានទឹកធ្លាក់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍។ រូបភាពពី៖ Tourism
៣.កោះលយ
ជាកោះធម្មជាតិមួយស្ថិតក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ មានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រ ពីទីរួមខេត្ដកោះកុង និងជិះទូកទៅប្រហែល ២៥នាទី។ ទីនេះមានព្រៃឈើយ៉ាងស្រស់ស្អាត អមនឹងទិដ្ឋភាពព្រៃនៃជួរភ្នំក្រវាញនៅព័ទ្ធជុំវិញកោះនេះ មើលទៅពិតជាទាក់ទាញសម្រាប់អ្នកចូលចិត្តទៅលេងលើកោះ។ មួយវិញទៀត កោះនេះក៏មានទឹកធ្លាក់ដ៏ត្រជាក់ ដែលកំពុងតែលាក់ខ្លួននៅកណ្ដាលព្រៃ និងមានសត្វអំពិលអំពែកដ៏ច្រើនកុះករនៅតាមដើមកោង។ រូបភាពពី៖ Tourism
៤.ភ្នំម្រេចកង្កែប
ភ្នំម្រេចកង្កែប គឺជាភ្នំដែលមានចម្ងាយជិតស្នាក់ការសហគមន៍ជាងគេ ដែលត្រូវបានគេស្គាល់ថាជា ឋានសួគ៌ក្នុងតំបន់អារ៉ែង។ វាមានចម្ងាយ ១០គីឡូម៉ែត្រ ពីស្នាក់ការសហគមន៍ ហើយអាចធ្វើដំណើរទៅដល់បានដោយជិះកង់តាមផ្លូវភ្នំ ជិះម៉ូតូ ឬដោយថ្មើរជើង។ ភ្នំម្រេចកង្កែប គឺជាកន្លែងមួយដែលមានសម្រស់ស្រស់ស្អាត ដែលអាចធ្វើការបោះតង់ និងទស្សនាព្រះអាទិត្យរះនៅពេលព្រឹកព្រលឹម និងអាចប្រទះឃើញសត្វកេងកង និងសត្វស្លាបព្រៃជាច្រើនទៀតនៅលើកំពូលភ្នំ។ រូបភាពពី៖ Tourism
៥.ឆ្នេរនេសាទ
មានទីតាំងស្ថិត ក្នុងភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ និងធ្វើដំណើរតាមផ្លូវគ្រួសក្រហម ពីចំណុចផ្លូវបំបែកស្រែអំបិល និងប្រហែល ១៦៥ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទខេត្តកោះកុង និងប្រហែល ១៧០គ.ម ពីរាជធានីភ្នំពេញ។ ទីនេះមានឆ្នេរស្អាត បូកនិងបរិយាកាសមានដើមដូងដុះច្រូងច្រាងគួរឲ្យចាប់អារម្មណ៍។ រូបភាពពី៖ Tourism
៦.រមណីដ្ឋានតាតៃ
ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ ទីនេះសម្បូរទៅដោយទេសភាពបែបធម្មជាតិ ដែលយើងអាចជិះទូកមើលទេសភាពដើមចាកតាមដងព្រែក និងទៅមើលទឹកធ្លាក់ដូចគំនូរបាន។ រូបភាពពី៖ Tourism
៧.សួនថ្មដា
ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទីនេះយើងអាចទៅញ៉ាំអី ថតរូប មើលទេសភាពតាមដៃសមុទ្របានយ៉ាងត្រជាក់ភ្នែក។ រូបភាពពី៖ សម្រស់កោះកុង
៨.ព្រៃកោងកាងពាមក្រសោប
គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយក្នុងខេត្ត ដែលមិនអាចរំលងបាន សម្រាប់ភ្ញៀវទេសចរគ្រប់វ័យ នៅពេលបានទៅដល់ខេត្តកោះកុង។ សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបនេះ ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ រូបភាពពី៖ វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
៩.ភ្នំខ្នងក្រពេី
មានទីតាំងស្ថិតនៅក្នុងជួរភ្នំក្រវាញកណ្ដាល ដែលគ្របដណ្ដប់លេី ខេត្តកោះកុង ខេត្តកំពុងស្ពឺ និងខេត្តពោធិ៍សាត់។ ទីនេះក៏ជាទីពេញនិយមផងដែរសម្រាប់អ្នកទេសចរដែលចូលចិត្តដំណើរបែបផ្សងព្រេង។ រូបភាពពី៖ ទេសចរណ៍ស្រុកយើង
១០.កោះស្ដេច
គឺជាកោះធម្មជាតិមួយ ស្ថិតនៅក្នុងភូមិ កោះស្តេច ឃុំកោះស្ដេច ស្រុកគីរីសាគរ មានចម្ងាយប្រមាណជាង ៨១ គីឡូម៉ែត្រ ពីទីរួមខេត្តកោះកុង និងប្រមាណជា ២៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វិធីធ្វើដំណើរទៅកោះ ត្រូវជិះអូប័រ (ទូកតូចដែលមានល្បឿនលឿន)។ ទីនេះមានឆ្នេរខ្សាច់សស្អាត មានផ្ទះសំណាក់ មានទេសភាពស្រស់ស្អាតមានកោះជាច្រើននៅជុំវិញ និង ព្រៃធម្មជាតិ ពិសេសយើងអាចជួលទូកជិះទៅស្ទូចត្រី មុជទឹកសមុទ្រ មើលផ្កាថ្ម និង ប្រព័ន្ធជីវចម្រុះ នៅបាតសមុទ្រ ព្រមទាំងមានទូកយន្តសម្រាប់ដឹកអ្នកទេសចរជាតិ និង អន្តរជាតិ ពីកោះស្ដេចទៅទស្សនាតំបន់កោះនានា ឋិតនៅប្រជុំកោះក្បែរៗនោះទៀតផង។