កូរ៉េខាងត្បូង ៖ ថ្មីៗនេះក្រុមហ៊ុនYG Entertainment បានចេញផ្សាយប្រាក់ចំណូល ពីការលក់សរុបរបស់ខ្លួនបូកនឹងប្រាក់ចំណេញប្រតិបត្តិការសម្រាប់ត្រីមាសទីមួយនៃឆ្នាំ ២០២២ នេះ។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារនេះក្រុមហ៊ុន YG Entertainment បានកត់ត្រាប្រាក់ចំណេញប្រតិបត្តិការចំនួន៦.១ ពាន់លានវ៉ុន ប្រមាណ ៤,៧៥០,០០០ ដុល្លារ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២២ ដោយចំនួននេះបានបង្ហាញពីការថយចុះ៣៦ % ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ២០២២។
ទីភ្នាក់ងារនេះបានកត់ត្រាបរិមាណប្រាក់ចំណូលពីការលក់សរុបចំនួន៧៥.៥ ពាន់លានវ៉ុន ប្រមាណ ៥៨,៧៩០,០០០ ដុល្លារ សម្រាប់ត្រីមាសនេះ ដែលថយចុះ ២២.២% ធៀបនឹងត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២១។
ចំពោះប្រាក់ចំណូលសុទ្ធរបស់ទីភ្នាក់ងារសម្រាប់ត្រីមាសទី១នៃឆ្នាំ ២០២២ ត្រូវបានកត់ត្រានៅចំនួន ៥.៨ ពាន់លានវ៉ុន ប្រមាណ ៤,៥២០,០០០ ដុល្លារ។
ការវិភាគលើរបាយការណ៍ត្រីមាសទី ១ របស់ផលិតកម្មYG Entertainment បានទទួលពីការលក់អាល់ប៊ុមរបស់ក្រុមចម្រៀងប្រុសTREASURE បានរួមចំណែកភាគរយដ៏ធំបំផុតនៅក្នុងប្រាក់ចំណេញប្រតិបត្តិការសរុបនៃត្រីមាសនេះ។ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកង្វះការផ្សព្វផ្សាយដោយសិល្បករផ្សេងទៀតរបស់ទីភ្នាក់ងារ បានជួបប្រទះការខាតបង់ផ្នែកហិរញ្ញវត្ថុគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី១ឆ្នាំ ២០២២ នេះ។
ទន្ទឹមនឹងនេះ សិល្បករឈានមុខគេរបស់YG Entertainment ក្រុម BLACKPINK ដែលជាប្រភពចំណូលធំរបស់ក្រុមហ៊ុន ត្រូវបានគេរំពឹងថានឹង Come Back មកវិញនៅឆមាសទី២ នៃឆ្នាំនេះ អាចនៅខែមិថុនា ឬខែកក្កដា ឆ្នាំ ២០២២៕
ប្រភព ៖ Allkpop