កូរ៉េខាងត្បូង៖ បច្ចុប្បន្ន ទស្សនិកជនដែលជាអ្នកគាំទ្រយ៉ាងសកម្មជាមួយតារាកូរ៉េទាំងប៉ុន្មាននាក់ខាងក្រោមនេះ ច្បាស់ជាលែងប្លែកទៀតហើយលើរឿងស្នេហាក្នុងវិស័យសិល្បៈរបស់ពួកគេ ដោយសារតែពួកគេហ៊ានបើកចំហររឿងស្នេហារបស់ខ្លួនពេញលេញ បើទោះបីជាមានពាក្យរិះគន់មិនល្អពីមជ្ឈដ្ឋានខាងក្រៅមួយចំនួនអំឡុងពេលពួកគេទាក់ទងគ្នាដំបូងៗក៏ដោយ។
ហើយមកទល់ពេលនេះផងដែរ ចំណងស្នេហ៍របស់តារាកូរ៉េទាំងនេះ ដែលសុទ្ធតែជាស្នេហ៍ខុសវ័យគ្នា ពួកគេបានពុះពារឆ្លងកាត់ដល់ចំណុចសុភមង្គលហើយ ពិសេសពួកគេខ្លះក៏បានសាងគ្រួសារជាមួយគ្នា និងនៅតែមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈកូរ៉េដដែល៕
ពួកគេទាំងនោះ រួមមាន៖
១.Ham So Won និង Jin Hua
បន្ទាប់ពីបានជាប់ជាបវរកញ្ញាកូរ៉េឆ្នាំ ១៩៩៧ Ham So Won បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យសិល្បៈជាមួយនឹងសកម្មភាពសិល្បៈនានាក្នុងឆ្នាំ ២០០៨។ ហើយ ៩ឆ្នាំក្រោយមកនាងបានធ្វើឲ្យពិភពលោកទាំងមូលភ្ញាក់ផ្អើល នៅពេលដែលនាងបានណាត់ជួបជាសាធារណៈជាមួយកំលោះសង្ហា Jin Hua ដែលជាតារាបង្ហាញម៉ូតវ័យក្មេង និងមានអាយុតិចជាងនាងរហូតដល់ទៅ ១៨ឆ្នាំ។ ក្រោយទាក់ទងគ្នាបានតែមួយឆ្នាំ Ham So Won និង Jin Hua បានប្រកាសរៀបការ។ ពួកគេបានលេចមុខក្នុងកម្មវិធីជាច្រើន ថ្វីត្បិតតែនៅក្មេង ប៉ុន្តែ Jin Hua មានធនធាន និងមើលថែភរិយាបានល្អ ជាពិសេសអំឡុងពេលដែលនាងទើបតែសម្រាលកូន។ ជីវិតអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលរបស់តារាមួយគូនេះ បានធ្វើឲ្យមហាជនកោតសរសើរ ។ ទោះបីជាពាក្យចចាមអារ៉ាមអំពីការលែងលះបានលេចឡើងនៅឆ្នាំ ២០២១ ប៉ុន្តែប្ដីប្រពន្ធមួយគូនេះមិនទាន់បានបញ្ជាក់ពីព័ត៌មាននេះទេ រហូតមកដល់ពេលនេះ។
២.Shim Mina និង Ryu Philip
ក្នុងឆ្នាំ ២០១៥ Shim Mina តារាចម្រៀងស្រីស៊ិចស៊ីដែលជាប់ឈ្មោះថា «Miss World Cup ២០០២» បានបង្កភាពចលាចលក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដោយមានរឿងស្នេហាជាមួយតារាប្រុសសង្ហា Ryu Philip សមាជិកក្រុម SoREAL ដែលមានវ័យក្មេងជាងនាងរហូត ១៧ឆ្នាំ ។ ពួកគេបានជួបគ្នាដំបូង ក្នុងកម្មវិធីខួបកំណើតមិត្តភ័ក្តិ ហើយក៏បានលង់ស្រលាញ់គ្នាភ្លាមៗ ហើយចាប់ផ្តើមទាក់ទងគ្នាជាផ្លូវការ បន្ទាប់ពីស្គាល់គ្នាមួយខែ។ ដំបូងឡើយ ប្ដីប្រពន្ធមួយគូនេះប្រឈមមុខនឹងការនិយាយដើមហូរហែព្រោះអាយុខុសគ្នាច្រើនពេក ។ ប៉ុន្តែមកទល់នឹងពេលនេះ ក្រោយរៀបការបានជិត ៤ឆ្នាំ ពួកគេនៅតែរក្សាបាននូវភាពផ្អែមល្ហែម និងយកឈ្នះគោលគំនិតមហាជន ធ្វើឲ្យមហាជនយល់បានថា ស្នេហាពិតមិនមែនគិតរឿងអាយុឡើយ។
