រកឃើញផូស៊ីលសត្វកន្ធាយ សម័យដាយណូស័រ មានទំហំប៉ុនឡានមួយ - TrueID

រកឃើញផូស៊ីលសត្វកន្ធាយ សម័យដាយណូស័រ មានទំហំប៉ុនឡានមួយ

November 20, 2022

បរទេស៖ ក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ អំពីបំណែកដែលត្រូវបានរកឃើញនៅភាគឦសាននៃប្រទេសអេស្ប៉ាញនៃកន្ធាយមួយឈ្មោះថា Leviathanochelys aenigmatica ដែលមានប្រវែងប្រហែល៣.៧ម៉ែត្រមានទម្ងន់ក្រោម២តោនបន្តិច និងធ្លាប់រស់នៅក្នុងយុគ Cretaceous Period ៨៣លានឆ្នាំមុន ដែលជាជំពូកចុងក្រោយនៃសម័យពពួកដាយណូស័រ។ វាពិតជាធំជាងសត្វកន្ធាយនាពេលបច្ចុប្បន្នដែលមានប្រវែង២ម៉ែត្រ។

កន្ធាយ Leviathanochelysនេះស្ទើរតែធំដូចនឹងកន្ធាយ Archelon ដ៏ធំបំផុតក្នុងកំណត់ត្រាដែលរស់នៅប្រហែល៧០លានឆ្នាំមុន ហើយមានប្រវែងរហូតដល់៤.៦ម៉ែត្រ។ Leviathanochelys មានទំហំគ្រាន់បើ ធៀបទៅនឹងឡាន Mini Cooper មួយ ហើយ Archelon វិញមានទំហំប៉ុនរថយន្ត Toyota Corolla។កន្ធាយធំៗផ្សេងទៀតពីអតីតកាលរបស់ផែនដី រួមមាន Protostega និងStupendemys ដែលទាំងពីរមានប្រវែងឈានដល់៤ម៉ែត្រ។ Protostega គឺជាកន្ធាយសមុទ្រសម័យ Cretaceous ដែលរស់នៅប្រហែល៨៥លានឆ្នាំមុន។ចំណែកឯកន្ធាយ Stupendemys ធ្លាប់ហែលនៅក្នុងបឹងនិងទន្លេនៃភាគខាងជើងរបស់ទ្វីបអាមេរិកខាងត្បូងប្រហែល៧-១៣លានឆ្នាំមុន ក្នុងអំឡុងសម័យ Miocene Epoch។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញបំណែកកន្ធាយ Leviathanochelys នៅជិតភូមិ Coll de Nargó ក្នុងតំបន់ Catalonia បន្ទាប់ពីផូស៊ីលនេះផុសចេញពីដី ដែលត្រូវបានប្រទះឃើញដោយអ្នកដើរលេងនៅភ្នំ SouthernPyrenees។ រហូតមកដល់ពេលនេះ ពួកគាត់បានរកឃើញផ្នែកខាងក្រោយនៃស្នូកនិងភាគច្រើននៃអាងត្រគាក ប៉ុន្តែមិនឃើញមានលលាដ៍ក្បាល កន្ទុយ ឬអវយវៈទេ។ផូស៊ីលទាំងនេះបង្ហាញថា វាមានស្នូករលោងដែលមានប្រវែងបណ្ដោយ២.៣៥ម៉ែត្រនិងទទឹង២.២ម៉ែត្រ៕

គំនូរតំណាងសត្វកន្ធាយសមុទ្រ Leviathanochelys aenigmatica កាលពី៨៣លានឆ្នាំមុន
គំនូរតំណាងសត្វកន្ធាយសមុទ្រ Leviathanochelys aenigmatica កាលពី៨៣លានឆ្នាំមុន

ប្រភព: Reuters

ទាក់ទងជាមួយ:
វិទ្យាសាស្រ្ត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...