កម្សាន្ត៖ ជាការពិត ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានទិសដៅទាក់ទាញបំផុតនៅអឺរ៉ុប ប្រទេសហូឡង់ តែងតែល្បីល្បាញតាមរយៈរូបភាពនៃកន្លែងកម្សាន្តបែបបុរាណ សួនផ្កា tulip ដ៏អស្ចារ្យ និងមានរហាត់ខ្យល់ដ៏ធំជាច្រើន។
ជាមួយគ្នានេះដែរ ប្រទេសហូឡង់នៅតែមានអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត កំពុងរង់ចាំអ្នកទេសចរឲ្យទៅលេកម្សាន្ត។ ហើយខាងក្រោមនេះ គឺជាចំណុចខ្លះៗដែលអ្នកត្រូវស្វែងយល់ ដើម្បីជួយអ្នកទទួលបានបទពិសោធន៍ពេញលេញនៅពេលទៅលេងតំបន់ល្បីៗទាំងនេះនៅប្រទេសហូឡង់ដ៏ស្រស់ស្អាត៕
១.ភូមិទេសចរណ៍ Giethoorn
ក្នុងនាមជាភូមិទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសហូឡង់ Giethoorn មានសន្តិភាព និងស្ងប់ស្ងាត់ពីពិភពខាងក្រៅ។ កន្លែងនេះធ្វើឲ្យគេចាប់អារម្មណ៍ត្រង់ថា មានទេសភាពបែបមនោសញ្ចេតនាដូចក្នុងប្រលោមលោក មានផ្ទះដ៏គួរឲ្យស្រឡាញ់ឈរក្បែរផ្ទៃទឹកដែលគេធ្វើដូចជាអូរដ៏ស្ងប់ស្ងាត់។ មកដល់ Giethoorn អ្នកនឹងភ្ញាក់ផ្អើលដោយសារតែមិនមានផ្លូវសម្រាប់យានយន្តឆ្លងកាត់ទេ រាល់សកម្មភាពចរាចរណ៍សម្រាប់អ្នករស់នៅទីនេះ និងអ្នកទេសចរមកពីឆ្ងាយ ត្រូវដើរឆ្លងស្ពានលើប្រឡាយ។ ភាពស្រស់ស្អាតបែបបុរាណរបស់ Giethoorn នេះ ប្រៀបដូចជាផ្ទះដែលសាងសង់ក្នុងសតវត្សទី ១៨ និង ១៩ ជាមួយនឹងតំបន់តូចមួយ ដែលមានសួនផ្កាចម្រុះពណ៌ និងរុក្ខជាតិនៅពីមុខរានហាល។ ពេលទៅទស្សនា Giethoorn អ្នកអាចជិះទូកដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត នោះអ្នកនឹងមានអារម្មណ៍ថា ដូចកំពុងធ្វើដំណើរក្នុងទីក្រុង Venice របស់ប្រទេសអ៊ីតាលីយ៉ាងដូច្នោះ។
២.ទីជនបទ Zaanse Schans
មានទីតាំងនៅជាយក្រុង Amsterdam។ Zaanse Schans មានភាពទាក់ទាញជាមួយនឹងស្ថាបត្យកម្មធម្មតានៃផ្ទះប្រពៃណីហូឡង់។ ទេសភាពនៅទីនេះស្ងប់ស្ងាត់ជាមួយនឹងរហាត់ខ្យល់យក្សដែលមានទីតាំងនៅមាត់ទន្លេ សួនផ្កា tulip រោងជាងសិប្បកម្ម និងសារមន្ទីធំៗ និងតូចជាច្រើនទៀត លម្អសម្រាប់ឲ្យអ្នកទស្សនាចូលដោយសេរី និងដើរទិញអីវ៉ាន់។ ប្រសិនបើអ្នកចង់រីករាយនឹងទេសភាពដ៏ស្រស់ស្អាតនៃ Zaanse Schans អ្នកអាចជួលកង់ដើម្បីជិះដើរលេងតាមដងផ្លូវតូចៗ មើលមួយចំហៀងគឺជារោងរហាត់ខ្យល់ ម្ខាងទៀតជាវាលបៃតងដ៏ធំសម្បើមជាមួយនឹងផ្ទះបំពង់ផ្សែងខ្ពស់ៗ ជាមួយនឹងជីវិតបែបជនបទសាមញ្ញ។ ឬការដើរលេងកម្សាន្តមើលថ្ងៃលិចនៅលើរហាត់ខ្យល់គឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យអ្នកធូរស្រាលចិត្ត។
៣.រហាត់ខ្យល់ Kinderdijk ភូមិ Windmill
ប្រហែល ១៥គីឡូម៉ែត្រភាគខាងកើតនៃទីក្រុងកំពង់ផែ Rotterdam Kinderdijk គឺជាទិសដៅដ៏ល្បីល្បាញសម្រាប់រហាត់ខ្យល់បុរាណដែលមានអាយុកាលតាំងពីសតវត្សទី ១៨ ហើយត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៧។ ដើមឡើយមនុស្សបានប្រើរហាត់ខ្យល់នេះដើម្បីកិនម្សៅ ប៉ុន្តែ ក្រោយមកគេប្រើដើម្បីបូមទឹក និងបង្កើតអគ្គិសនី។ សព្វថ្ងៃនេះ រោងរហាត់ខ្យល់ក៏ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ផងដែរ។ ដែលទីនេះប្រែពីកន្លែងលិចទឹក ភក់ ក្លាយជាភូមិដ៏ស្រស់ស្អាត និងសម្បូរបែប។ ពេលអ្នកមកលេង Kinderdijk អ្នកមិនត្រឹមតែកោតសរសើរដល់រោងរហាត់ខ្យល់យក្សដែលទាក់ទងនឹងជីវិតតស៊ូរបស់កសិករអស់ជាច្រើនសតវត្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរីករាយនឹងរូបភាពនៃទីជនបទជាមួយនឹងវាលស្រែពណ៌បៃតង ហ៊ុំព័ទ្ធព្រែកហូរយ៉ាងស្រស់ត្រកាល។
៤.ប្រឡាយ Amsterdam
ដោយកាន់កាប់ប្រឡាយចំនួន ១៦៥ ដែលមានប្រវែងសរុប ៧៥ គីឡូម៉ែត្រ ទីក្រុង Amsterdam ត្រូវបានគេស្គាល់ថាជា ទីក្រុង Venice នៃភាគខាងជើង។ ដោយគ្រាន់តែដើរតាមប្រឡាយធំៗចំនួនបីគឺ Herengracht, Prinsengracht និង Keizersgracht អ្នកនឹងរាប់បាន១,៥៥០ វិមាន និង ១៥០០ ស្ពាន ដែលត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ២០០៦។ ប្រឡាយជាប់គ្នានៅក្នុងទីក្រុង បង្កើតបានជាប្រព័ន្ធប្រឡាយដ៏ល្បីល្បាញជុំវិញពិភពលោក។ ការជិះទូកតាមប្រឡាយអនុញ្ញាតឲ្យអ្នកទស្សនាដោយសេរី ជាពិសេសអ្នកនឹងរីករាយនៅពេលជិះទូកនៅពេលយប់ ដែលអាចមើលទីក្រុង ហើយស្ពានត្រូវបានបំភ្លឺដោយពន្លឺដ៏ភ្លឺឆ្វាចតែម្ដង។
ប្រភព៖ kenh14.vn