កម្សាន្ត៖ យោងតាម SCMP ដោយផ្អែកលើសមិទ្ធិផលជាបន្តបន្ទាប់របស់សិល្បករ K-Pop យើងឃើញថា ការលក់អាល់ប៊ុម តារាងតន្ត្រី ការផ្សាយតន្ត្រីតាមអ៊ីនធឺណិតសរុប អាចនិយាយបានថាឧស្សាហកម្មតន្ត្រីរបស់កូរ៉េបានទទួលជោគជ័យច្រើនក្នុងឆ្នាំ ២០២នេះ។
ទន្ទឹមនឹងនេះ ការប្រគុំតន្ត្រីក្នុងស្រុក និងដំណើរប្រគុំតន្ត្រីទេសចរណ៍អន្តរជាតិមួយចំនួនក៏បានចាប់ផ្ដើមត្រលប់មកវិញជាបណ្តើរៗ ក្រោយខកខាន ព្រមទាំងផ្អាកសកម្មភាព និងត្រូវបានលុបចោលកាលវិភាគប្រគុំតន្ត្រីស្ទើរតែទាំងស្រុងទូទាំងពិភពលោក អស់រយៈពេលជាង ២ឆ្នាំមកនេះ។
យ៉ាងណាក៏ដោយ ក្នុងឆ្នាំ ២០២២ នេះ មានរឿងជាច្រើនកើតឡើងនៅក្នុង K-Pop។ ក្នុងនោះមានទាំងរឿងល្អៗ និងរឿងមិនល្អ។ តើរឿងទាំងនោះបានកើតឡើងលើតារាក្រុមណាខ្លះ?
១.BTS
ក្នុងពាក់កណ្ដាលនៃឆ្នាំ ២០២២នេះ ក្រុមចម្រៀងប្រុសមួយនេះ បានធ្វើឲ្យគ្រប់គ្នាមានក្ដីរំភើបនិងមោទនភាព និងជាគ្រាដែលគ្រប់គ្នាមិនអាចបំភ្លេចបាន នៅពេលដែលក្រុម BTS មានឱកាសបានចួប និងពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅក្នុងសេតវិមាន។
២.រឿងអាស្រូវរបស់ក្រុម Le Sserafim
ក្រោមការគ្រប់គ្រងរបស់ Source Music ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ HYBE ហើយជាមួយនឹងវត្តមានរបស់អតីតសមាជិកក្រុម IZ*ONE ពីររូបគឺ Sakura និង Chae Won ក្រុម Le Sserafim ត្រូវបានគេរំពឹងថានឹងក្លាយជាក្រុមល្បីបន្ទាប់ នៅក្នុងវិស័យ Kpop។ ក្រុម Le Sserafim ជាក្រុមចម្រៀងនារីដែលមានសមាជិក ៦នាក់ ដែលបានបង្ហាញខ្លួននៅថ្ងៃទី ២ ខែឧសភា ជាមួយនឹងអាល់ប៊ុម Fearless។ បន្ទាប់ពីបង្ហាញមុខមិនដល់មួយខែផង សមាជិក Kim Ga Ram ត្រូវបានបង្ខំឲ្យផ្អាកសកម្មភាព ដោយសារតែការចោទប្រកាន់ពីអាកប្បកិរិយាមិនល្អ ធ្លាប់ប្រើពាក្យគំរាមកំហែងមិត្តរួមថ្នាក់កាលពីនៅរៀន។ នៅពេលមានរឿងនេះបានផ្ទុះឡើង Source Music បានបដិសេធម្តងហើយម្តងទៀត នូវការចោទប្រកាន់ប្រឆាំងនឹង Kim Ga Ram។ ក្រោយមក ក្រោមសម្ពាធសាធារណៈ និងការចោទប្រកាន់ថ្មីជាបន្តបន្ទាប់ ពីអ្នកដែលអះអាងថាជាមិត្តរួមថ្នាក់ចាស់របស់ Kim Ga Ram ក្រុមហ៊ុនក៏បានសម្រេចចិត្តឲ្យនាងឈប់ធ្វើការក្នុងក្រុមមួយរយៈ។
៣.ក្រុម WJSN (Cosmic Girls)
