បរទេស៖ ក្នុងរយៈពេលពីរសប្ដាហ៍ទៀត ទីភ្នាក់ងារអវកាស NASA នឹងបើកសករាជថ្មីសម្រាប់ប្រព័ន្ធព្រះអាទិត្យ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះកើតឡើងដោយសារបេសកកម្ម DoubleAsteroid Redirection Test (DART) ដែលបាញ់បង្ហោះកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន។ នៅថ្ងៃទី២៦ ខែកញ្ញានេះបេសកកម្ម DART នឹងទៅបំបុករុញអាចម៍ផ្កាយតូចមួយ ដែលជាករណីដ៏កម្រ។បេសកកម្មនេះស្ថិតនៅក្នុងការការពារដែនភព ដែលជាកិច្ចប្រឹងប្រែងការពារផែនដីពីផលប៉ះពាល់ពីអាចម៍ផ្កាយ ដែលអាចកើតមាន។
អ្នកវិទ្យាសាស្ត្រសង្ឃឹមថាប្រសិនបើអាចម៍ផ្កាយដ៏គ្រោះថ្នាក់ គំរាមកំហែងដល់ភពផែនដីនាពេលអនាគត បេសកកម្មដូចជា DARTនេះ អាចបញ្ចៀសគ្រោះមហន្តរាយបាន។ ស៊េរីនៃបេសកកម្មថ្មីដែលគេបានដាក់គឺពិតជាជួយយើងឲ្យយល់ និងកំណត់ទំហំនៃការគំរាមកំហែងទាំងនោះតាមរបៀបដែលមិនធ្លាប់មានពីមុនមក។ DART គឺជាបេសកកម្មដំបូងគេដើម្បីព្យាយាមរុញអង្គអវកាសមួយ ឲ្យចេញពីគន្លងផ្លូវ ក្នុងការពិសោធន៍ដោយផ្ទាល់។ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណនិងគូសផែនទីគន្លងនៃអាចម៍ផ្កាយ៣០,០០០ ជុំវិញផែនដី ក្នុងប្រព័ន្ធព្រះអាទិត្យ។
ឧបមាថាអ្នកវិទ្យាសាស្ត្រចាប់បានថា អាចម៍ផ្កាយមួយស្ថិតនៅលើផ្លូវ បុកជាមួយផែនដីនោះយានមួយអាចទៅតម្រឹមគន្លងនៃថ្មអវកាសឡើងវិញ ដោយធានាថាវាឆ្លងកាត់គន្លងរបស់ផែនដីនៅពេលភពរបស់យើងស្ថិតនៅឆ្ងាយពីវា ដោយសុវត្ថិភាព។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនចង់ធ្វើការដោយសារតែពាក្យថា ឧបមានោះទេ។ នោះជាអ្វីដែលបេសកកម្ម DART ត្រូវចូលមក។
យានអវកាសនឹងហោះទៅបំបុកអាចម៍ផ្កាយដ៏តូចមួយហៅថា Dimorphosដែលវាកំពុងធ្វើដំណើរជុំវិញអាចម៍ផ្កាយធំមួយទៀត ដែលគេហៅថា Didymos រៀងរាល់១១ម៉ោងនិង៥៥នាទី។ ឥទ្ធិពលយានបេសកកម្ម DART គួរតែកែតម្រូវគន្លងរបស់កូនអាចម៍ផ្កាយ Dimorphosដោយកាត់រយៈពេលធ្វើដំណើរជុំវិញរបស់វា ប្រហែល១០នាទី។អ្នកវិទ្យាសាស្ត្រនៅលើផែនដីនឹងចំណាយពេលប៉ុន្មានសប្ដាហ៍ បន្ទាប់ពីផលប៉ះពាល់ដើម្បីវាស់ស្ទង់ការផ្លាស់ប្ដូរជាក់ស្ដែង ក្នុងគន្លងរបស់កូនអាចម៍ផ្កាយនេះជាមួយនឹងការព្យាករណ៍របស់ពួកគាត់។ការងារនេះនឹងកែលម្អការយល់ដឹងរបស់អ្នកវិទ្យាសាស្ត្រ អំពីរបៀបដែលអាចម៍ផ្កាយឆ្លើយតបទៅនឹងផលប៉ះពាល់និងជួយសម្រួលបេសកកម្មនាពេលអនាគត ចំពោះទំហំចាំបាច់នៃការផ្លាស់ប្ដូរគន្លង៕
ប្រភព: Space.com