៣.Hyuna និង Dawn
Hyuna និង Dawn ជាតារាដែលបានបង្ហាញខ្លួនដំបូង និងធ្វើការក្នុងក្រុមហ៊ុនដូចគ្នា។ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ពួកគេបានផ្ទុះឡើង តាំងពីខែសីហា ឆ្នាំ ២០១៨ ប៉ុន្តែតាមពិតទៅពួកគេបានរួមរស់ជាមួយគ្នាតាំងពី ២ឆ្នាំមុនម្ល៉េះ។ ហើយនៅពេល Hyuna បើកចិត្តបង្ហាញទំនាក់ទំនងរបស់នាង ជាមួយមិត្តប្រុសដែលមានអាយុតិចជាងនាងជាសាធារណៈ ពួកគេទាំងពីរក៏ត្រូវបានបណ្តេញចេញពីក្រុមហ៊ុន និងទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ Kpop។ Hyuna មានអាយុច្រើនជាងមិត្តប្រុស ២ឆ្នាំ ហើយមានភាពជោគជ័យក្នុងសិល្បៈមុនមិត្តប្រុសជាច្រើនឆ្នាំ ដូច្នេះ Dawn ត្រូវបានគេនិយាយថា តោងមិត្តស្រីយកល្បី។ ក្រោយការចាកចេញពីក្រុមហ៊ុន Hyuna និង Dawn កាន់តែបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាជាសាធារណៈដោយសេរី ទោះបីជាមានការរិះគន់ពីសាធារណជនក៏ដោយ។ បន្តិចម្ដងៗរឿងស្នេហារបស់ពួកគេត្រូវបានមហាជនទទួលយក។
៤.Kim Tae Hee និង Bi Rain
នៅពេលដែលមានឱកាសបានរួមសម្តែងក្នុងការផ្សាយពាណិជ្ជកម្មក្នុងឆ្នាំ ២០១១ Bi Rain បានជោគជ័យតាមគន្លងរៀមច្បង Kim Tae Hee ដែលមានវ័យចំណាស់ជាងលោក ២ឆ្នាំ ហើយបានប្រកាសស្នេហាជាសាធារណៈនៅឆ្នាំ ២០១៣។ ប៉ុន្តែ Bi Rain ក៏ត្រូវឆ្លងកាត់ ការប្រឆាំង និងការរិះគន់ច្រើនដែរ ដោយសារតែអ្នកគាំទ្រមួយចំនួន គិតថាលោកមិនសមនឹង Kim Tae Hee។ ប៉ុន្តែទោះបីជាមានអ្វីកើតឡើង ពួកគេនៅតែរៀបការ ដោយបានធ្វើឡើងយ៉ាងសម្ងាត់ក្នុងឆ្នាំ ២០១៧ ដោយមានភ្ញៀវត្រឹមតែ ១០ នាក់ប៉ុណ្ណោះ គ្មាននរណាម្នាក់ដឹងឡើយ រហូតដល់រូបថតកម្រចំនួន ២ សន្លឹកត្រូវបានផ្សព្វផ្សាយជាសាធារណៈ។ ពីគូស្នេហ៍ដែលមានតែការប្រឆាំងយ៉ាងចាស់ដៃពីមហាជន Kim Tae Hee និង Bi Rain បានដណ្តើមយកបេះដូងទស្សនិកជនជាបណ្តើរៗបន្ទាប់ពីបានរួមរស់ជាមួយគ្នាយ៉ាងមានសុភមង្គលរយៈពេល ១០ ឆ្នាំ។ ទោះបីមិនសូវបង្ហាញពីភាពស្និទ្ធស្នាល ប៉ុន្តែពួកគេតែងតែកាន់ដៃគ្នា គ្រប់ពេលដែលបង្ហាញខ្លួនជាមួយគ្នា។ សារព័ត៌មានកូរ៉េ តែងសរសើរជាច្រើនដង ដែល Bi Rain មានទំនួលខុសត្រូវលើប្រពន្ធយ៉ាងខ្លាំង មិនដើរលេងចោលផ្ទះ ចោលប្រពន្ធកូន។ បច្ចុប្បន្នប្ដីប្រពន្ធមួយគូនេះមានកូន ២នាក់ហើយ។
ប្រភព៖ kenh14.vn