រឿងចម្រូងចម្រាសមួយទៀតបានកើតឡើងលើក្រុមចម្រៀងនារី WJSN អំពីការប្រកួត Queendom2 ដែលជាផ្នែកទីពីរនៃកម្មវិធីទូរទស្សន៍ដ៏ពេញនិយម Queendom។ ជាមួយនឹងពិន្ទុ vote សរុប ៨១,០២០ ក្រុម WJSN បានក្លាយជាសិល្បករ ដែលអាចកាន់កាប់តំណែងកំពូល។ ទោះបីជាយ៉ាងណា ទស្សនិកជនមានមន្ទិលសង្ស័យចំពោះជ័យជម្នះរបស់ក្រុមនេះ។ មនុស្សជាច្រើនគិតថា WJSN មិនអាចទទួលបានចំណាត់ថ្នាក់លេខ១ទេ ប្រសិនបើពួកគេពិចារណាយ៉ាងម៉ត់ចត់លើលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុដូចជា ការបោះឆ្នោតសរុប សមិទ្ធផលតន្ត្រីឌីជីថល។ អ្នកគាំទ្រមួយចំនួនបានចាប់ផ្ដើមរិះគន់អ្នកផ្សាយទូរទស្សន៍ Mnet ដែលជាម្ចាស់កម្មវិធីនៃការប្រកួតនេះ និង Starship Entertainment ភ្នាក់ងាររបស់ WJSN។ ការចោទប្រកាន់ថា ភាគីទាំងពីរបានបន្លំពិន្ទុនិងប្តូរចំណាត់ថ្នាក់។
៤.Moon Tae Il (NCT127)
តារាចម្រៀងប្រុស Tae Il (NCT127) ត្រូវបានគេធ្វើរោគវិនិច្ឆ័យរកឃើញថាមាន Covid-19 នៅប្រទេសជប៉ុន មុនពេលក្រុមចាប់ផ្តើមធ្វើតន្ត្រីទេសចរណ៍។ ដូច្នេះហើយលោកមិនអាចចូលរួមការប្រគុំតន្ត្រីខ្លះបានតាមការគ្រោងទុកឡើយ។
៥.ក្រុម The Boyz
ថ្មីៗនេះ IST Entertainment បានប្រកាសថា តារាចម្រៀងប្រុស Q, Ju Yeon និង Kevin ក្រុម The Boyz ត្រូវបានរកឃើញលទ្ធផលវិជ្ជមានកូវីដ១៩ ខណៈពេលដែលក្រុមនេះកំពុងប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។ ជាលទ្ធផល The Boyz ត្រូវបានបង្ខំឲ្យពន្យារពេលការប្រគុំតន្ត្រីចំនួនពីរនៅ Dallas និង San Jose ។
៦.ការផុតកុងត្រាជាមួយផលិតកម្មចម្រៀង
ក្រៅពីមានរឿងល្អ និងមិនល្អក្នុង K-Pop លើសពីនេះ ឆ្នាំ ២០២២ នេះ ក៏ជាឆ្នាំដែលក្រុមចម្រៀងមួយចំនួនផុតកំណត់កិច្ចសន្យាជាមួយក្រុមហ៊ុនផងដែរ។ ដែលមានដូចជា Seventeen បានផុតកុងត្រាជាមួយផលិតកម្ម ប៉ុន្តែពួកគេក៏បានបន្តកិច្ចសន្យាថ្មី។ រីឯក្រុមផ្សេងទៀត ដូចជា TWICE, iKON និង DAY6 ពួកគេ នៅមិនទាន់ធ្វើការប្រកាសជាផ្លូវការ អំពីការសម្រេចចិត្តរបស់ពួកគេនៅឡើយទេ។ កត្តាទាំងនេះ ក៏អាចធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភអំពីអនាគតរបស់ក្រុមទាំងនោះផងដែរ។
ប្រភព៖ zingnews.vn