បរទេស៖ ពាក្យចចាមអារ៉ាមអំពីឧបករណ៍អេក្រង់បត់ Pixel របស់ Google បានលេចធ្លាយមួយរយៈនេះ។ប៉ុន្តែក្រុមហ៊ុនកំពុងបង្ហាញពីភាពប្រសើរឡើង សម្រាប់ទូរសព្ទអេក្រង់បត់នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 12L ដែលបានផ្ដល់តម្រុយពីការមកដល់របស់Pixel Fold។
ពាក្យចចាមអារ៉ាមកាលពីចុងឆ្នាំមុន ក៏បានអះអាងផងដែរថាទូរសព្ទអេក្រង់បត់មួយនេះអាចនឹងមកដល់នៅក្នុងឆ្នាំ2022 ជាមួយនឹងការដំឡើងកាមេរ៉ាស្ទើរជាងសេរ៊ីPixel 6។ ប្រព័ន្ធប្រតិបត្តិការ Android 12L beta ចុងក្រោយឥឡូវនេះ អាចបង្ហាញពីការរចនានិងបញ្ជាក់ថាឧបករណ៍នេះនឹងប្រើបន្ទះឈីប GS101 Tensorដែលបច្ចុប្បន្នកំពុងមាននៅក្នុងសេរ៊ី Pixel 6។
រូបភាពមានចលនាថ្មីដែលត្រូវបានគេឃើញមាននៅក្នុងកំណែ beta នេះគឺសំដៅទៅលើកូដឈ្មោះ "Pipit" របស់ Pixel Fold និងបង្ហាញពីរបៀបបញ្ចូលស៊ីមកាតឬប្រើ eSIM កំឡុងពេលការដំឡើងរៀបចំទូរសព្ទថ្មីដំបូង។រូបភាពចលនាមួយបានបង្ហាញពីឧបករណ៍ ក្នុងស្ថានភាពបត់របស់វាជាមួយនឹងគន្លឹះត្រចៀកនៅខាងឆ្វេង ប៊ូតុងសំឡេងនៅខាងស្ដាំហើយរន្ធដាក់ស៊ីមស្ថិតនៅផ្នែកខាងក្រោម។
រូបភាពចលនាមួយទៀតបានបង្ហាញពីដំណើរការបញ្ចូលស៊ីមដូចគ្នា ប៉ុន្តែជាមួយនឹងអេក្រង់លាតចេញ។ ដោយយោងទៅតាមរូបរាងរបស់ឧបករណ៍នៅក្នុងរូបភាពចលនាទាំងនេះក្រុមការងាររបស់គេហទំព័រ 9to5Googleបានប៉ាន់ស្មានថា អេក្រង់ខាងក្នុងរបស់ទូរសព្ទអេក្រង់បត់ Google អាចនឹងប្រើខ្នាត 7:8។ នេះមានន័យថាវាអាចនឹងប្រើការរចនាខុសគ្នាពី Samsung Galaxy Z Fold3 ដែលប្រើខ្នាត 22.5:18 ខ្ពស់ជាង។វាអាចនឹងមានភាពស្រដៀងគ្នា ទៅនឹង Oppo Find N ដែលប្រើខ្នាត 8.4:9។
ព័ត៌មានទាំងអស់នេះគឺផ្អែកលើកំណែ beta របស់ Android12L ដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍ ដូច្នេះមានផ្នែកជាច្រើនដែលអាចផ្លាស់ប្ដូរបាន។យ៉ាងណាក៏ដោយ រូបភាពមានចលនាទាំងនេះបានបន្ថែមភាពជឿជាក់ ដល់ពាក្យចចាមអារ៉ាមដែលថា Googleកំពុងធ្វើការលើទូរសព្ទអេក្រង់បត់ Pixel Fold ដែលអាចបង្ហាញខ្លួននៅក្នុងឆ្នាំនេះ៕
ប្រភព: Android Police