ទីបំផុតយានបេសកកម្ម Artemis I បានត្រលប់ មកដល់ផែនដីវិញហើយ បន្ទាប់ពីបានហោះជុំវិញព្រះចន្ទ - TrueID

ទីបំផុតយានបេសកកម្ម Artemis I បានត្រលប់ មកដល់ផែនដីវិញហើយ បន្ទាប់ពីបានហោះជុំវិញព្រះចន្ទ

December 12, 2022

អាមេរិក៖ បេសកកម្ម Artemis I ដែលជាការហោះហើរសាកល្បងមិនទាន់ដាក់មនុស្សឲ្យទៅជាមួយរយៈពេល២៥ថ្ងៃកន្លះ ជុំវិញព្រះចន្ទគឺដើម្បីត្រួសត្រាយផ្លូវសម្រាប់បេសកកម្មរបស់អវកាសយានិកនាពេលអនាគត។ ឥឡូវវាបានមកដល់ទីបញ្ចប់ហើយ ខណៈពេលយាន Orion របស់ទីភ្នាក់ងារអវកាសអាមេរិកNASA បានធ្វើការទម្លាក់ខ្លួន​ ចូលទៅក្នុងមហាសមុទ្រដោយជោគជ័យកាលពីថ្ងៃអាទិត្យ (ត្រូវនឹងថ្ងៃចន្ទ នៅកម្ពុជា)។

យានអវកាសនេះបានបញ្ចប់ដំណើរចុងក្រោយរបស់វាចូលមកកាន់បរិយាកាសខាងក្នុងរបស់ផែនដី បន្ទាប់ពីបានធ្វើដំណើរចម្ងាយ៣៨៥,០០០គីឡូម៉ែត្រ រវាងព្រះចន្ទនិងផែនដី។ វាបានចុះមកនៅវេលាម៉ោង 12:40 p.m.ET ថ្ងៃអាទិត្យ (ត្រូវនឹងម៉ោង ១២:៤០កណ្ដាលអធ្រាត្រឆ្លងចូលថ្ងៃចន្ទ នៅកម្ពុជា) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ បន្ទាប់មកយានខេបសុលនេះបានចំណាយពេល៦ម៉ោង នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដោយ NASA កំពុងប្រមូលទិន្នន័យបន្ថែម និងដំណើរការធ្វើតេស្ដមួយចំនួនមុនពេលក្រុមសង្គ្រោះចូលមកផ្លាស់ទីវា។

ដំណើរការនោះដូចគ្នានឹងបេសកកម្មផ្សេងទៀតដែរដោយមានគោលបំណងធានាឲ្យយានអវកាស Orion ត្រៀមខ្លួនរួចជាស្រេចដើម្បីហោះហើរជាមួយអវកាសយានិក។ យានខេបសុលនេះត្រូវបានគេរំពឹងថា នឹងចំណាយពេលតិចជាងនេះនៅក្នុងទឹក កំឡុងពេលបេសកកម្មដឹកមនុស្ស ប្រហែលជាតិចជាងពីរម៉ោងនេះបើយោងតាមលោកស្រី Melissa Jones ដែលជាប្រធានផ្នែកសង្គ្រោះសម្រាប់បេសកកម្មនេះ៕

រូបភាពពី NASA
រូបភាពពី NASA
ការចុះមកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
ការចុះមកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក

ប្រភព: CNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...