បរទេស៖ ថ្មីៗនេះ មានអ្នកបែកធ្លាយម្នាក់បញ្ជាក់ពីតម្លៃចាប់ផ្ដើមសម្រាប់ម៉ូឌែល iPhone 14ដោយម៉ូឌែលធម្មតាមានតម្លៃ US$799, iPhone 14 Max (ឬក៏ iPhone14 Plus) មានតម្លៃ US$899, ចំណែក iPhone 14 Pro មានតម្លៃ US$1,099, និង iPhone 14 Pro Max មានតម្លៃ US$1,199។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នៅលើគេហទំព័រ The Sun របស់អង់គ្លេសបានដកស្រង់សម្ដីលោក Dan Ives នាយកគ្រប់គ្រងនៃការស្រាវជ្រាវសមធម៌នៅ Wedbush Securities ដោយព្យាករណ៍ថា Appleនឹងស្វែងរកការស្ដារតម្លៃខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ ដោយធ្វើការឡើងថ្លៃ iPhone 2022 របស់ខ្លួន។
លោក Ives ថែមទាំងព្យាករណ៍ពីចំនួនដែលពាក់ព័ន្ធថា៖«យើងជឿថា ការកើនឡើងតម្លៃចំនួន $100 នឹងមកដល់សម្រាប់ iPhone14»។ គួរឲ្យបារម្ភសម្រាប់ហ្វេនៗ ប្រសិនបើ Apple iPhone 14Pro ចាប់ផ្ដើមពីតម្លៃ US$1,199 វិញ ហើយ iPhone 14 Pro Max មានតម្លៃគោល US$1,299 នោះកំណែដែលលេចចេញនៃជំនាន់ក្រោយពិតជាអាចឈានដល់ US$2,000។
នៅពេលនេះជម្រើស 1TB នៃ iPhone 13 Pro Max មានតម្លៃចាប់ពីUS$1,599។ពាក្យចចាមអារ៉ាមដែលទាក់ទងនឹង iPhone 14 ដែលមានការលើកឡើងថាមានទំហំផ្ទុក2TB អាចនឹងមកដល់សម្រាប់ម៉ូឌែល Pro ដូចនេះប្រសិនបើiPhone 14 Pro Max ទំហំផ្ទុក 1TB មានតម្លៃប្រហែលUS$1,799 នោះវាមិនពិបាកទេដែលគេជឿថាម៉ូឌែលទំហំផ្ទុក 2TB វិញអាចនឹងមានតម្លៃជាង US$2,000៕
ប្រភព: Notebookcheck