បរទេស៖ ក្រុមហ៊ុន Samsung កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍន៍កាមេរ៉ា ទំហំ200MP សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនGalaxy S23 Ultra ជំនាន់ក្រោយរបស់ខ្លួនដែលត្រូវបានគេរំពឹងថា នឹងប្រកាសនៅដើមឆ្នាំ2023 នេះបើយោងតាមសារព័ត៌មានETNews របស់ប្រទេសកូរ៉េខាងត្បូង។ តាមការប្រៀបធៀប iPhone13 Pro មានកាមេរ៉ាគោលទំហំ12MP ប៉ុន្តែ iPhone14 Pro មានពាក្យចចាមអារ៉ាមថា នឹងមានការអាប់ដេតឡើងទៅកាន់ទំហំ48MP។
ដូច Galaxy S22 Ultraដែលមានកាមេរ៉ាគោលទំហំ108MP ទូរសព្ទ S23 Ultra ទំនងជានឹងប្រើ pixel binning ដែលបញ្ចូលទិន្នន័យពីភិចសែលតូចៗជាច្រើននៅលើសេនស័ររូបភាពរបស់កាមេរ៉ា ទៅជា "super pixel" មួយ។Pixel Binning មានអត្ថប្រយោជន៍ ដោយសារការបង្កើនទំហំមេហ្គាភិចសែលរបស់កាមេរ៉ាស្មាតហ្វូនខណៈពេលរក្សាលទ្ធផលទំហំសេនស័ររូបភាពដូចគ្នា ក្នុងភិចសែលតូចជាងមុនដែលជាទូទៅចាប់យកពន្លឺតិច។
នៅលើ Galaxy S22 Ultra កាមេរ៉ាគោលថតរូបភាពទំហំ12MPតាមលំនាំដើម ជាមួយនឹងការបើកបិទនៅក្នុងកម្មវិធីកាមេរ៉ាសម្រាប់ការថតរូបទំហំ 108MP។ ការកំណត់លំនាំដើមគឺល្អសម្រាប់អ្នកប្រើប្រាស់ភាគច្រើន ដោយសាររូបថតដែលមានគុណភាពខ្ពស់អាចមានទំហំឯកសារធំណាស់៕
ប្រភព: MacRumors