ឥណ្ឌា៖ ប្រទេសឥណ្ឌាបានផ្អាកសេវាកម្មអ៊ីនធឺណេតតាមទូរសព្ទចល័តនៅក្នុងតំបន់ចំនួនបីជុំវិញរដ្ឋធានីដេលី ដែលកសិករកំពុងធ្វើកូដកម្មបង្អត់អាហារដើម្បីតវ៉ានឹងច្បាប់កសិកម្មថ្មី។ រដ្ឋាភិបាលបាននិយាយថាការបិទនឹងបន្តរហូតដល់យប់ថ្ងៃអាទិត្យ ដើម្បីរក្សាសុវត្ថិភាពសាធារណៈ។
កសិករតវ៉ារាប់ម៉ឺននាក់បានបោះតង់នៅជាយទីក្រុង អស់រយៈពេលជាងមួយខែមកហើយ។ការជជែករវាងសហជីពនិងរដ្ឋភិបាលបានបរាជ័យ ក្នុងការបំបែកភាពជាប់គាំងមួយនេះ។ការតវ៉ាបានជាប់នៅលើចំណងជើងព័ត៌មានអន្តរជាតិ កាលពីថ្ងៃអង្គារនៅពេលមានការប្រមូលផ្ដុំក្បួនត្រាក់ទ័រ បានឈានមកដល់ការប៉ះទង្គិចគ្នាបែបហិង្សាដែលបណ្ដាលឲ្យអ្នកតវ៉ាម្នាក់ស្លាប់និងប៉ូលិសរាប់សិបនាក់រងរបួស។បាតុករខ្លះបានសម្រុកចូលបន្ទាយក្រហមជាប្រវត្តិសាស្ត្ររបស់ក្រុងដេលីហើយបានស្ថិតនៅទីនោះរហូតដល់ប៉ូលិសរុញច្រានពួកគេមកវិញ។
កាលពីថ្ងៃសៅរ៍ក្រសួងមហាផ្ទៃបាននិយាយថា សេវាកម្មអ៊ីនធឺណេតតាមទូរសព្ទចល័តត្រូវបានផ្អាក នៅតំបន់ Singhu, Ghazipur និង Tikriដែលជាកន្លែងដែលកសិករជួបជុំគ្នា រហូតដល់ម៉ោង២៣:០០នៅថ្ងៃអាទិត្យ។ មេដឹកនាំកសិករបាននិយាយថា ការធ្វើកូដកម្មបង្អត់អាហាររយៈពេលមួយថ្ងៃនៅថ្ងៃសៅរ៍ត្រូវបានកំណត់ពេលវេលាស្របគ្នានឹងខួបរមណភាពរបស់មេដឹកនាំឯករាជ្យ មហាត្មៈគន្ធី។
សារព័ត៌មានរ៉យទ័របានរាយការណ៍ថាក្រុមអ្នកតវ៉ាខ្លួនឯងបានប្រតិកម្មដោយកំហឹង ចំពោះការបិទអ៊ីនធឺណេត។សកម្មភាពរបស់រដ្ឋាភិបាលកើតឡើងចំពេលមានការកើនឡើងភាពតានតឹងនៅទីតាំងមូលដ្ឋានរបស់ក្រុមកសិករ៕