បរទេស៖ កាលពីល្ងាចថ្ងៃសុក្រ Apple បានដាក់សេចក្តីជូនដំណឹងពីការផ្គត់ផ្គង់ចុងក្រោយ លើគេហទំព័រផលិតផល iMac Pro របស់ខ្លួននៅទូទាំងពិភពលោក ហើយបានដកចេញនូវជម្រើសអាប់ឌែតទាំងអស់សម្រាប់កុំព្យូទ័រនេះ ដោយទុកតែការកំណត់ standard configuration សម្រាប់ការបញ្ជាទិញតែប៉ុណ្ណោះ។
បើយោងតាម MacRumors បានឱ្យដឹងថា នៅពេលដែលស្តុកចុងក្រោយរបស់កុំព្យូទ័រនេះលក់អស់ iMac Pro នឹងត្រូវឈប់ផលិតតទៅទៀតហើយ។ Apple និយាយថា iMac ទំហំ27អ៊ីញចុងក្រោយបង្អស់ ដែលត្រូវបានណែនាំនៅក្នុងខែសីហា គឺជាជម្រើសដែលអ្នកប្រើប្រាស់ iMac Pro ភាគច្រើនពេញចិត្ត ហើយបាននិយាយថាអតិថិជនដែលត្រូវការកុំព្យូទ័រដែលមាន performance ល្អអាចងាកមកប្រើ Mac Pro វិញបាន។
iMac ទំហំ27អ៊ីញចុងក្រោយបំពាក់អេក្រង់ 5K ជាមួយ True Tone មានកញ្ចក់ nano-texture បំពាក់ឈីប Intel Core i9 ជំនាន់ទី10 និងមានរ៉េមរហូតដល់128GB មានទំហំផ្ទុករហូតដល់8TB ឯគុណភាពកាមេរ៉ាមានកម្រិត 1080p ច្បាស់ល្អ ហើយមានលក្ខណៈជាច្រើនទៀតផងដែរ។
ស្របពេលដែល Apple ណែនាំឱ្យងាកមកប្រើ iMac ទំហំ27អ៊ីញវិញក៏ដោយ ក៏មានពាក្យចចាមអារ៉ាមជាច្រើនបានលើកឡើងថា Apple នឹងបញ្ចេញ iMac រចនាថ្មីដែលបំពាក់បន្ទះឈីប Apple silicon ជំនាន់ក្រោយ នៅចុងឆ្នាំនេះហើយ។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពី iMac Pro ចេញលក់នៅខែធ្នូ ឆ្នាំ2017មក iMac Pro មិនដែលបានទទួលនូវការធ្វើ hardware refreshes ម្តងណាឡើយ៕