អេហ្ស៊ីប៖ កំណប់ទ្រព្យវត្ថុបុរាណរួមមានសេរ៉ាមិចក្រិក និងកន្ត្រកធ្វើពីឈើអាយុកាល២,៤០០ឆ្នាំត្រូវបានរកឃើញនៅឯទីក្រុងលិចទឹកបុរាណ Thonis-Heracleion។ ទីក្រុង Thonis-Heracleion គឺជាកំពង់ផែមេឌីទែរ៉ាណេដ៏ធំបំផុតរបស់អេហ្ស៊ីប មុនពេលសេ្ដចAlexander the Great បង្កើតទីក្រុង Alexandria នៅឆ្នាំ៣៣១មុនគ.ស.។
ក្រុមការងារមួយមកពីវិទ្យាស្ថាន European Institute for Underwater Archaeology (IEASM) ដឹកនាំដោយបុរាណវិទូសមុទ្របារាំង ឈ្មោះ Franck Goddio បានសិក្សាតំបន់នេះអស់ជាច្រើនឆ្នាំមកហើយ។ IEASM បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីខែមុនថា បេសកកម្មឆ្នាំ២០២១របស់ពួកគាត់ដែលធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍និងវត្ថុបុរាណអេហ្ស៊ីបបានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍បំផុត នៅតំបន់ទីក្រុងលិចទឹក Thonis-Heracleion។
នៅតាមច្រកចូលភាគឦសាន្តនៃទីក្រុងលិចទឹក ក្រុមការងារក៏បានរកឃើញដំបូកបុរាណដ៏ធំមួយដែលជាតំបន់បញ្ចុះសពបុរាណរបស់ក្រិក។ IEASM បាននិយាយថា ដំបូកបញ្ចុះសពបុរាណនេះមានបណ្ដោយ៦០ម៉ែត្រនិងទទឹង៨ម៉ែត្រ ហើយមើលទៅដូចជាកោះមួយ ដែលព័ទ្ធជុំវិញដោយផ្លូវទឹក។
ក្រុមការងារបានរកឃើញសំណែន រួមមានសេរ៉ាមិចក្រិកដ៏ប្រណិតដែលនាំចូល ហើយបុរាណវិទូបានរកឃើញកន្ត្រកឈើដែលនៅតែពោរពេញដោយគ្រាប់ផ្លែទំពាំងបាយជូរ និងផ្លែ doum ដែលជាផ្លែឈើនៃដើមត្នោតអាហ្វ្រិកដែលជារឿយៗត្រូវបានគេរកឃើញនៅក្នុងផ្នូរ។ វត្ថុទាំងអស់នេះបានស្ថិតនៅក្រោមទឹកដែលមិនទាន់ត្រូវបានប៉ះពាល់រយៈពេល២,៤០០ឆ្នាំដោយសារប្រហែលជាពួកវាត្រូវបានទុកដាក់នៅក្នុងបន្ទប់ក្រោមដីឬក៏ជាសំណែនបន្ទាប់ពីត្រូវបានបញ្ចុះសព៕
ប្រភព: CNN