បរទេស៖ ស្មាតហ្វូនកំពូល Android ចុងក្រោយរបស់Motorola ត្រូវបានគេគ្រោងនឹងចេញជាទូរសព្ទ Moto X30 Pro ដូច្នេះដើម្បីសម្គាល់វាឲ្យខុសពី Edge X30 ដែលមានស្រាប់។ទោះជាយ៉ាងណាក៏ដោយ ប្រេននេះមិនទាន់បានបញ្ជាក់ណាមួយច្បាស់លាស់នៅឡើយទេរហូតមកដល់ពេលនេះ។ X30 Pro ត្រូវបានគេរំពឹងជាយូរមកហើយថានឹងបំពាក់ឈីប Snapdragon 8 Plus Gen 1(ឬ 8+ Gen 1) ជំនាន់ដំបូងរបស់ Motorola។
ឥឡូវនេះ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Motorola China គឺលោក Chen Jin បានចេញមកបញ្ជាក់ពីករណីនេះ។អ្នកចាត់ចែងការរូបនេះអះអាងពីពិន្ទុវាយតម្លៃផ្លូវការពី AnTuTu សម្រាប់ Moto X30 Pro។តែគួរឲ្យស្ដាយ ទំព័រលទ្ធផលនេះមិនមានបង្ហាញពីពិន្ទុ CPU, GPU និង UX នីមួយៗទេដោយបានកាត់និងបង្ហាញត្រឹមតែពិន្ទុសរុបជារួមប៉ុណ្ណោះ។ យ៉ាងណាមិញ វាក៏អាចមានផ្ទុកនូវព័ត៌មានល្អសម្រាប់ហ្វេនៗរបស់ Motorola ដែរ។
នៅចំនួនពិន្ទុសរុបមិនតិចជាង 1,114,761នេះ វាស្ទើរតែប្រហាក់ប្រហែលគ្នានឹងពិន្ទុបច្ចុប្បន្នរបស់ទូរសព្ទ Xiaomi 12S Pro។ ដូច្នេះ វាជាគឺជាសញ្ញាដ៏ល្អបំផុតមួយដែលទូរសព្ទទាំងពីរពិតជាប្រើឈីប 8+ Gen 1។ លើសពីនេះវាហាក់ដូចជាប្រភេទទូរសព្ទនេះមានល្បឿនសាកថ្មលឿនផងដែរដែលត្រូវគ្នានឹងដំណើរការរបស់វា។ រូបថត screenshot ថ្មីរបស់លោកChen Jin ក៏បង្ហាញថា វាមានលេខម៉ូឌែល Pro ដែលជា XT2241-1 ដែលត្រូវបានគេប្រទះឃើញចុងក្រោយចុះឈ្មោះជាស្មាតហ្វូន 125W។ គេក៏សង្ឃឹមថាវាក៏ជាស្មាតហ្វូនមានទំហំកាមេរ៉ា 200MP មុនគេលើលោកផងដែរ៕
ប្រភព: Notebookcheck