កម្សាន្ត៖ គ្រប់គ្នាច្បាស់ជាជ្រាបរួចមកហើយថា ក្រុមហ៊ុនកម្សាន្ត ឬផលិតកម្មនានាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែងអាជីពរបស់តារា K-Pop ឲ្យពួកគេមានភាពល្បីឈ្មោះលើបណ្តាញសង្គម មានថវិកាច្រើន និងជួយសាងកេរ្តិ៍ឈ្មោះល្អឲ្យក្រុមហ៊ុន ដែលអាចផ្តល់ការចាប់ផ្តើមអាជីព ជាសិល្បកររបស់ពួកគេបានយ៉ាងល្អ។
ប៉ុន្តែយ៉ាងណាមិញ មានក្រុម K-Pop មួយចំនួន ដែលមិនបានពឹងផ្អែកទៅលើផលិតកម្មរបស់ពួកគេទាំងស្រុងនោះទេ ជំនួសមកវិញពួកគេបានខិតខំស្វែងរកភាពល្បីល្បាញ ដោយសមត្ថភាពរបស់ពួកគេផ្ទាល់ និងជួយឲ្យក្រុមហ៊ុនមានភាពរីកចម្រើនថែមទៀតផង។
ខាងក្រោមនេះ ជាតារាចម្រៀង K-Pop ទាំង៦ ដែលជួយក្រុមហ៊ុនខ្លួនឲ្យរីកចម្រើនខ្លាំង៖
១.BTS
វាគឺជាការពិត ដែលល្បីថានៅពេលដែល BTS ជាអ្នកហ្វឹកហាត់ នៅ BigHit Entertainment ក្រុមហ៊ុននេះរៀបនឹងក្ស័យធនទៅហើយ ព្រោះបុគ្គលិក ថវិកា និងទំនាក់ទំនងរបស់ក្រុមហ៊ុន គឺនៅមានកម្រិត តែទោះជាមានឧបសគ្គដ៏ធំក៏ដោយ ទីបំផុត BTS ក៏បានក្លាយជាអ្នកសិល្បៈដ៏ជោគជ័យបំផុតមួយ នៅក្នុងពិភពលោក ធ្វើឲ្យផលិតកម្ម BigHit Entertainment បានរីកចម្រើនយ៉ាងខ្លាំង ហើយបានវិវត្តទៅជាក្រុមហ៊ុនកម្សាន្តដ៏ធំបំផុត នៅក្នុងប្រទេសដែលមានឈ្មោះថា Hybe Corporation។
២.MAMAMOO
នៅពេលដែល MAMAMOO បង្ហាញខ្លួនជាសិល្បករដំបូងគេ នៅក្នុងផលិតកម្ម RBW Entertainment នៅក្នុងឆ្នាំ ២០១៤ ពួកគេមិនមានអ្វីត្រូវពឹងផ្អែកច្រើននោះទេ លើកលែងតែតន្ត្រី និងជំនាញដ៏អស្ចារ្យរបស់ពួកគេ។ ក្រោយមកភាពជោគជ័យដ៏ធំធេងរបស់ MAMAMOO មិនត្រឹមតែបានជួយឲ្យពួកគេបង្កើតឈ្មោះ សម្រាប់ក្រុមរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត RBW ឲ្យជោគជ័យ ជាមួយនឹងការពង្រីកអគារធំជាងមុន និងមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនថែមទៀតផង។
៣.IU
IU បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៨ ក្រោមផលិតកម្ម LEON Entertainment ដែលពេលនោះទាំងនាងនិងក្រុមហ៊ុនគឺមិនសូវមានគេស្គាល់នោះទេ។ ប៉ុន្តែដោយសារភាពជោគជ័យដ៏ធំរបស់នាង ក្នុងនាមជាអ្នកចម្រៀងនិងជាតារាសម្តែង LEON Entertainment ក៏បានពង្រីកភាពជោគជ័យរបស់ខ្លួនឲ្យឡើងដល់កំពូលផងដែរ។
៤.GFRIEND
នៅពេលដែលGFRIEND បង្ហាញខ្លួន ក្នុងឆ្នាំ ២០១៥ ពួកគេគឺជាសិល្បករតែមួយគត់ ដែលស្ថិតនៅក្រោម Source Music។ ពេលនោះក្រុមហ៊ុនមានថវិកាតិចតួច ប៉ុន្តែដោយសារតែទេពកោសល្យដ៏អស្ចារ្យរបស់ក្រុម GFRIEND ធ្វើឲ្យពួកគេក្លាយជាក្រុមចម្រៀងនារីជំនាន់ទី៣ ដ៏ជោគជ័យបំផុត និងជះឥទ្ធិពលដល់ក្រុមហ៊ុនរបស់ពួកគេក៏ដូចជាប្រាក់ចំណូលផងដែរ។
៥.SEVENTEEN
ទោះបីជាPledis Entertainment មានសិល្បករជាច្រើន នៅក្រោមការគ្រប់គ្រងរបស់ខ្លួនមុនពេលការបង្ហាញខ្លួនរបស់ SEVENTEEN ក៏ដោយ ប៉ុន្តែវាគឺជាការពិតដែលថាក្រុមSEVENTEEN បាននាំមកនូវភាពល្បីល្បាញនិងស្ថិរភាពហិរញ្ញវត្ថុដល់ក្រុមហ៊ុន យ៉ាងច្រើន។
៦.Chung Ha
Chung Ha គឺជាសិល្បករដំបូងគេ ដែលបានបង្ហាញខ្លួនដំបូងនៅក្រោមផលិតកម្ម MNH Entertainment ហើយបន្ទាប់ពីទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈ Produce 48 និង I.O.I Chung Ha បានចាប់ផ្តើមដំណើររបស់នាង ក្នុងនាមជាអ្នកចម្រៀង និងក្លាយជាសិល្បករលំដាប់កំពូលនៅក្នុងឧស្សាហកម្មនេះ ដែលធ្វើឲ្យក្រុមហ៊ុនរបស់នាង ពិតជាទទួលបានអត្ថប្រយោជន៍ច្រើន ពីការរីកចម្រើនរបស់តារាស្រីរូបនេះ៕
ប្រភព : Koreaboo